ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ដែលអង្គុយលើរទេះដោយពិការជើងទាំង២ ព្រមទាំងប្រពន្ធបង្ហូរទឹកភ្នែកមើលទៅគួរឲ្យសង្វេគណាស់ ហើយគ្រួសារយោធិនសោធននិវត្តន៍ដ៏កំសត់មួយនេះ បានត្អូញត្អែរថា ពិបាករស់ ព្រោះកាតបើកប្រាក់ខែដាក់បញ្ចាំគេ ឯប្លង់ដីក៏បញ្ចាំធនាគារ ដើម្បីមើលជំងឺបុរសជាមេគ្រួសារ និងត្រូវចិញ្ចឹមចៅ ព្រមទាំងកូនកំព្រារហូត៥នាក់ ក្នុងបន្ទុកទៀត។
គ្រួសារខាងលើ ដែលមានបុរសជាប្តីឈ្មោះ ហេង វុធ អាយុ៦៣ឆ្នាំ និងមានប្រពន្ធឈ្មោះ ឆាយ គីម អាយុ៦៤ឆ្នាំ មានទីលំនៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំនិងស្រុកស្វាយចេក។
![Picture]()
បើតាមបុរសជាជនពិការរូបនេះ បានប្រាប់ថា គាត់ជាអតីតយោធាទ័ពព្រៃ (ប៉ារ៉ា) តាំងពីឆ្នាំ១៩៧៩ ប៉ុន្តែក្នុងឆ្នាំ១៩៨៤ គាត់បានចូលសារភាពនៅឃុំម្កាក់ អតីតស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង ដែលបច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ និងក្រោយមកបានបំរើការងារជាយោធាដដែលនៅផ្នែកកងអន្តរាគមន៍យោធាវរ៥១៣ នៃកងពលតូចថ្មើជើងលេខ៥១ ដែលមានឋានន្តរសក្តិអនុសេនីយ៍ត្រី។
គាត់បន្តទៀតថា លុះពេលសម័យសង្គ្រាមរវាងកម្ពុជានិងថៃ ក្នុងជម្លោះប្រាសាទព្រះវិហារនាឆ្នាំ២០០៨នោះ គាត់បានជួបគ្រោះអកុសលដោយដើរប៉ះខ្សែមីន៦៩ បណ្តាលឲ្យផ្ទុះ ប៉ុន្តែមិនដាច់ជើងទេ ត្រឹមរបួសភ្លៅខាងឆ្វេងប៉ុណ្ណោះ ខណៈពេលដែលចុះបេសកកម្មនៅបន្ទាត់ព្រំដែក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
![Picture]()
គាត់បន្តថា ដោយសារមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ គាត់ក៏ត្រូវកាត់ជើងចំនួន៥ដង ដោយលើកទី១ កាត់ជើងខាងឆ្វេងត្រឹមប្រអប់ជើង, លើកទី២ កាត់ស្មងជើង, លើកទី៣ កាត់ភ្លៅ។ លុះជំងឺរបស់គាត់នៅតែមិនជាសះស្បើយទៀត គាត់ក៏ត្រូវគេកាត់ជើងខាងស្តាំ២លើកទៀត ដោយលើកទី១ កាត់ស្មងជើង និងលើកទី២ កាត់ភ្លៅ ទើបបានជាដល់បច្ចុប្បន្ននេះ។ ដ្បិតតែ គាត់ត្រូវបានកាត់រំសាយជាយោធិនសោធននិវត្តន៍ ប៉ុន្តែគាត់ទទួលបានរបបដីពីរាជរដ្ឋាភិបាល១ឡូតិ៍ ទំហំ១០០ម៉ែត្រគុណ១៥០ម៉ែត្រ និងប្រាក់របបសោធិននិវត្តន៍ ១ខែ២លាននិង២០ម៉ឺនរៀល។
![Picture]()
ចំណែកស្ត្រីជាប្រពន្ធ ក៏បានរៀបរាប់ទាំងសម្រក់ទឹកភ្នែកដែរថា ដោយសារប្តីរបស់គាត់ជួបគ្រោះអកុសលជាបន្តបន្ទាប់ ដូចបានរៀបរាប់ខាងលើនេះ ទើបកន្លងមក គាត់ត្រូវបង្ខំចិត្តយករបបយោធិនសោធននិវត្តន៍ ដែលជាអាយុជីវិតរបស់គ្រួសារទៅដាក់បញ្ចាំគេចំនួន២ម៉ឺនដុល្លាររយៈពេល៥ឆ្នាំ ទើបបានរបបប្រាក់ខែនោះមកវិញ។
![Picture]()
មិនតែប៉ុណ្ណោះ គ្រួសារកំសត់ខាងលើនេះ ក៏បានបន្តទៀតថា សូម្បីតែប្លង់ដីកន្លែងរស់នៅបច្ចុប្បន្ននេះ ក៏យកទៅដាក់បញ្ចាំធនាគារបានលុយចំនួន១ម៉ឺនដុល្លារបន្ថែមទៀតដើម្បីយកប្រាក់មើលថែប្តីដែលត្រូវវះកាត់ជើងម្តងហើយម្តងទៀត និងត្រូវចិញ្ចឹមកូនកំព្រាប្រុសអាយុ១៤ឆ្នាំម្នាក់ ព្រមទាំងចៅប្រុសស្រីចំនួន៤នាក់ផ្សេងទៀត សរុប៥នាក់ក្នុងបន្ទុកផងដែរ។
គ្រួសារពិការខាងលើនេះ បានលើកដៃសំពះអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ជាពិសេសថ្នាក់ដឹកនាំ មេត្តាជួយគ្រួសារពួកគាត់ផង ដើម្បីជីវិតចុងក្រោយនេះ៕
ចែករំលែកព័តមាននេះ