ភ្នំពេញ៖ រាជរដ្ឋាភិបាល ប្រកាសពីការពិនិត្យលទ្ធភាពសិក្សាក្នុងការអភិវឌ្ឍផ្លូវដែកកម្ពុជា ដែលមានស្រាប់ ក្នុងពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ជាពិសេសតភ្ជាប់ទិសដៅពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ និងទិសដៅពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មី ពីក្រុងប៉ោយប៉ែត ទៅខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ធំ និងរាជធានីភ្នំពេញ រួមទាំងខ្សែផ្លូវដែកតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ព្រំដែនវៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កើនសមត្ថភាពការដឹកជញ្ជូន សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ដំណឹងនៃការអភិវឌ្ឍផ្លូវដែកកម្ពុជាខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
សូមរម្លឹកថា ផ្លូវដែក ដែលមានស្រាប់ ក្នុងប្រទេសកម្ពុជាមាន ២ ខ្សែ។ ខ្សែទី១-ភ្នំពេញ ទៅប៉ោយប៉ែត ជាប់ព្រំដែនប្រទេសថៃ ប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ និងខ្សែទី២- ពីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត មានចម្ងាយចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបានសាងសង់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩។
ក្រោយឆ្នាំ១៩៧០ ផ្លូវដែកទាំងពីរខ្សែនេះ មានសភាពចាស់ទ្រុឌទ្រោម និងត្រូវបានបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ពិសេសក្រុមខ្មែរក្រហម បានពួនស្ទាក់បាញ់កម្ទេចជាញឹកញាប់ កាលពីមុនឆ្នាំ១៩៩៧។
មុនឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន Toll Holding របស់ប្រទេសអូស្ត្រាលី សម្រាប់ការធ្វើអាជីវកម្មលើផ្លូវដែក។ មានន័យថា ក្រុមហ៊ុនអូស្ត្រាលីនេះ មានភារកិច្ចធ្វើអាជីវកម្មលើផ្លូវដែក និងជួសជុលថែទាំ ក្នុងរយៈពេល ៣០ ឆ្នាំ។ ក្រោយមក ក្រុមហ៊ុនឯកវិនិយោគលើផ្លូវរថភ្លើងនេះ បានប្តូរមកជាក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC) របស់អ្នកឧកញ៉ា គិត ម៉េង រហូតដល់សព្វថ្ងៃ។
ការស្តារផ្លូវដែកនៅកម្ពុជាឡើងវិញ កាលណោះ ត្រូវប្រើប្រាស់នូវទឹកប្រាក់សរុបចំនួន ១៤១,៦ លានដុល្លារអាមេរិក ក្នុងនោះ រួមមាន៖ ហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៨៤ លានដុល្លារ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន ២១,៥ លានដុល្លារ ឥណទានពីអង្គការ OPEC ចំនួន ១៣ លានដុល្លារ និងអំណោយពីរដ្ឋាភិបាលម៉ាឡេស៊ី នូវដែករ៉ៃ គិតជាទឹកប្រាក់ចំនួន ២,៨ លានដុល្លារអាមេរិក ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ២០,៣ លានដុល្លារអាមេរិក។
ការស្តារផ្លូវដែកនៅកម្ពុជាឡើងវិញនោះ ដើម្បីភ្ជាប់ជាមួយផ្លូវដែកប្រទេសថៃ និងបន្តទៅកាន់ប្រទេសវៀតណាម នៅក្នុងគម្រោងផ្លូវដែកអាស៊ាន។ នោះគឺគម្រោងផ្លូវដែកសិង្ហបូរី-គុនមិញ ( SKRL ) ដែលត្រូវឆ្លងកាត់ពីប្រទេសសិង្ហបូរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម និងគុនមិញ ប្រទេសចិន។
ចាប់ពីឆ្នាំ២០១៨ ផ្លូវដែកកម្ពុជា ទាំង ២ខ្សែនេះ បានបើកដំណើរការដឹកជញ្ជូនអ្នកដំណើរ ភ្នំពេញ-ខេត្តព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត ជាប់ព្រំដែនថៃ៕




ចែករំលែកព័តមាននេះ