ខេត្តបន្ទាយមានជ័យ ៖ គ្រួសារប្តីប្រពន្ធវ័យចំណាស់មួយ បានអំពាវនាវរកយុត្តិធម៌ រឿងរ៉ាវស្នាមមេដៃមិនប្រក្រតីដោយអះអាងថា មានគេលួចក្លែងបន្លំឯកសារធ្វើពាក្យកាន់កា.ប់ដីធ្លី យកដីពួកគាត់អស់ទំហំ ៤០ម៉ែត្រគុណ៨០ម៉ែត្រ ខណៈពេលកន្លងមក ពួកគាត់លក់ត្រឹមតែ៤០ម៉ែត្រគុណ៤០ម៉ែត្រតែប៉ុណ្ណោះ។
![Picture]()
គ្រួសារដង្ហោយរកយុត្តិធម៌ខាងលើនេះ មានឈ្មោះ កែ វណ្ណៈ អាយុ៦៧ឆ្នាំ និងមានប្រពន្ធឈ្មោះ សែន សឿប អាយុ៥៩ឆ្នាំ មានទីលំនៅក្នុងភូមិដងរ៉ែក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក។ បើតាមគ្រួសារខាងលើនេះបានរៀបរាប់ឱ្យដឹងថា ក្នុងឆ្នាំ២០១០ ពួកគាត់បានលក់ដីចំនួន៤០ម៉ែត្រគុណ៤០ម៉ែត្រ ក្នុងភូមិ-ឃុំខាងលើទៅឲ្យគ្រួសាមួយដែលមានប្តីឈ្មោះ លេង ម៉ារ៉ា និងមានប្រពន្ធឈ្មោះ គង់ សាម៉ន ក្នុងតម្លៃ៥ម៉ឺនបាតប្រាក់ថៃ។
ពួកគាត់ថា ក្នុងគ្រាលក់ដូរកាលនោះ មិនបានធ្វើលិខិតផ្ទេរសិទ្ធិ ឬកាត់លក់ដីនោះដែរ ព្រោះជាអ្នកជិតខាង ប៉ុន្តែពួកគាត់ទទួលស្គាល់ថា បានទទួលលុយពីការលក់ដីទំហំដែលបានលក់៤០ម៉ែត្រគុណ៤០ម៉ែត្រមែន។ ពួកគាត់បន្តថា លុះគ្រួសាអ្នកទិញដីគាត់ មានរឿងជាមួយគ្រួសារផ្សេងទៀត ក៏ស្រាប់តែអាជ្ញាធរចុះដោះស្រាយ ហើយពេលឃើញគ្រួសារនោះមានពាក្យកាន់កា.ប់ដីធ្លី និងទំហំដី រហូតដល់ទៅ៤០ម៉ែត្រគុណ៨០ម៉ែត្រ ទើបពួកគាត់ភ្ញាក់ព្រើត និងតវ៉ាថា ហេតុអ្វីគ្រួសារខាងលើ ធ្វើពាក្យសុំកាន់កា.ប់ដីធ្លី ដោយយកដីរបស់ពួកគាត់បែបហ្នឹង? ម្យ៉ាងពួកគាត់តាំងពីទិញ ឬលក់មិនដែលផ្តិតមេដៃនៅឡើយទេ?
![Picture]()
គ្រួសារចំណាស់ដដែលបន្តថា កន្លងមក គាត់បានប្តឹងទៅអាជ្ញាធរភូមិ-ឃុំរហូតដល់ស្រុកឲ្យជួយដោះស្រាយ ប៉ុន្តែលទ្ធផលមិនបានផ្លែផ្កាឡើយ។ មិនតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានដាក់ពាក្យបណ្តឹងប្តឹងខាងគ្រួសារដែលជាអ្នកទិញ និងមេភូមិចាស់ឈ្មោះ ម៉ែន សាមឿន ភេទប្រុស ពីបទក្លែងបន្លំឯកសារទៅតុលាការផងដែរ។ គ្រួសារតាយាយចំណាស់នេះ ក៏បានអំពាវនាវសុំឲ្យមន្ត្រីជំនាញមន្ទីរក្រសួងពាក់ព័ន្ធ ជាពិសេសប្រមុខរាជរដ្ឋាភិបាល មេត្តាជួយផង ដោយសុំឲ្យយកឯកសារពីភាគីអ្នកទិញដីយកទៅពិនិត្យមើលថា តើក្លែងក្លាយឬការពិត? ព្រោះពួកគាត់មិនដែលបានធ្វើលិខិតផ្ទេរសិទ្ធិ ឬលក់ផ្តាច់ដីខាងលើម្តងណាឡើយ។
ម្យ៉ាងពួកគាត់ថា អំឡុងផ្ទុះរឿងដំបូងភាគីអ្នកទិញ គេយកកិច្ចសន្យាលក់ផ្តាច់ដី១ច្បាប់ទៅជួបអាជ្ញាធរ លុះពេលនេះគាត់ដាក់ពាក្យបណ្តឹងទៅដល់តុលាការ បែរជាអ្នកទិញដីពួកគាត់ គេមានលិខិតទិញលក់ផ្តាច់ដី១ច្បាប់ទៀត ទំហំប៉ុនគ្នា តែស្នាមមេដៃក្នុងឯកសាទាំង២ហាក់ខុសគ្នា រឿងផ្តិតមេដៃ បើទោះជាកាលបរិច្ឆេទថ្ងៃខែ និងឆ្នាំដូចគ្នាក៏ដោយ។
![Picture]()
យ៉ាងណាក៏ដោយ បញ្ហាខាងលើនេះ លោកតាលោកយាយក៏បានដកពាក្យបណ្តឹងពីតុលារការវិញ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានធ្វើការដោះស្រាយ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ភាគីអ្នកទិញដីដែលមានឈ្មោះ លេង ម៉ារ៉ា មិនអាចទាក់ទងសុំបំភ្លឺបានទេ ដោយសារតែរកទំនាក់ទំនងមិនទាន់បាន។
ក៏ប៉ុន្តែបើយោងសំដីអាជ្ញាធរថា ភាគីអ្នកទិញដីនេះ ក្នុងកិច្ចប្រជុំសម្របសម្រួលនៅតែទទួលស្គាល់ថា កិច្ចសន្យាលក់ទិញផ្តាច់ដី គឺលោកតាលោកយាយដែលជាម្ចាស់ដី បានផ្តិតមេដៃឲ្យខ្លួនមែន និងអះអាងថា បើជារឿងប្រឌិត ខ្លួនសុខចិត្តទទួលទោសចំពោះមុខច្បាប់ជាធរមានទៀតផង។
![Picture]()
ក្រោយការសាកសួររឿងរ៉ាវខាងលើនេះ មេភូមិដងរ៉ែក លោក ទេន សារិទ្ធ ក៏បានប្រាប់តាមទូរស័ព្ទផងដែរថា លោកមិនអាចបញ្ជាក់ការពិតថា តើភាគីមួយណាខុស មួយណាត្រូវឡើយ? ប៉ុន្តែលោកថា បើមើលឯកសារជាក់ស្តែងពេលសម្របសម្រួលនោះ គ្រួសារទាំង២ លើកទី១ជាមួយអាជ្ញាធរភូមិ និងឃុំ ភាគីទិញដីមានឯកសាផ្សេង លុះចាប់ផ្តើមប្តឹងគ្នាភាគីម្ចាស់ដីសុំយកឯកសារទៅស្គេនមើល ស្រាប់តែភាគីអ្នកទិញ មានឯកសារផ្សេងមួយទៀត និងជាកិច្ចសន្យាលក់ផ្ដាច់ដដែល។
មេឃុំបន្ទាយឆ្មា លោក ហេង សុភ័ក្រ ក៏បានប្រាប់តាមទូរស័ព្ទស្រដៀងនឹងលោកមេភូមិដងរ៉ែកដែរ ដោយបានប្រាប់ថា មិនទាន់ហ៊ានអះអាងថា តើភាគីមួយណាខុស មួយណាត្រូវទេ? ព្រោះរឿងរ៉ាវខាងលើ បានរុញដល់ថ្នាក់ស្រុក ហើយលោកទើបឡើងជាមេឃុំ។ លោកបន្តថា ឯកសារលក់ផ្តាច់មិនដឹងថា លក់ទិញយ៉ាងម៉េចទេ? ប៉ុន្តែគណៈកម្មការឃុំ-ស្រុកបានចុះអង្កេតឃើញថា ឯកសារខុសគ្នា ហើយភាគីទាំង២ ជាពិសេសភាគីអ្នកទិញដូចជាមិនទាន់មានឆន្ទៈទទួលយកដំណោះស្រាយឡើយ។ លោកថា ឯកសាររបស់ភាគីអ្នកទិញ មានការកោសលុប និងសង្ស័យថា ជាករណីមិនប្រក្រតី៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ