ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​សម្ភាស​ការងារ ចេញ​មក​វិញ​ចោរលួច​ម៉ូតូ​បាត់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា​នេះ នៅ​ស្ថា​នី​ចាក់​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៣០ ខែឧសភា​នេះ នៅ​ស្ថា​នី​ចាក់​ប្រេង​តេ​លា តាម​បណ្ដោយ​ផ្លូវ​ឧកញ៉ា ម៉ុង ឬ​ទ្ធី ស្ថិត​ក្នុងភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មាន​ចោរលួច​កាច់​សោក​ម៉ូតូ​បាន​សម្រេច ហើយ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា រូប​នាង​ឈ្មោះ ទាវ រ៉ា​វី អាយុ​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​មានស្រុក​កំណើត​នៅ​ខេត្តក្រចេះ ។

នារី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ដែល​នាង​ជិះ​មក​សម្ភាស​ការងារ ហើយ​ត្រូវ​ចោរលួច​យក​ទៅ​បាត់​នោះ តាម​ពិតជា​ម៉ូតូ​ខ្ចី​គេ​ទេ ដែល​ម្ចាស់​ម៉ូតូ​នៅ​បន្ទប់​ជួល​ជាប់​គ្នា ហើយ​គេ​ឲ្យ​មក​ជួយ​យក​កូន​គេ​ចេញពី​រៀន ។ ម៉ូតូ​នោះ​ជា​កម្មសិទ្ធិ ឈ្មោះ លឿម លាក ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ជា​ម៉ូតូ​ហុងដា​វ៉េវ សេ​១០០ ពណ៌​ខ្មៅ ពាក្យ​ស្លាក​លេខ សៀមរាប 1R-1476 ។ នារី​រង​គ្រោះ​បាន​បន្ថែម​ទៀត​ថា មុន​ពេល​កើតហេតុ រូប​នាង​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ដែល​ស្នាក់​នៅ​បន្ទប់​ជាប់​គ្នា ពឹងពាក់​ឲ្យ​ទៅ​ជួយ​យក​កូន​គាត់​នៅ​សាលារៀន តែ​នាង​ឆ្លើយ​ថា ជាប់រវល់​ប្រញាប់​ទៅ​សម្ភាស​ការងារ ហើយ​ម្ចាស់​ម៉ូតូ​ក៏​ប្រាប់​ថា ឲ្យ​យក​ម៉ូតូ​គាត់​ទៅ​អ​ញ្ចឹ​ង ។

ក្រោយ​ពី​ជូន​កូន​ម្ចាស់​ម៉ូតូ​ដាក់​ផ្ទះ​ហើយ នាង​ប្រញាប់​ទៅ​កន្លែង​សម្ភាស​ការងារ ដូច​អាសយដ្ឋាន​ខាងលើ ក្រោយ​ពី​រូបគេ​បាន​ចូល​ក្នុង​បន្ទប់​សម្ភាស​ប្រមាណ​ជា​២០​នាទី ពេល​ចេញ​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្ដង ធ្វើ​ឲ្យ​នាង​ស្រឡាំងកាំង និង​តក់ស្លុត​ជា​ខ្លាំង​ព្រោះ​ជា​ម៉ូតូ​គេ​ផង ។ ឃើញ​ហេតុការណ៍​បែប​នោះ សន្តិសុខ​ដែល​នៅ​ចាក់​សាំង​ជិត​នោះ​បាន​ប្រាប់​ថា ឃើញ​មនុស្ស​ប្រុស​ម្នាក់​ជិះ​ចេញ​ទៅ​បាត់​ហើយ ។ ភ្លាម​ៗ​នោះ​ដែរ​នារី​រង​គ្រោះ បាន​ជិះ​ម៉ូតូឌុប ទៅ​ដាក់​ពាក្យបណ្ដឹង​នោ​ប៉ុស្ដិ៍​រដ្ឋបាល សង្កាត់​ភ្នំពេញ​ថ្មី​ដែរ តែ​ខាង​សមត្ថកិច្ច​ប្រាប់​ថា គេ​កំពុង​ជាប់រវល់ ចាំ​ព្រឹកស្អែក​ចាំ​មក​ម្ដងទៀត ។ នារី​រង​គ្រោះ​ក៏​ជិះ​ម៉ូតូឌុប​តម្រង់​មក​ផ្ទះ​វិញ ទាំង​ក្តី​អស់សង្ឃឹម​បំផុត ៕