ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរប្លន់ ដឹកនាំដោយប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍានាសាប៊ុង ហៅ វីល្លៀម គ័ង សរុបចំនួន ៤នាក់ មានស្ត្រីម្នាក់ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ នៅព្រលប់ថ្ងៃទី២៤ធ្នូ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានផ្សព្វផ្សាយនូវចម្លើយសារភាពរបស់ វីល្លៀម គ័ង និងសកម្មភាពប្លន់ក្នុងផ្ទះវីឡារបស់ឧកញ៉ា លក់ឡេអនឡាញ អ៊ាន សៀវម៉ី។
ក្នុងចម្លើយសារភាព លោក សុខសុវណ្ណ វឌ្ឍានាសាប៊ុង ហៅ វីល្លៀម គ័ង និយាយដោយមិនតក់ស្លុតថា ក្រុមចោរប្លន់ ដែលលោកដឹកនាំ ទៅប្លន់ផ្ទះឧកញ៉ាឡេ អ៊ាន សៀវម៉ី គឺជិះឡានលុចស៊ីស មិនមានស្លាកលេខ ដោយមិនញញើតសន្តិសុខ ដែលយាមផ្ទះ សន្តិសុខយាមបុរី និងមិនខ្លាចប៉ូលិសចាប់ឡានតាមផ្លូវឡើយ។ មុនចូលប្លន់ គឺក្រុមលោក វីល្លៀម បានជិះឡានដើរលេង និងក្រឡឹងបុរីនោះ ជាច្រើនម៉ោង។
លោក សុខសុវណ្ណ វឌ្ឍានាសាប៊ុង ហៅ វីល្លៀម គ័ង ប្រធានគណបក្សខ្មែរក្រោក លើកឡើងថា ឯកសណ្ឋានប៉ូលិស គឺកូនចៅរបស់គេ ទិញនៅផ្សារទឹកថ្លា ក្នុងរាជធានីភ្នំពេញ។ តែចំពោះកាំភ្លើង ដែលប្រើប្រាស់ក្នុងពេលប្លន់ ហើយប៉េអឹមដកហូតនោះ មិនត្រូវបានប៉េអឹម ទម្លាយឲ្យដឹងក្នុងខ្លីបវិដេអូនៃចម្លើយសារភាពនោះទេ។
នៅពេលសួរចម្លើយ វីល្លៀម គ័ង មុនដំបូងប្រកែកថា មិនដែលប្លន់ តែដោយសារតែប៉េអឹមស៊ើបដឹង ក៏ឆ្លើយសារភាពថា លោកធ្លាប់ដឹកនាំកូនចៅ ចេញប្លន់ម្តង មិនបានសម្រេច នៅខេត្តកំពង់ស្ពឺ គឺប្លន់អ្នកមាន ដែលពូកែអួតសំញ៉ែងទ្រព្យសម្បត្តិ។
វីល្លៀម គ័ង ដែលមានសាក់រូបពេញខ្លួន បញ្ជាក់ថា លោកដឹកនាំក្រុមចោរប្លន់ ចូលប្លន់ផ្ទះឧកញ៉ាលក់ឡេអនឡាញ អ៊ាន សៀវម៉ី ទាំងព្រឹក ដោយមិនញញើត អ្នកជិតខាងនេះ គឺលោកដឹងថា ខ្មែរ មិនចេះជួយគ្នាទេ។ ភាគច្រើន យកតែមួយរួចៗខ្លួនទេ។ នេះជាមេរៀនមួយ ទៅថ្ងៃក្រោយឲ្យខ្មែរចេះជួយគ្នា។
ក្រោយប្លន់រួច វីល្លៀម គ័ង អះអាងថា រូបគេ ដឹងខ្លួនថា មានប៉េអឹម ទៅឃ្លាំមើលនៅផ្ទះរបស់ខ្លួនដែរ។ តែរូបគេ និងបក្ខពួក មិនរស់ទៅណាឡើយ។
ចំពោះការជិះឡានអត់ស្លាកលេខ ចេញប្លន់ មានទាំងកាំភ្លើងគ្រប់ដៃ ក្នុងចំណោមគ្នាទាំង ៥នាក់នោះ គឺវីល្លៀម គ័ង អះអាងថា រូបគេដឹងថា នៅថ្ងៃអាទិត្យ ប៉ូលិសខ្ជិល ហើយមិនឆែកឆេរ ហៅឃាត់ឡានរបស់គេទេ។
ប្រធានគណបក្សខ្មែរក្រោក ដែលធ្លាប់ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ លោក វីល្លៀម គ័ង ដែលពេលនេះ ក្លាយជាមេខ្លោងចោរប្លន់ បានឆ្លើយប្រាប់ប៉េអឹមដោយមិនញញើតថា ក្រុមគេទៅរំភើយ មកក៏រំភើយ ដោយគ្មានខ្លាចក្រែង ហើយក៏មិនមានប៉ូលិស ឬសន្តិសុខណា ហៅឃាត់សួរនាំឡើយ។
យ៉ាងណាក៏ដោយ វីល្លៀម គ័ង អះអាងថា ខ្លួនជាចោរចិត្តជា តែមិនមានអ្វីទាល់តែសោះ។ ផ្ទះវីឡាស្កឹមស្កៃ គឺជួលគេ។ រីឯឡាន បង់រំលោះ។ ក្រៅពីធ្វើនយោបាយ គឺមិនមានចំណូលអ្វីផ្សេងទៀតទេ។ ក្រុមហ៊ុន ក្ស័យធន់ ហើយកូនចៅ ក៏ដាច់បាយដែរ។ នៅពេលចេញប្លន់នេះ គឺពួកគេ មិនយកលុយទេ។ ប្រមូលយកពេជ្រ ហើយក៏បានយកពេជ្រនោះ ទៅឲ្យប្អូនរបស់គេ។
វីល្លៀម គ័ង បានលើកឡើងក្នុងវិដេអូ ដែលប៉េអឹមថតចម្លើយសារភាពថា «ការប្លន់នេះ ជាការព្រមានទៅកាន់អ្នកមាន កុំឲ្យអួតពេក»។
យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២៤ ខៃធ្នូនេះ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរប្លន់ផ្ទះឧកញ៉ា អ្នកលក់ឡេ អ៊ាន សៀវម៉ី ចំនួន ៤នាក់ មានប្រុស ៣នាក់ និងស្រីម្នាក់។ ក្នុងនោះ មានមេខ្លោង ឈ្មោះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង ជាប្រធានគណបក្សខ្មែរក្រោក ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
កាលពីព្រឹកថ្ងៃសុក្រ ទី២៤ ខែធ្នូនេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជូនក្រុមជនសង្ស័យ ចំនួន ២នាក់ ក្នុងនោះ មានស្ត្រីម្នាក់ ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ។ បុរសស្ត្រីទាំង ២នាក់នោះ ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងយករថយន្ត ជាវត្ថុតាង ទៅដុតបំផ្លាញចោល ដើម្បីបំផ្លាញភស្ថុតាង ក្នុងអំពើប្លន់ ដឹកនាំលោក វីល្លៀម គ័ង។
សូមរម្លឹកថា ក្រុមចោរប្លន់ប្រដាប់អាវុធ បានបន្លំធ្វើជាសមត្ថកិច្ច ចុះអនុវត្តដីការបស់តុលាការ បានចូលប្លន់ នៅផ្ទះឧកញ៉ា ដែលជាអ្នកជំនួញលក់ឡេតាមអនឡាញដ៏ល្បី ឈ្មោះ អ៊ាន សៀវមី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ នៅក្នុងផ្ទះវីឡា ក្នុងបុរី Moon Town ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ករណីប្លន់នោះ ប៉ូលិស ប្រកាសថា បាត់តែខ្សែកពេជ្រចំនួន ៣ខ្សែ រីឯជនរងគ្រោះ មិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្រុមប៉េអឹមរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រុកចូលភូមិគ្រឹះរបស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វីល្លៀម គ័ង ដែលជាមេខ្លោងក្រុមចោរប្លន់នោះ នៅក្នុងបុរី ប៉េង ហួត តាមផ្លូវ ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ។ ប៉េអឹម ចាប់ឃាត់ក្រុមបក្សពួកចោរប្លន់ រួមទាំងប្រធានគណបក្សខ្មែរក្រោក វីល្លៀម គ័ង បានសរុបចំនួន ១២នាក់ និងដកហូតកាំភ្លើង រួមទាំងគ្រឿងអលង្ការពេជ្ររបស់ជនរងគ្រោះផងដែរ៕






ចែករំលែកព័តមាននេះ