ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អ្នកនាំពាក្យ CPP និង CNRP ប្រកាស ជំហរ​បើកទ្វារ​ចំហ​ចរចា​រៀងខ្លួន​តែ​មិនដឹង​ថ្ងៃ​ណា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​គណបក្សជំទាស់​បាន​ប្រកាស​បើកទ្វារ​ចំហ​ដូច​គ្នា​សម្រាប់​ការ​ចរចា ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ណាមួយ​ច្បាស់លាស់​ទេ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច និង​គណបក្សជំទាស់​បាន​ប្រកាស​បើកទ្វារ​ចំហ​ដូច​គ្នា​សម្រាប់​ការ​ចរចា ប៉ុន្តែ​មិន​ទាន់​កំណត់​ថ្ងៃ​ណាមួយ​ច្បាស់លាស់​ទេ​។ ការ​ប្រកាស​ជំហរ​បើកទ្វារ​នេះ​បន្ទាប់​ពី​កម្តៅ​នយោបាយ​បាន​ហក់​ឡើង​មួយ​រយៈពេល​កន្លង​មក ដោយ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹ​ម សុខា ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន ។

លោក​យ៉ែ​ម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​យក​វប្បធម៌​សន្ទនា​ជា​និច្ច និង​បើកទ្វារ​ចំហ​សម្រាប់​ការ​ចរចា​នយោបាយ​ជាមួយ​គណ បក្ស​ប្រជាជន​កម្ពុជា ។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ថែរក្សា​សន្តិភាព ចូលរួម​ការពារ​ស្ថិរភាព​នយោបាយ ដើម្បី​ដើរ​ឱ្យ​ដល់​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព​»​។

លោក​យែ​៉​ម បុញ្ញឫទ្ធិ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា «​ថ្នាក់ដឹកនាំ​ខ្មែរ​យើង​ខិតខំ​រក​សន្តិភាព បញ្ចប់សង្គ្រាម​ដើម្បី​ទទួល​បាន​សន្តិភាព​ផ្លូវ​កាយ ដែល​ជា​ស្នាដៃ​មួយ​ដ៏​ធំធេង ពីព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​រង​ទុក្ខវេទនា និរាស​ព្រាត់ប្រាស​គ្រួសារ បាត់បង់​លោកឪពុក អ្នក​ម្ដាយ ប្រពន្ធ​ប្ដី កូន​រាប់​លាន​នាក់ ជា​ក្ដី​សង្វេគ​គ្មាន​ពាក្យពេចន៍​ណា
មក​សរសេរ​រៀបរាប់​ពី​ទុក្ខសោក​នេះ​បាន​ទេ ។

យើង​នាំ​គ្នា​បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត គឺ​សន្តិភាព​ផ្លូវចិត្ត​ដែល​ចាប់ផ្ដើម​មាន​ខ្លះ​ហើយ ថ្វី​ដ្បិតតែ​មិន​ទាន់​បាន​ពេញលេញ ដូច្នេះ​រាស្ត្រ និង​រដ្ឋ នាំ​គ្នា​សិក្សា​ឈ្វេងយល់​ពី​បញ្ហា​ប្រឈម ពី​ភាព​អសកម្ម ពី​កង្វះខាត រួច​យើង​នាំ​គ្នា​ដោះស្រាយ ។

សន្តិភាព​ផ្លូវចិត្ត ផ្លូវ​កាយ ចាប់ផ្ដើម​ពី​ការ​ទទួល​បាន​យុត្តិធម៌ យុត្តិធម៌​ស្តង់ដា​តែ​មួយ គោរព​គោលការណ៍​ច្បាប់ មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ច្បាប់​នានា ទៀត ។ មនសិការ សម្បជញ្ញៈ ឧត្ដមគតិ ជា​មូលដ្ឋាន​របស់​យើង ម្នាក់​ៗ ក្នុង​នាម​ជា​រាស្ត្រ ជា​រដ្ឋ ដែល​ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ធំ គ្មាន​អ្វី​ធំ​ជាង​ជាតិ​ទេ ហើយ​ត្រូវ​ចៀសវាង​ដាច់ខាត​នូវ​ការ​រំលោភ​បំពារបំពាន​លើ​សិទ្ធិ​បុគ្គល ពេល​នោះ​យុត្តិធម៌​សង្គម​នឹង​មាន ហើយ​នាំ​មក​នូវ​សន្តិភាព​ផ្លូវចិត្ត​»​។

ទាក់ទិន​នឹង​ការ​ប្រកាស​ជា​ច្រើន​លើក​របស់​គណបក្សជំទាស់​ថា បើកទ្វារ​ចរចារ​នោះ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ប្រកាស​បិទទ្វារ​សម្រាប់​ការ​ចរចារ​ទេ រង់ចាំ​ជា​និច្ច ។ រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​បោះដៃ​សម្រាប់​ការ​ចរចា​នោះ​ទេ គឺ​បាន​តែ​ប្រកាស​ក្រៅផ្លូវការ ។

លោក​សុខ ឥ​សាន បញ្ជាក់​ថា «​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​មានការ​ចរចា​នោះ ទី​១-​សុំ​តាម​រយៈ​ខ្សែរយៈ​ដែល​ធ្លាប់​អនុវត្ត​នា​ពេល​កន្លង​មក ។
ទី​២-​ថ្នាក់ដឹកនាំ​នៃ​ការ​ចរចា​ជា​អ្នក​ណា ?
ទី​៣-​ប្រធានបទ​នៃ​ការ​ចរចា​ជា​អ្វី ? 

លោក​សុខ ឥ​សាន សង្កត់ធ្ងន់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​ស្រែក​ខាងក្រៅ​រហូត ប៉ុន្តែ​មិនឃើញ​ការ​ស្នើ​សុំ​សោះ ។ គណបក្ស​ប្រជាជន​កម្ពុជា​មាន​អំណាច​ក្នុង​ដៃ​មិន​ដែល​ប្រកាស​បិទទ្វារ​ចរចា​នោះ​ទេ គ្រាន់តែ​រវល់​ការងារ​ជាមួយ​ប្រជាជន ។ លោក​បញ្ជាក់​ថា « CPP អត់​មាន​ប្រកាស​បិទទ្វារ​ម្តងណា​នោះ​ទេ ក៏​ប៉ុន្តែ​វប្បធម៌​សន្ទនា​មាន​ប្រធានបទ​ច្បាស់លាស់ មិន​អាច​និយាយ​ពី​ការងារ​តុលាការ ឬ​ពិភាក្សា​គ្នាដោះ​លែង​អ្នកទោស​ពី​ក្នុង​ពន្ធនាគារ​មក​ទេ អាហ្នឹង​វា​រំលោភ​សមត្ថកិច្ច​តុលាការ ហើយ​យើង​មិន​ធ្វើ​អាហ្នឹង​ទេ ។ ប្រសិនបើ​លើក​ប្រធានបទ​នោះ​មក​មិន​អាច​ទៅ​រួច​ទេ » ។

ការ​កំណត់​លក្ខខណ្ឌ​ជា​មុន​នេះ​ត្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ថា បញ្ហា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ដោះស្រាយ គឺ​បញ្ហា​នេះឯង បើ​មិន​ឱ្យ​និយាយ​រឿង​នេះ​តើ​យើង​បន្ថយកម្តៅ​ម្តេច​បាន​ទៅ ?

ទោះបីជា​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ប្រកាស​ជំហរ​យ៉ាងណា​ក្តី ក៏​គណបក្ស​ទាំង​ពីរ​នេះ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​សម្រាប់​ជួប​គ្នា​នោះ​ទេ ពិសេស​របៀបវារៈ ៕