ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ផ្ដល់​ថវិកា​៣.២០០​ដុល្លារ​ស្ដារ​ស្រះ​ទឹក​នៅ​ភូមិ​ខ្មែរអិុស្លាម

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត​មក​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ដើម្បី​ជា​ការ​ដឹងគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រៀង​រហូត​មក​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល ចុះ​ជួយ​ខេត្តពោធិ៍សាត់ រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​តែងតែបាន​ចុះ​សួរសុខទុក្ខ​នាំ​យក​អំណោយ និង​កសាង​នូវ​សមិទ្ធផល​ផ្សេង​ៗ​ដែល​ជា​តម្រូវការ​ចាំបាច់​ក្នុង​មូលដ្ឋាន ដើម្បី​ប្រគល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​រួម​គ្នា​។ ជាក់ស្ដែង​ថ្ងៃ​ទី​០៤ មិថុនា ២០១៦ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម រួម​ជាមួយ​ក្រុមការងារ​បាន​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​បងប្អូន​ជនជាតិ​ខ្មែរអិស្លាម នៅ​ភូមិ​ថ្មី ឃុំ​រំលេច ចំនួន​២៥៣​នាក់​, នៅ​ភូមិ​ព្រៃ​ដំរី និង​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ចំនួន​៤៨៩​នាក់ ដើម្បី​ដឹង​សុខ​ដឹង​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​។

នៅ​ភូមិ​ថ្មី ឃុំ​រំលេច លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ជួយ​កសាង​វិហារ​អិ​ស្លា​ម​មួយ​អស់​ថវិកា​ជាង​២០.០០០​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​វិហារ​មុន​ធ្វើ​អំពី​ឈើ​ចាស់​ទ្រុឌ​ទ្រោម​ណាស់​ទៅ​ហើយ​។ ចំពោះ​របង​ព័ទ្ធ​ជុំវិញ​វិហារ​នៅ​សល់​៨៦​ម៉ែត្រ​ទៀត លោក​រដ្ឋមន្ត្រី​បាន​ជួយ​កសាង​បង្ហើយ​ព្រមទាំង​បាន​ផ្ដល់​ថវិកា​ចំនួន​៣.២០០​ដុល្លារ​ទៀត​សម្រាប់​ស្ដារ​ស្រះ​ទឹក​ដ៏​ធំ​មួយ​ប្រើ​រួម​គ្នា​។ ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​០៣​ភូមិ ដែល​ទៅ​ចូលរួម​សរុប​៧៤២​នាក់ លោក​រដ្ឋមន្ត្រី​បាន​ជូន​ក្រមា​ម្នាក់​មួយ និង​ថវិកា​១០.០០០​រៀល ជា​របស់​កំដរដៃ​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ការ​អភិវឌ្ឍន៍​ប្រទេស ទឹក ភ្លើង ផ្លូវ ធនធានមនុស្ស និង​វិស័យ​ផ្សេង​ៗ​ទៀត មានការ​រីក​ចំរើន​ជា​បន្តបន្ទាប់​ដែល​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​លើ​សកលលោក​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។ ជាមួយ​គ្នា​នេះ រាជ​រដ្ឋា​ភិបាល​បាន​ទប់ស្កាត់​នូវ​រាល់​ការ​ប៉ុនប៉ង​របស់​គណបក្សប្រឆាំង និង​ជន​មួយ​ក្ដាប់​តូច​ដែល​មាន​គោលបំណង​ធ្វើ​ឲ្យ​ព្រះ​មហា​ក្ស​ត្ស​រង្គោះរង្គើ សង្គម​ក្រឡាប់ចាក់ និង​ព្យាយាម​បំបែក​បំបាក់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន កើត​ចេញពី​ការ​បោះ​ឆ្នោត​។ នៅ​ថ្ងៃ​ទី​០៤ មិថុនា ២០១៧ ខាង​មុខ​នេះ នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៣ ដូច្នេះ​សូម​បងប្អូន​ដែល​មិន​ទាន់​ធ្វើ​អត្តសញ្ញាណប័ណ្ណ​នាំ​គ្នា​ទៅ​ធ្វើ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​មាន​សិទ្ធិ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដែល​ខ្លួន​ស្រឡាញ់​​ពេញចិត្ត​មក​អភិវឌ្ឍន៍​ភូមិ​-​ឃុំ​ឲ្យ​កាន់តែ​រីក​ចំរើន​ថែម​ទៀត​។

កន្លង​មក​រូប​លោក​រួម​ជាមួយ​ក្រុមការងារ​បាន​ជីក​ស្រះ​ជូន​បងប្អូន​ស្ទើរតែ​គ្រប់​ផ្ទះ ដើម្បី​ចិញ្ចឹម​ត្រី​។ គ្រួសារ​មួយ​ចំនួន​ធំ​ដែល​ឧស្សាហ៍​ព្យាយាម​បាន​អនុវត្តន៍​ធ្វើ​ឲ្យ​ជីវភាព​ប្រសើរ​ជាង​មុន​ច្រើន​។ អ្នកខ្លះ​រក្សា​ទឹក​ទុក​ប្រើប្រាស់ ឯ​ខ្លះ​ទៀត​បែរជា​ទុក​ស្រះ​ចោល​ឲ្យ​ក្របី​ដេក​ទៅ​វិញ​។ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម សូម​ឲ្យ​បងប្អូន​ខិតខំ​ជម្រុញ​លើ​ការងារ​បង្ក​បង្កើន​​ផល​ស្រូវ​រដូវប្រាំង និង​ស្រូវ​វស្សា ដាំ​ដំណាំ ចិញ្ចឹមសត្វ​ឲ្យ​បាន​ច្រើន ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ ចៀសវាង​យក​ពេលវេលា​ទៅ​លេងល្បែង​ស៊ីសង ផឹកស៊ី​ឈ្លោះ​ប្រកែក​គ្នា ឫ​ប្រើ​អំពើ​ហិង្សា​វាយតប់​គ្នា​នាំ​ឲ្យ​មានទោស​៕