ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ៥​ចំណុច

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​

រាជធានីភ្នំពេញ ៖ វិមាន​កីឡដ្ឋាននៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈ​ធម្មយុត្តិ​ក​និយាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​, ​លោក​ វ៉ាង វិធាន ឯកអគ្គ​រដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​កាករ​ពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC​។

ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​ពិធី​សម្ពោធ​សមិទ្ធផល​ប្រវត្តិសាស្ដ្រ​ដ៏​មហា​អស្ចារ្យ​ខាងលើ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏​បាន​ធ្វើការ​អបអរសាទរ​ពិធី​រាប់​ថយក្រោយ ៥០២​ថ្ងៃ នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (SEA Games-ASEAN Para Games) ឆ្នាំ​២០២៣ ពិសេស សម្ដេច​បាន​ប្រកាស​បើក​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA Games-ASEAN Para Games ជាមួយ​ចក្ខុវិស័យ​៥​ចំណុច ដើម្បី​ជំរុញ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ ឲ្យ​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។

ចក្ខុវិស័យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ខាងលើ រួម​មាន​៖

១- ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត មន្ទីរ អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ព្រឹត្តិការណ៍​ប្រកួត SEA Games-ASEAN Para Games ឆ្នាំ​២០២៣ តាម​គ្រប់​រូបភាព និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ​របស់​ខ្លួន ឲ្យ​បាន​ផុលផុស​នៅ​គ្រប់​ទីកន្លែង​។

២- ក្រសួងការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្ដរជាតិ ស្ថានទូត ស្ថាន​តំណាង​នៅ​ក្រៅប្រទេស និង​ក្រសួង​ស្ថាប័ន​នានា ត្រូវ​ចូលរួម​យុទ្ធនាការ​ការទូត និង​កិច្ចការបរទេស​កីឡា ដោយ​ដាក់​របៀបវារៈ នៃ​ការ​ផ្សព្វផ្សាយ ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ជា​លើក​ដំបូង ដោយ​ប្រើប្រាស់​គ្រប់​វេទិកា​សវនាការ ជំនួប​ទ្វេភាគី ពហុភាគី ជា​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ ដើម្បី​ស្វែងរក​ការ​ឧបត្ថម្ភ​គាំទ្រ​ជា​អន្ដរជាតិ​។

៣-​ត្រូវ​រួម​គ្នា​លើ​កម្ពស់​កិត្តិយស និង​មុខមាត់​កម្ពុជា តាម​រយៈ​ឥទ្ធិពល​ព្រឹត្តិការណ៍​កីឡា SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ក្នុង​យុទ្ធនាការ​អប់រំ​សង្គម និង​ផ្សព្វផ្សាយ «​កីឡា​រស់​ក្នុង​សន្ដិភាព​» «​ប្រជាជន​ម្នាក់ លេង​កីឡា​មួយ​មុខ​» «​កម្ពុជា​ស្អាត​» «​កម្ពុជា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយឥទ្ធិពល​គ្រឿងញៀន​»​។

៤-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ត្រូវ​មាន​ស្មារតី​ទទួលខុសត្រូវ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ដោយ​គោរព​តាម​គោលការណ៍​កីឡា​បៃតង និង​កីឡា​ស្អាតស្អំ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ កិត្តិយស ក្នុង​នាម​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ជា​លើក​ដំបូង​។ សហព័ន្ធ​កីឡា​ជាតិ កីឡាករ​-​កីឡាការិនី និង​កីឡាករ​-​កីឡាការិនី​ជន​ពិការ សូម​ខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត បញ្ញា និង​ស្មារតី ក្នុង​ការ​ហ្វឹកហាត់ អភិ​វឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​កីឡា និង​បំពេញបេសកកម្ម​រៀង​ៗ​ខ្លួន ជាមួយ​និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ប្រកបដោយ​ជោគជ័យ​។

៥-​សូម​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​-​លោកស្រី និង​ក្រុមហ៊ុន សហគ្រាស​ឯកជន​ទាំងអស់ ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​មូលនិធិ​កីឡា​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២៣ ដើម្បី​រួមចំណែក​ទ្រទ្រង់​ការ​ចំណាយ​រៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ​។

សូម​បញ្ជាក់​ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ វិមាន​កីឡដ្ឋាន នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​ពិធី​រាប់​ថយក្រោយ ៥០២​ថ្ងៃ នៃ​ដំណើរ​ឆ្ពោះទៅ SEA Games-ASEAN Para Games ឆ្នាំ​២០២៣ ត្រូវ​បាន​រៀបចំ​យ៉ាង​អធិកអធម ដោយ​មានការ​សម្ដែង និង​ទស្សនីយភាព​ជា​ច្រើន ពី​សំណាក់​ក្រុម​សិល្បៈ និង​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ ពិសេស​ការ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៥,០០០​នាក់ ចូលរួម​ដោយ​ផ្ទាល់ ដើម្បី​អបអរសាទរ​សមិទ្ធផល​ដ៏​មហិមា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ