ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ឆាក​សម្ដែង​បទ «​អ្នក​ចម្បាំង​» បង្ហាញ​ពី​ភាពរឹងមាំ​របស់​កីឡា​ខ្មែរ​តាំងពី​អតីតកាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ឈុត​ឆាក​សម្ដែង​ក្នុង​បទ ​«​អ្នក​ចម្បាំង​»​ ដែល​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ​កីឡាការិនី​

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ឈុត​ឆាក​សម្ដែង​ក្នុង​បទ ​«​អ្នក​ចម្បាំង​»​ ដែល​មានការ​ចូលរួម​ពី​សំណាក់​កីឡាករ​កីឡាការិនី​យ៉ាងច្រើន​កុះករ​របស់​សហព័ន្ធ​គុន​ល្បុក្កតោ​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ នៃ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ការ​រាប់​ថយក្រោយ ៥០២​ថ្ងៃ និង​ប្រកាស​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ឈុត​ឆាក​បង្ហាញ​ពី​ភាព​ខ្លាំងក្លា​នៃ​វិស័យ​កីឡា​ខ្មែរ គួរ​អោយ​ចាប់អារម្មណ៍​។

មន្ត្រី​អ្នក​រៀបចំ​បាន​អះអាង​ថា ការ​សម្ដែង​នៅ​ក្នុង​បទ​នេះ បង្ហាញ​កូន​ខ្មែរ និង​ជនបរទេស​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​នៃ​ប្រវត្តិ​ក្បាច់គុន​ខ្មែរ ដ៏​យូរលង់​ដែល​កំពុង​តែ​រីក​ចម្រើន​នា​ពេល​នេះ ដោយ​គ្រាន់តែ​នៅ​ក្នុង​ពេល​នោះ​មិន​ទាន់​មានការ​បែក​ចែក​ថា ក្បាច់គុន​ណា កីឡា​អ្វី​ដូច​បច្ចុប្បន្ន​។

ការ​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​នេះ ក៏​នឹង​ផ្តល់​ជូន​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣ (CAMSOC) យក​ទៅ​ប្រើ​នៅ​ក្នុង​ពេល​នោះ អម​ជាមួយនឹង​ការ​រៀបចំ​ឈុត​ឆាក​អោយ​កាន់តែ​ទាក់ទាញ​ផង​ដែរ​។ ការ​សម្ដែង​នេះ គឺ​មាន​កីឡាករ​រហូត​ដល់​រាប់រយ​នាក់​ចូលរួម ដោយ​តាម​ការ​ប៉ាន់ស្មាន​សម្រាប់​ការ​សម្ដែង​លើក​ក្រោយ គឺ​អាច​រៀបចំ​កីឡាករ​សម្ដែង​បទ​នេះ កាន់តែ​ច្រើន​រយ​នាក់​នៅ​លើ​ទីលាន​។

លោក អ៊ូ តារា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បញ្ជាក់​ថា គោលបំណង​នៃ​ការ​ផលិត​ឈុត​ឆាក​នេះ គឺ​ស្រប​ទៅ​គោលបំណង​នៃ​គោលនយោបាយ​របស់រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ ក្នុង​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​កីឡា​គ្រប់​មធ្យោបាយ ដើម្បី​ឆ្ពោះទៅ​ព្រឹត្តិការណ៍​SEA Games 2023 ។

បទ​«​អ្នក​ចម្បាំង​»​បាន​បញ្ចូល​គ្នា​រវាង​សិល្បៈសម័យ និង​បុរាណ ហើយ​បាន​រំលេច​ចេញ​នូវទស្សនីយភាព​ថ្មី​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុនមក ដោយ​មាន​ជា​ទម្រង់​ស្នៀតគុន​ល្បុក្កតោ និង​ទម្រង់​យុទ្ធវិធី​ទ័ព​សម័យ​អង្គរ និង​ខ្លឹមសារចម្រៀង​ឧទ្ទិស​ស្នា​ដៃដល់​បុព្វបុរស ទំនៀមទម្លាប់ប្រពៃណី​អ្នក​ហាត់គុន ជំនឿ​សាសនា និង​ការ​ជំរុញ​ដល់​យុវជន​ឱ្យ​មាន​ស្មារតី​ជា​អ្នក​ប្រយុទ្ធ ក្នុងការ​ថែរក្សា​មរតក​ដ៏​វិសេសវិសាល​មួយ​នេះ​។

លោក អ៊ូ តារា បន្ថែម​ទៀត​ថា «​តាម​រយៈ​បទ​អ្នក​ចម្បាំង​នេះ យើង​រំពឹង​ថា​នឹង​អាច​ជំរុញ​ទឹកចិត្ត ឬ​កៀរគរ​មហាជន និង​យុវជន​ឲ្យ​ចូលរួម​ក្នុង​ចលនា​គាំទ្រ​គុន​ល្បុក្កតោ ដើម្បី​ឲ្យ​មរតក​ដូនតា​មួយ​នេះ​ពេញ​និយម​នៅ​ក្នុងស្រុក និង​សាយភាយ​ទៅ​ក្រៅប្រទេស ឲ្យ​ស័ក្តិ​សមជា​មរតក​របស់​មហានគរ ជា​ពិសេស​គឺ​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ តែ​ម្តង​»​។

សូម​បញ្ជាក់​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​វិស័យ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដែល​បាន​បង្ហាញ​ពី​ការ​សម្តែង​ដ៏​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​វិមាន​កីឡដ្ឋាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្រោម​កិច្ចសហការ​ផលិត​ជាមួយ​ផលិតកម្ម​រាម​។

ក្រោយ​ពី​សម្រិតសម្រាំង​នូវ​ស្នាដៃ​វី​ដេ​អូ​នេះ​រួចរាល់ គ្រោង​នឹង​ធ្វើ​ពិធី​ដ៏​ធំ​មួយ​ដើម្បី​ប្រគល់​ជូន​បទ​ចម្រៀង​នេះ​ជូន​ទៅ CAMSOC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ