ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំកំណត់ថ្ងៃ១៨ មករា ឆ្នាំ២០២២ ប្រកាសលទ្ធផលបាក់ឌុប​នៅភ្នំពេញ និងខេត្តកណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​យក​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២២ ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំណត់​យក​ថ្ងៃ​ទី​១៨ មក​រា ឆ្នាំ​២០២២ ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​) នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បស់​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​២០ ធ្នូ ស្តី​ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាន​លើក​ឡើង​ថា ក្រសួង​នឹង​រៀបចំ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ ឱ្យ​បាន​ត្រឹមត្រូវ ដោយ​គោរព​តាម​គោលការណ៍​ទាំង​៤ នៃ​ការ​ប្រឡង គឺ​គោលការណ៍​ច្បាប់​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយក​បាន ។

ក្រសួង​ថា កាលបរិច្ឆេទ​សំខាន់​ៗ​នៃ​ការ​ប្រឡង​ឆ្នាំ​នេះ​រួម​មាន ៖ ដំណើរការ​សំ​ណេ​រ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ ដំណើរការ​កំណែ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣០-៣១ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០២២ ។ ដំណើរការ​ស្រង់​បូក​ពិន្ទុ ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ ។

ក្រសួង​កំណត់​យក​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២២ ពេល​រសៀល​សម្រាប់​ប្រកាស​លទ្ធផល​ប្រឡង​នៅ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ សម្រាប់​ខេត្ត​ផ្សេង​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​អប់រំ​ក៏​បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១១៤ ១៨៣​នាក់ ស្រី​៦០៣៩៧​នាក់ ។ បេក្ខជន​ត្រូវ​បាន​រៀបចំ​ចំនួន​២៥​នាក់ ក្នុង​មួយ​បន្ទប់ លើកលែងតែ​បន្ទប់​ចុង​ក្រោយ និង​បន្ទប់​ដែល​មាន​បេក្ខជន​មក​ពី​វិទ្យាល័យ​អប់រំ​ពិសេស ។ មណ្ឌល​សំ​ណេ​រ​មាន​ចំនួន​សរុប​២០៤ មណ្ឌល ត្រូវជា​៤ ៦១៦ បន្ទប់ ។ មណ្ឌល​កំណែ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​មាន​ចំនួន​១០​មណ្ឌល នៅ​រាជធានី​ភ្នំពេញ ។ វិញ្ញាសា​ទាំងអស់​ត្រូវ​បាន​ជ្រើសរើស តាក់តែង​រៀបចំ និង​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ វិញ្ញាសា ប្រឡង​ត្រូវ​បាន​កំណត់​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម និង​មាន​៧ មុខ​វិជ្ជា ទម្រង់​វិញ្ញាសា ត្រូវ​បាន​រៀបចំ​ជា​ពីរ​គឺ ទម្រង់​វិញ្ញាសា​ចម្លង​ដាក់​លើ​ក្តារខៀន និង​ទម្រង់​វិញ្ញាសា​ដែល​ត្រូវ​ចែក​ជូន​បេក្ខជន ។

ក្រសួង​បន្ត​ថា គណៈមេប្រយោគ និង​គណៈកម្មការ​នានា​ដែល​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​មាន​ចំនួន ៣១៤៣២​នាក់ ។ ក្រសួង បាន​ពង្រឹង​កិច្ចសហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​ក្រសួង​-​ស្ថាប័ន ចំនួន​៧ រួម​មាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល​, កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​,​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​, សហព័ន្ធ​សហភាព​យុវជន​កម្ពុជា អគ្គិសនី​កម្ពុជា និង​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ។

ក្រសួង​នឹង​រៀបចំ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​នៅ​តាម​រាជធានី​-​ខេត្ត ពីរ​ដង គឺ​លើក​ទី​១ នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ឱ្យ​បេក្ខជន​បាន​ពិនិត្យ និង​រក​មើល​មណ្ឌល​ប្រឡង​ត្រូវ​នឹង​អក្ខរក្រម​នៃ​ឈ្មោះ​របស់​ខ្លួន និង​លើក​ទី​២ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ពិនិត្យ​មើល និង​បញ្ជាក់​ម្ដងទៀត​អំពី មណ្ឌល​ប្រឡង​លេខ​បន្ទប់ និង​លេខ​តុ ព្រមទាំង​វាស់​កម្ដៅ​សីតុណ្ហភាព​របស់​បេក្ខជន ។ សម្រាប់​មុន​ប្រឡង​បេក្ខជន​ទាំងអស់​ត្រូវ​មក​ទទួល​ការ​វាស់​ស្ទង់កម្ដៅ , ពិនិត្យ​សុខភាព និង​ទទួល​ស្លឹក​យ័រ​កម្ដៅ​ធម្មតា នៅ​តាម មណ្ឌល​សំ​ណេ​រ​នីមួយ​ៗ នៅ​មុន​ថ្ងៃ​ប្រឡង​មួយ​ថ្ងៃ (​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២១) និង​ត្រូវ​ពាក់​ម៉ាស់​ជាប់​ជា​ប្រចាំ​នៅ​ក្នុង មណ្ឌល​ប្រឡង ចំពោះ​បេក្ខជន​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ និង​ស្ថិត​នៅ​ក្នុងអំឡុងពេល​ច​ត្តា​ឡី​ស័ក ត្រូវធ្វើ​ស្វ័​យ​ប្រកាស​យ៉ាងតិច​មួយ​ថ្ងៃមុន​ដំណើរការ​សំ​ណេ​រ រីឯ​បេក្ខជន​ដែល​មាន​កម្ដៅ​លើស​ពី ៣៧,៥ អង្សា​សេ ឬ​មាន​រោគ​សញ្ញា​ផ្សេង​ៗ​ដូច​ជា ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម ត្រូវធ្វើ​តេ​ស្ករ​ហ័ស​រក​មេរោគ​កូ​វី​ដ ១៩ នៅ​ទីតាំង​សុខាភិបាល​ដែល​កំណត់​ដោយ​អាជ្ញាធរ​ដែនដី​រាជធានី ខេត្ត និង​ត្រូវ​យក​លិខិតបញ្ជាក់​លទ្ធផល​អវិជ្ជមាន​កូ​វី​ដ​-១៩ ពី​ភ្នាក់ងារ​សុខាភិបាល​មក​បង្ហាញ​នៅ​មណ្ឌល​ប្រឡង​វិញ ដើម្បី​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង ។

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ​ដល់​បេក្ខជន​ទាំងអស់ ត្រូវ​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការ​ប្រឡង​ឱ្យ​បាន​ល្អ​ប្រសើរ ជា​ពិសេស​មិន​ត្រូវ​លាក់​ទុក​ជាប់​នឹង​ខ្លួន​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​គ្រប់​ប្រភេទ​ចូល​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់ ប្រឡង​ជា​ដាច់ខាត ។ ក្នុង​ករណី​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ បេក្ខជន​នឹង​ត្រូវ​បាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ