ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​កាយសម្ព័ន្ធ បិទ​បញ្ចប់​ ដោយក្លិប​ក្រសួងមហាផ្ទៃ​បាន​មេដាយមាស​នាំមុខ​គេ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​​លោក​​បណ្ឌិត ថោ​ង ខុន លើក​ទី​៥ ឆ្នាំ​

​រាជធានីភ្នំពេញ ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ពានរង្វាន់​​លោក​​បណ្ឌិត ថោ​ង ខុន លើក​ទី​៥ ឆ្នាំ​២០២១ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២១ នៅ​សាលា​បឋម​សិក្សា​សាលា​លេខ​៥ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បន្ទាប់​ពី​ដំណើរការ​ប្រកួត​ដោយ​រលូន​អស់​រយៈពេល​៦​ថ្ងៃ ដោយ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ គឺជា​ការ​សម្រួច​គុណ​ផល​កីឡា ឆ្ពោះទៅ​ចូលរួម​ការ​ប្រកួត ស៊ី​ហ្គេ​ម​គោលដៅ ២​លើក​ចំពោះ​មុខ​។ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នេះ ក្លិប​ក្រសួងមហាផ្ទៃ និង ក្លិប​ផ្សេង​ទៀត​ដណ្ដើម​បា​ន​មេដាយ​ប្រកៀក​ប្រកិត​គ្នា តែ​កីឡាករ​កីឡាការិនី​មក​ពី​ក្លិប​ក្រសួងមហាផ្ទៃ​គឺជា​អ្នក​បំបែក​កំណត់​ត្រា​ប្រចាំឆ្នាំ​។

លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​​លោក​​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​មាន​ប្រសាសន៍​ថា ការ​ប្រកួត​កីឡា​កាយសម្ព័ន្ធ​ថ្នាក់​ជាតិ និង​ពានរង្វាន់​​លោក​​បណ្ឌិត ថោ​ង ខុន ឆ្នាំ​នេះ គឺជា​គោលបំណង​ចម្បង ក្នុង​ការ​សម្រួច​គុណ​ផល​កីឡា​កាយសម្ព័ន្ធ ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ត្រៀម​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្វី​ដែល​ពិសេស គឺ​ផ្នែក​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក ត្រូវ​បាន​ផ្តោត​សំខាន់​ខ្លាំង សម្រាប់​ឆ្ពោះទៅ​ប្រកួត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២២ ឲ្យ​មាន​លទ្ធផល​ដ៏​គាប់ប្រសើរ ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ ដើម្បី​ត្រៀម​ស៊ី​ហ្គេ​ម​គោលដៅ ២​លើក ចំពោះ​មុខ​នេះ ក្រុម​ជម្រើសជាតិ​កាយសម្ព័ន្ធ​នឹង​ត្រៀម​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ផង​ដែរ​។

លោក​បន្ថែម​ថា ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ និង​ពានរង្វាន់​​លោក​​បណ្ឌិត ថោ​ង ខុន ឆ្នាំ​នេះ មាន​ភាពល្អ​ប្រសើរ​ច្រើន លើ​ផ្នែក​វិញ្ញាសា​កីឡា​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក មិន​ថមថយ​គុណភាព​បច្ចេក​ទេ​ស​នោះ​ទេ ខណៈ​ប្រភេទ​វិញ្ញាសា​កាយសម្ព័ន្ធ​អា​ទី​ស្ទីក មាន​មួយ​ចំនួន​មិន​ទាន់​មាន​លក្ខណៈ​ពេញលេញ ដោយសារ​ការ​ហ្វឹកហាត់​ក្នុង​បរិបទ​កូ​វិ​ដ​-១៩ មិន​បាន​ពេញលេញ​ល្អ និង​ខ្វះខាត​សម្ភារ​ជាដើម​។

តំណាង​​លោក​​ប្រធាន​សហព័ន្ធ​រូប​នេះ បន្ថែម​ទៀត​ថា បើ​ទោះបីជា​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្លិប​កីឡា​សាលា​លេខ​៥​ក៏​ពិតមែន ប៉ុន្តែ​ការ​វាយតម្លៃ​លើ​ការ​រៀបចំ និង​បច្ចេកទេស អាច​ទទួលយក​បាន​។ «​តាម​រយៈ​ការ​ប្រកួត​ដ៏​ធំ​ប្រចាំឆ្នាំ​នេះ គឺ​ក្រុម​ជម្រើសជាតិ នៅ​តែ​មានគុណ​ផល​ល្អ ដោយសារ​​លោក​​បណ្ឌិត ថោ​ង ខុន ជំរុញ​ឲ្យ​បន្ត​ការ​ហ្វឹកហាត់​បិទ​ខ្ទប់ ហើយ​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​អនុវត្ត​បច្ចេកទេស ខ្ញុំ​អនុវត្ត​តាម​អនុសាសន៍​របស់​​លោក​​ប្រធាន ដែល​ធ្វើ​ឲ្យ​កីឡាករ កីឡាការិនី​ជម្រើសជាតិ នៅ​តែ​មាន​ភាព​មោះមុត​លើ​ផ្នែក​បច្ចេកទេស​កម្រិត​ខ្ពស់​ដដែល​»​។

ជាមួយ​គ្នា​នោះ ក្នុង​នាម​មហា​គ្រួសារ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា លោក ណ​យ ផា​ណា បង្ហាញ​នូវ​ក្តី​រីករាយ​យ៉ាង​ខ្លាំង ដែល​ព្រឹត្តិការណ៍​ឆ្នាំ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​រលូន និង​ជោគជ័យ ក្នុង​បរិបទ​ថ្មី គន្លង​ថ្មី ដែល​ធ្វើ​ឲ្យ​គ្រប់​វិស័យ រួម​ទាំង​វិស័យ​កីឡា​ផង អាច​បន្តដំណើរ​អភិវឌ្ឍន៍​ឡើង​វិញ ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ស្រប​ពេល​ដែល​ផ្នែក​ជំនាញ​របស់​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក៏​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ សម្ភារ​ហ្វឹកហាត់ ពី​បណ្តា​ប្រទេស​ជា​មិត្ត ដូច​ជា​ជប៉ុន រុ​ស្ស៊ី ចិន ដែល​​លោក​​បណ្ឌិត ថោ​ង ខុន និង​លោក​ឧកញ៉ា សុខ ហុង អនុប្រធាន​សហព័ន្ធ តែងតែ​ប្រឹងប្រែង​អភិវឌ្ឍ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ជា​ពិសេស​គឺ​គោលដៅ​ធំ​នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្តង​។

សូម​បញ្ជាក់​ថា ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​លើ​គ្រប់​វិញ្ញាសា គណៈកម្មការ​បច្ចេកទេស សម្រិតសម្រាំង​បាន​លទ្ធផល​បច្ចេកទេស​លើក​វិញ្ញាសា​កាយសម្ព័ន្ធ​អា​ទី​ស្ទីក ៦​វិញ្ញាសា និង​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក​សរុប ៥​វិញ្ញាសា គឺ​ក្លិប​កាយសម្ព័ន្ធ​ក្រសួងមហាផ្ទៃ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្តើម​បាន​មេដាយមាស ៤, លេខ​២ ខេត្តក្រចេះ មេដាយមាស ៣, ខេត្តកំពង់ឆ្នាំង មេដាយមាស ៣ និង​ខេត្តតាកែវ មេដាយមាស ១​។ ក្រៅពី​នេះ ក៏​មាន​ជ័យ​លា​ភី​លេខ​២ និង​លេខ​៣ អម​លើ​វិញ្ញាសា​សរុប​ទាំង ១១​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ