រាជធានីភ្នំពេញ ៖ ដើម្បីបញ្ចៀសបាននូវការកកស្ទះចរាចរណ៍នាថ្ងៃទី២៣ ខែធ្នូ ខានស្អែកនេះ បងប្អូនម្ចាស់យានយន្តគ្រប់ប្រភេទគឺត្រូវហាមឃាត់មិនឱ្យធ្វើបើកបរលើកំណាត់ផ្លូវព្រះនរោត្តម ជាបណ្តោះអាសន្នចាប់ពីម៉ោង ៦ ព្រឹកតទៅ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះនៅថ្ងៃទី ២១ ខែធ្នួ ឆ្នាំ ២០២១ ថា នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះនៅ វេលាម៉ោង០៦:០០នាទីព្រឹក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជានឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលមានទីតាំងស្ថិតនៅអគារលេខ៦-៨ មហាវិថីព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក ឃួង ស្រេង បានបន្តថា «ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីផ្លូវលេខ១១០ កែងមហាវិថី ព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨ (ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវ លេខ១៩) និងផ្លូវលេខ១២៦ (ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម) នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥៖០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី»។


ក្នុងសេចក្តីជូនដំណឹងដដែល រដ្ឋបាលរាជធានីភ្នំពេញ បានសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕
ចែករំលែកព័តមាននេះ