ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​ដល់​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដែលជា​ពេលវេលា​ជួប​មនុស្ស​ច្រើន ហើយក៏​ជាការ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បើសិនជា​មិនមាន​វិធានការ​ការពារ និង​ទប់ស្កាត់​ទេនោះ​។ ក្នុងពេល​ជួបជុំ​កន្លងមក មិន​ថា…

ភ្នំពេញ​៖ នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត នឹង​ដល់​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដែលជា​ពេលវេលា​ជួប​មនុស្ស​ច្រើន ហើយក៏​ជាការ​បារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ បើសិនជា​មិនមាន​វិធានការ​ការពារ និង​ទប់ស្កាត់​ទេនោះ​។ ក្នុងពេល​ជួបជុំ​កន្លងមក មិន​ថា នៅតាម​ហាង តាម​រោងបុណ្យ​ រោងការ ឬក៏​ការជួបជុំ​ប្រកួត​កីឡា​​ទេ គឺ​វិធានការ ៣​កុំ និង​៣​ការពារ ពិសេស​គម្លាត​សុវត្ថិភាព មិនត្រូវ​បាន​គោរព និង​អនុវត្ត​ឲ្យ​បាន​​ត្រឹមត្រូវ​ឡើយ​។​

ទិដ្ឋភាពឆ្លងឆ្នាំ នៅភ្នំពេញ ក្នុងពេលកន្លងមក

​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ស្ដីពី ការរៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ និង​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​។ វិធានការ​ទាំងនោះ រួមមាន​៖ ត្រូវ​ជំរុញ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ម៉ឹងម៉ាត់​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ពិសេស​វិធានការ ៣​ការពារ និង ៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ត្រូវ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដារ​ប្រតិបត្តិ​អប្បបរមា ( SOP ) តាម​គន្លង​ប្រក្រតីភាព​ថ្មី ដែល​ត្រូវ​បានដាក់​ឲ្យ​អនុវត្ត​ដោយ​ក្រសួងទេសចរណ៍ ទៅលើ​អាជីវកម្ម​ទេសចរណ៍​នានា ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម និង​ធានា​សុវត្ថិភាព​ជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ត្រូវ​ជំរុញ​ឲ្យ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទាំងអ​ស់ ណែនាំ​ឲ្យ​ភ្ញៀវទេសចរ ស្កេ​ន QR Code ឬ​ធ្វើការ​កត់ត្រា​ព័ត៌មាន​ភ្ញៀវទេសចរ ដែល​ចូល​កម្សាន្ត និង​ប្រើប្រាស់​សេវា​​នៅក្នុង​កន្លែង​របស់ខ្លួន ជា​ពិសេស​អាសយដ្ឋាន និង​លេខ​ទំនាក់ទំនង​។​

​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទាំងអស់ ក៏ត្រូវ​រៀបចំ​ឲ្យ​មានការ​ត្រួតពិនិត្យ​កំដៅ ការបាញ់​អាល់កុល​សម្លាប់​មេរោគ និង​មាន​អាល់កុល​សម្រាប់​លាងដៃ​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​គ្រប់​ទីកន្លែង ដែល​ចាំបាច់​។ ក្នុងនោះ ភ្ញៀវទេសចរ ត្រូវតម្រូវ​ឲ្យ​ពាក់​ម៉ាស់​ជាប្រចាំ​។

ទិដ្ឋភាពឆ្លងឆ្នាំ នៅភ្នំពេញ ក្នុងពេលកន្លងមក

​នៅតាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា ត្រូវ​កំណត់​សមត្ថភាព​ផ្ទុក​អតិបរមា ដែល​អាច​ទទួលភ្ញៀវ​បាន ក្នុងពេល​តែមួយ អនុលោម​តាម​ស្តង់ដា​គម្លាត​សុវត្ថិភាព និង​មិនត្រូវ​ទទួលភ្ញៀវ​លើសពី​ចំណុះ ជាដាច់ខាត​។ ក្នុងករណី​មានការ​កកកុញ​លើសពី​សមត្ថភាព​ផ្ទុក មន្ទីរ​ទេសចរណ៍ ត្រូវ​រាយការណ៍​មក​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​រាជធានី​ខេត្ត​ជាបន្ទាន់ ដើម្បី​មាន​វិធាន​ការផ្អាក​សកម្មភាព​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នោះ ជា​បណ្តោះអាសន្ន​សិន​។​

​ក្រសួងទេសចរណ៍ ក៏បាន​កំណត់ថា បុគ្គលិក​បម្រើការ​នៅ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទាំងអស់ ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។ ក្នុងនោះ អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក៏ត្រូវ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ថែរក្សា​បរិស្ថាន​អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ​។ រាល់​តម្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​ដាល់​ក្នុង​តារាង ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន ជៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង ដែល​បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។​

​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឬ Count Down នា​យប់​ថ្ងៃទី​៣១ ខែធ្នូ ចូល​ថ្ងៃទី​១ ខែមករា ខាងមុខនេះ នឹងធ្វើ​ឡើង ខណៈដែល​ពិភពលោក ក៏ដូចជា ប្រទេស​កម្ពុជា​យើង កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​។ អូ​មី​ក្រុង ដែល​មកដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​កម្ពុជា រកឃើញ​អ្នក​ឆ្លង ៤​នាក់​ហើយ សុទ្ធតែជា​អ្នកដំណើរ​តាម​យន្តហោះ មកពី​ក្រៅប្រទេស​។ ក្នុងនោះ មាន​ស្ត្រី​ខ្មែរ​ម្នាក់ រកឃើញ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ជា​អ្នកដំណើរ​មកពីប្រទេស​​ហ្គា​ណា បុរស​អ្នកទេសចរ​ជនជាតិ​អៀ​រ៉ង់ មកពី​កេ​ន​យ៉ា រកឃើញ​កាលពី​ថ្ងៃទី​១៧ ខែធ្នូ និង​ស្ត្រី​ខ្មែរ ២​នាក់​ទៀត ជា​អ្នកដំណើរ​មកពី​បារាំង និង​អាមេរិក រកឃើញ​កាលពី​ថ្ងៃទី​១៨ ខែធ្នូ​។​

​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​ជា​បន្តបន្ទាប់​នេះ ខណៈដែល​ករណី​ឆ្លង​កូ​វីដ​ក្នុងប្រទេស​យើង បាន​ថយចុះ​នៅក្រោម ១០​នាក់ ក្នុង ១​ថ្ងៃ ហើយ​ស្លាប់មាន​ត្រឹមតែ ២​នាក់ ទៅ ៣​នាក់ ក្នុង ១​ថ្ងៃៗ​។​

​យ៉ាងណាក៏ដោយ ចំពោះមុខ​នៃ​ការរីក​​រាលដាល​កូ​វីដ​១៩ ដែល​នៅតែ​បន្ត​ឆ្លង ហើយ​​អូ​មី​ក្រុង ក៏​​ចូល​មក​ជា​បន្ត​បន្ទាប់​​នេះ ត្រូវបាន​អ្នកជំនាញ​សុខាភិបាល លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ជឿជាក់ថា យើងទាំងអស់គ្នា អាចធ្វើ​បាន​ ក្នុងការ​ទប់ស្កាត់​កូ​វីដ​១៩ តាមរយៈ​វិធា​នា​ការ ​៣​ការពារ ៣​កុំ និង​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​។ វិធានការ​ទាំងនេះ នឹង​ការពារ​លោកអ្នក​ពី​ការ​វ៉ៃ​លុក​ធ្ងន់ធ្ងរ​លើ​សុខភាព ពី​ការចូល​សម្រាក​ពេទ្យ និង​ពី​ការស្លាប់​បាត់បង់​ជីវិត​។  

​ជាមួយគ្នានេះ អ្នកជំនាញ​សុខាភិបាល ក៏​លើកឡើងថា ឆ្នាំ​២០២២ នឹង​ជា​ឆ្នាំ ដែល​វីរុស​អូ​មី​ក្រុង ដើរហើរ​ពេញ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។ ដូច្នេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច  និង​ត្រៀមលក្ខណ​: ក្នុងការ​ឆ្លើយតប​ទៅនឹង​ការផ្ទុះ​ការ​រាតត្បាត​ជាយថាហេតុ​ណាមួយ​។ 

​អ្នកជំនាញ ក៏បាន​ប្រកាស​អំពាវនាវ សូម​ជូនពរ​បងប្អូន​ទាំងអស់គ្នា សូម​រីករាយ​ថ្ងៃបុណ្យ​ណូអែល  និង​ថ្ងៃ​ចូលឆ្នាំ​សាកល​ថ្មី ឆ្នាំ​២០២២ ដែលជា​ឆ្នាំ យើង​ត្រូវ​បន្ត​រៀន​រស់​ជាមួយ​កូ​វីដ​-១៩ ជាពិសេស អូ​មី​ក្រុង  និង​វីរុស​ប​ម្លែ​ង​ថ្មី​ផ្សេងៗ​ទៀត​។ សូម​ថែទាំ​សុខភាព​បុគ្គល​ជាទី​ស្រឡាញ់​របស់លោក​អ្នក ក្រុមគ្រួសារ​លោកអ្នក  និង​សហគមន៍​លោកអ្នក​ឱ្យបាន​ល្អ ពី​ការចម្លង​វីរុស​អូ​មី​ក្រុង​។ 

​ចំណែក​បុគ្គល​ម្នាក់ៗ មិន​ថា ចាស់ ឬ​ក្មេង​ទេ ក៏​សូម​បន្ត​ការពារ​ខ្លួន ដោយ​អនុវត្ត​វិធានការ​សាមញ្ញ ៣​កុំ និង​៣​ការពារ ហើយ​ចូរ​កុំភ្លេចថា ទោះបីជា​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ រួចហើយ រហូតដល់​ទៅ ៣​ដូ​ស​ក៏ដោយ ក៏​អ្នកនឹងនៅតែ​​អាច​ឆ្លង​កូ​វីដ​១៩ ដែរ បើសិនជា​ធ្វេសប្រហែស ជាពិសេស​អំឡុងពេល​ជួបជុំ​ទទួលទាន​អាហារ និង​​ការ​ជួប​ជុំ​​ផឹក​ស៊ី​​៕​

​ទិដ្ឋភាពឆ្លងឆ្នាំ នៅភ្នំពេញ ក្នុងពេលកន្លងមក

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ