ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សរសើរ ! ប្លន់​ពី​យប់​ព្រឹក​ឡើង​ចាប់​បាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​លើ ធ្វើការ​ឃាត់ខ្លួន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចាក់​អង្រែ​លើ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួល​ខាងក្រោយ​វត្ត​ច្បារ​អំពៅ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ បន្ទាប់​ពី​ពួក​គេ​ទាំង​៣​នាក់​ប្រើ​ដាវ​សាំ​មូ​រ៉ៃ​ប្លន់​យក​ទូរស័ព្ទ និង​កាបូប​លុយ​ពី​យុវជន​ម្នាក់​បាន​សម្រេច​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន ទី​១-​ឈ្មោះ ស៊ុន លី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​នេសាទ​ត្រី មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន ឃុំ​ស្អាង ស្រុក​ស្អាង ខេត្តកណ្តាល​,  ទី​២-​ឈ្មោះ នូ សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ មាន​ទីលំនៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក និង​ទី​៣-​ឈ្មោះ សុខ ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ ។ រីឯ​ជន​រង​គ្រោះ​មានឈ្មោះ ម៉ា​ន់ រី អាយុ​២៤​ឆ្នាំ មុខរបរ​ស៊ីឈ្នួល​បើកឡាន មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

តាម​សម្តី​រៀបរាប់​របស់​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា ដំបូង​ឡើយ​រូបគេ​ចេញពី​ខេត្តកណ្តាល​ទៅ​មើល​បងស្រី​ដែល​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ក្បែរ​កន្លែង​កើតហេតុ រហូត​មក​ទល់​វេលា​ម៉ោង​២​ទាប​ភ្លឺ​ខ្លួន​បាន​ដើរ​ចេញ​មក​ក្រៅ​រក​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ ពេល​នោះ​ពុំ​មាន​ម៉ូតូ​ឡើយ ។ ដោយ​មាន​អារម្មណ៍​ថា​អស់កម្លាំង​ពេក​ជន​រង​គ្រោះ​បាន​ដើរទៅ​អង្គុយ​លើ​សួនច្បារ​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​តែ​ម្នាក់ឯង ។ លុះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​ជនសង្ស័យ​៣​នាក់​ដើរមក​ក្បែរ​រួច​សុំ​បារី​ពី​ជន​រង​គ្រោះ​ដើម្បី​ជក់ ហើយ​ដក​ដាវ​សាំ​មូ​រ៉ៃ​ចេញពី​ចង្កេះ​ភ្ជង់​ជន​រង​គ្រោះ​គំរាម​យក​ទូរស័ព្ទ និង​កាបូប​លុយ​បាន​សម្រេច​ភ្លាម​ៗ រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើត​មាន​ហេតុការណ៍ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តាម​ចាប់​ជនសង្ស័យ ។ ភ្លាម​ៗ​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​តាមដាន​តាំងពី​វេលា​ម៉ោង​កើតហេតុ​រហូត​មក​ទល់​ព្រឹក​ឡើង​ទើប​ចាប់​ជនសង្ស័យ​ទាំ​៣​នាក់​បាន​តែ​ម្តង ដោយ​ដកហូត​បាន​ដាវ​សាំ​មូ​រ៉ៃ​១​ដើម និង​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ត្រឡប់​មក​វិញ​ដូច​ដើម​គ្មាន​បាត់បង់​អ្វី​ឡើយ ។

យ៉ាងណាមិញ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។ ដោយឡែក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ទាំង​ប៉ុន្មាន​ដែល​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ទាំងអស់ រួច​ធ្វើការ​អប់រំ​ណែនាំ​កុំ​អោយទៅ​អង្គុយ​កន្លែង​ស្ងាត់​ៗ​តែ​ម្នាក់ឯង​ទៀត​នៅ​ពេល​ក្រោយ ៕