ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​តវ៉ា​កាន់តែ​ខ្លាំង ក្រោយ​លោកគ្រូ រាជ សូ​ផែន ចោទ​មន្ត្រី​គុន​ខ្មែរ​អាណ្ណត្តិ​ថ្មី​កើត​ចេញពី​ការ​បោះ​ឆ្នោត​ដោយ​បង្ខំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រកាស​ឱ្យ​ដឹង​ពី​ប្រធាន​សហព័ន្ធនិង​មន្ត្រី​ក្នុង​អាណ្ណត្តិ​ថ្មី ដែល​ខាងស​ហ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រកាស​ឱ្យ​ដឹង​ពី​ប្រធាន​សហព័ន្ធនិង​មន្ត្រី​ក្នុង​អាណ្ណត្តិ​ថ្មី ដែល​ខាងស​ហព័ន្ធ​អះអាងថា ជា​មន្ត្រី​អាណ្ណត្តិ​ថ្មី​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​នោះ លោក រាជ សូ​ផែន ដែល​ជា​អគ្គលេខាធិការ​រង​ក្នុង​អាណ្ណត្តិ​ចាស់​កាលពី​ថ្ងៃ​ទី​១២ ធ្នូ បាន​បង្ហោះ​ភ្ជាប់​នឹង​បញ្ជី​ឈ្មោះ​ដែល​ទើបបានបង្ហាញ​ថា​«​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស​គណៈក​ម្មា​ធិ​ការ​ប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរអាណត្តិ​ទី​៧(២០២១ -២០២៥)​កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២១ បាន​ធ្វើ​ឡើង​ដោយ​ការ​ចាប់បង្ខំ និង​សម្រេច​ដោយ​ភាព​តក់ក្រហល់​។

លទ្ធផល​មិន​ឯកច្ឆន្ទ​ដោយ​សមាជិក​មួយ​ចំនួន​មិន​លើកដៃ​ឯកភាព​ឡើយ ព្រោះ​នេះ​ជា​ការ​រៀបចំ​ទុកជា​មុន​ដោយ​លក្ខណៈ​បក្សពួក​និយម ។ ខ្ញុំ​ខិតខំ​ស្ទើរ​មួយ​ជីវិត​ដើម្បី​គុន​ខ្មែរ ប៉ុន្តែ​គ្មាន​ន័យ​អ្វីដូច​បក្សពួក​អែបអប​ឡើយ ។ ឱ​គុន​ខ្មែរ​អើយ​តើ​ឆ្នាំ​២០២៣​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ទៅ​ជា​យ៉ាងណា​? បើ​ផ្ទៃក្នុង​ដឹកនាំ​សហព័ន្ធ កំពុង​តែ​រកាំរកូស​គ្នា​ចាប់ពី​ពេល​នេះ​ទៅ​ហើយ​នោះ​»​។

ក្នុង​ឯកសារ​លោក រាជ សូ​ផែន បង្ហោះ ក៏​បាន​សរសេរ​នៅ​ក្បាល​ខាងលើ​ថា​«​ការ​បញ្ចប់​អាណ្ណត្តិ​ទី​៦ (2016-2021) និង​លទ្ធផល​បោះ​ឆ្នោត​ជា​កញ្ចប់ ដើម្បី​រៀបចំ​គណៈកម្មការ​ប្រ​តិ​បត្ត​អាណ្ណត្តិ​ទី​៧ (2021-2025) របស់​សហព័ន្ធ​គុន​ខ្មែរ កាលពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០២១ ប្រកបដោយ​ភាព​ចម្រូងចម្រាស មិន​ចុះសម្រុង​គ្នា ព្រោះ​លទ្ធផល​នេះ បញ្ចប់​ដោយ​ភាព​តក់ក្រហល់​ជាទី​បំផុត​(​លទ្ធផល​មិន​ឯកច្ឆន្ទ​)ការ​រៀបចំ​សមាសភាព​ដឹកនាំ​មិន​តម្លាភាព បក្សពួក​និយម ហើយ​បាន​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន ក្នុង​ជួរ​ដឹកនាំ​សហព័ន្ធ​មិន​ពេញចិត្ត​តាម​ការ​រៀបចំ​រចនាសម្ព័ន្ធ​នេះ​ឡើយ​(​តើ​វាសនា​គុន​ខ្មែរ ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​២០២៣ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នឹង​ទៅ​ជា​យ៉ាងណា​)​។ ក្រោយ​ការ​បង្ហោះ​របស់​លោក គឺមានការ​បញ្ចេញមតិ​ជា​ច្រើន​។

ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ផល បាយ័ន ដែល​អះអាង​ថា ជា​អតីត​គណៈកម្មការ​ក្នុង​វិស័យ​នេះ បាន​សរសេរ​បង្ហោះ​ថា​«​ខ្ញុំ​មិន​ចង់​ដឹង មិន​ចង់​ឮ ប្រដាល់​គុន​ខ្មែរ ព្រោះ​ដើរ​ចេញ​យូរហើយ​។ ចង់​សួរ​ថា មុខ​តំណែង​បោះ​ឆ្នោត​មន្ត្រី​សហព័ន្ធ​គុន​ខ្មែរ មុខ​តំណែង​ខ្លះ មាន​អ្នក​នាំ​ចូល អ្នក​នាំ​ចេញ ហើយ​មាន​ប្អូនធម៌ បងធម៌ និង​បងប្អូន​ថ្លៃ​ទៀត ចឹ​ង​បោះ​ឆ្នោត​ធ្វើ​អី នៅ​តែ​មិន​យល់​។ លោកគ្រូ​ៗ​ដឹង​បកស្រាយ​ផង អរគុណ​ទុក​មុន​»​។

ជាមួយនឹង​ការ​ចោទ​ថា គណៈកម្មការ​ដែល​ទើប​បោះ​ឆ្មោ​ត​ថ្មី គឺជា​ការ​រៀបចំ​ទុក ហើយ​ជាមន្ត្រី​ដែល​គណៈកម្មការ​ភាគច្រើន​ខាងក្នុង​មិន​ពេញចិត្ត គេ​មិន​ទាន់​ឃើញ​ឯកឧត្តម តែម ម៉ឺន និង​មន្ត្រី​ធំ​ៗ ក្នុង​អាណ្ណត្តិ​ថ្មី ចេញ​មុខ​បកស្រាយ​ឡើយ គឺ​ស្ងាត់ឈឹង​នៅឡើយ ស្រប​ពេល​ដែល​អ្នក​តាមដាន​ច្រើន​ឡើង​បង្ហាញ​ប្រតិកម្ម​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​នោះ​។

លោក វី​ជេ ហេ​រ៉ូ អ្នក​អត្ថាធិប្បាយ​ប្រដាល់ បាន​ប្រកាស​ថា នឹង Live រិះគន់​លើ​ករណី​នេះ​។

លោក​បាន​សរសេរ​ភ្ជាប់​នឹង​សំ​ណេ​រ​របស់​លោកគ្រូ​រាជ សូ​ផែន ថា «​ខ្ញុំ​ថា​មែន​ៗ ថា​អីចេះ​ខុស ប្រាប់​ហើ​យ​មិន​ជឿ តែ​គេ​ទ្រាំ​លែង​បាន​គឺ​វាអ​ញ្ចឹ​ង​ឯង ចាំ​មើល​ថា​តើ​មាន​អ្នកតស៊ូ​ជាមួយ​គុន​ខ្មែរ​ណាខ្លះ​ទៀត​ចេញ​មុខ​ពន្លះ​បែប​នេះ តើបងប្អូន​ចង់អោយ​ខ្ញុំ​សម្ភាសន៍​ជាមួយ​លោកគ្រូ​ទេ ចង់អោយ​ខ្ញុំ Live ទេ​?»​។

លោកបន្ត​ថា មក​ទល់​ពេល​នេះ ការ​រិះគន់​ចំពោះ​សមាសភាព​ក្នុង​អាណ្ណត្តិថ្មី​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ កាន់តែ​បង្ក​ការចាប់អារម្មណ៍ ។ ការ​រិះគន់​ក៏​កំពុង​ធ្វើ​ឱ្យ​មានការ​រំពឹង​ថា អាច​នឹង​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​សមាសភាព​ដែល​ទើប​ជាប់​ឆ្នោត​ផង​ដែរ បន្ទាប់​ពី​អ្នកមិន​ពេញចិត្ត​ច្រើន​ឡើង​ហ៊ាន​លើក​ឡើង​ពី​ករណីនេះ និង​បាន​បន្ត​ការ​ចោទ​ថា នេះ​គឺជា​សមាសភាព​ដែល​កើត​ចេញពី​បក្សពួក និង​ខ្សែបណ្ដាញ ហើយ​មិន​បាន​ផ្ដល់​ឱកាស​អោយ​អ្នកមាន​សមត្ថភាព និង​មន្ត្រី​ដែល​តស៊ូ​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ