ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ស៊ី​ហុង និង​រិ​ន ដេ​វីត ណាត់ជួប​គ្នា​ជម្រះបញ្ជី​ចាស់​នៅ​លើ​សង្វៀន នា​ចុងសប្តាហ៍នេះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធន់ ស៊ី​ហុង មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ និង​រិ​ន ដេ​វីត មក​ពី​ក្លិប​នាគរាជ​ចតុមុខ បាន​ណាត់ជួប​គ្នា​ដើម្បី​ជម្រះបញ្ជី​ចាស់​ម្ដងទៀត​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​…

រាជធានី​ភ្នំពេញ ៖ ធន់ ស៊ី​ហុង មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ និង​រិ​ន ដេ​វីត មក​ពី​ក្លិប​នាគរាជ​ចតុមុខ បាន​ណាត់ជួប​គ្នា​ដើម្បី​ជម្រះបញ្ជី​ចាស់​ម្ដងទៀត​ នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នៅ​ថ្ងៃ​សៅរ៍​ ទី​២៥ ធ្នូ ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​ពី​ខា​រ៉ា​បាវ​។

គេ​នៅ​ចាំ​បាន​ថា ធន់ ស៊ី​ហុង​និង​រិ​ន ដេ​វីត ធ្លាប់​ប៉ះ​គ្នា​ម្ដង​កាលពី​ឆ្នាំ​២០២០ រហូត​មក​ទល់​ពេល​នេះ​មាន​រយៈ​មួយ​ឆ្នាំ​គត់ ។ កាល​ណោះ អ្វី​ដែល​ធ្វើ​ឱ្យ​ធន់ ស៊ី​ហុង មិន​ទាន់​អស់ចិត្ត​នោះ គឺ​គេ​បាន​ភ្លាត់ស្នៀត​បណ្ដោយ​ឱ្យ​រិ​ន ដេ​វីត វាយ​ចូល​សៀតផ្កា​ជា​ច្រើន​កែង​រហូត​ដល់​ថ្នាក់​ដួល​សន្លប់​ធំ​តែ​ម្ដង ។ ទោះជា​បែប​នេះ​ក្ដី​ ក៏​ធន់ ស៊ី​ហុង មិន​ខ្លាច​ដែរ គេ​នៅ​តែ​មាន​បំណង​ចង់​ជួប​ប្រកួត​សងសឹក​ម្ដងទៀត​ដើម្បី​ស្ដារ​មុខមាត់​ឡើង​វិញ​។​ម្យ៉ាងវិញទៀត​ធន់ ស៊ី​ហុង មួយ​រយៈ​មកនេះ​មិន​ដូច​កាលពី​មួយ​ឆ្នាំ​មុន​នោះ​ទេ គេ​កំពុង​តែ​ឡើង​កូដ​ខ្លាំង​មែនទែន ។ ជាក់ស្ដែង​កាលពី​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​មុន គេ​ទើបតែ​យកឈ្នះ​លើ​អ្នក​ប្រដាល់​វ័យក្មេង​ល្បីឈ្មោះ កាន់ ម៉េ​ង​ហុង មក​ពី​ក្លិប​នាគរាជ​ចតុមុខ​ដោយ​ពិន្ទុ​ទៀត​ផង ។ ដូច្នេះ​សម្រាប់​ការ​ប៉ះ​ជាមួយ​រិ​ន ដេ​វីត លើក​នេះ​គេ​មាន​ជំនឿ​ចិត្តច្រើន​ក្នុង​ការ​យកឈ្នះ​ដើម្បី​សងសឹក​ផង​និង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ផង​។

នៅ​លើ​សង្វៀន​ដដែល គង់ សំបូរ មក​ពី​ក្លិប​គោព្រៃ​គុន​ខ្មែរ និង​សោម វិ​ឆ័​យ មក​ពី​ក្លិប​វិបុលដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ដែរ ប៉ុន្តែ​គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​ទេ ។ គង់ សំបូរ យូរ​ៗ​ទើប​គេ​ឃើញ​មានមុខ​ឡើង​សង្វៀន​ម្ដង តែ​កុំ​មើល​ស្រាល​អ្នក​ប្រដាល់​ចាស់វស្សា​ម្នាក់​នេះ​ឱ្យ​សោះ ថ្វីដៃ​ប្រកួតរបស់​គេ​ល្អ​ណាស់ ។ បើ​ធ្វើការ​ប្រៀបធៀប​ជាមួយ​សោម វិ​ឆ័​យ គឺ​មិន​ដូច​គ្នា​នោះ​ទេ ។ សោម វិ​ឆ័​យ ក៏​ជា​អ្នក​ប្រដាល់​ចាស់វស្សា​មួយ​រូប​ដែរ ប៉ុន្តែ​មួយរយៈ​មកនេះ​ធ្លាក់​កូដ​ជាង​មុន ពោល​គឺ​ចាញ់​ច្រើន​ជាង​ឈ្នះ ។ ទោះជា​បែប​នេះ​ក្ដី កុំ​អាល​ទាយ​ទុក​មុន អី ស្រួល​មិន​ស្រួល​ត្រូវ​មួយ​កែង​របស់​សោម វិ​ឆ័​យ
ច្បាស់​ជា​សន្លប់​ធំ​មិន​ខាន​។

ចំណែក​គូប្រកួត​ដណ្ដើម​ប្រាក់​ពីរ​លាន​រៀល​ពី​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​នៅ​ថ្ងៃ​សៅរ៍​នេះ​ដែរ គឺជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ជ័រ ពៅ មក​ពី​ក្លិប​និរោធ​គុន​ខ្មែរ ជាមួយ​កីឡាករ​វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ គូ​នេះ​ក៏​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​ដែរ ខណៈ​កីឡាករ​ជ័រ ពៅ ក៏​អត់​ដែល​បង្ហាញមុខ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ។ ដូច្នេះ​សម្រាប់​គូ​នេះ​បើ​ចង់​ដឹង​ថា អ្នក​ណា​ក្លាយជា​ម្ចាស់​ប្រាក់​ពីរ​លាន​រៀល​នោះ​ទាល់តែ​រង់ចាំ​តាមដាន​តាម​កញ្ចក់​ទូរទស្សន៍​ទាំងអស់​គ្នា​វេលា​ម៉ោង​៦​ល្ងាច​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ