ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡា​រាំ​ថ្នាក់​ជាតិ បញ្ចប់​ការ​ប្រកួត​ដោយ​សម្រាំង​បាន​ជើង​ខ្លាំង​ឆ្នើម​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​កីឡា​រាំ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ របស់​ខ្លួន​ជា​

​រាជធានីភ្នំពេញ ៖​ សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បញ្ចប់​ការ​ប្រកួត​កីឡា​រាំ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ របស់​ខ្លួន​ជា​ផ្លូវការ​ហើយ បន្ទា ប់​ពី​បាន​បើក​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ២០២១ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន ដោយ​សហព័ន្ធ​នេះ​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា​ធនធាន​ដែល​ដែល​ខ្លួន​ជម្រើស​បាន​ក្នុងឆ្នាំនេះ នឹង​ក្លាយជា​ធនធាន​ដ៏​ខ្លាំង​របស់​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ កីឡាករ​កីឡាការិនី​ដែល​ជា​ម្ចាស់​ពាន​សម្រាប់​វិញ្ញាសា​នីមួយ​ៗ ក៏​សុទ្ធតែ​ជា​កម្លាំង​ក្មេង​ៗ​ស្រប​ពេល​ដែល​សហព័ន្ធ​ក៏​ទទួលស្គាល់​ថា​វិស័យ​នេះ មានការ​ឈាន​ឡើង​។

លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​បញ្ជាក់​ថា ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ ទទួល​បានការ​គាំទ្រ​ជាង​មុន ដោយ​កីឡាករ​កីឡាការិនី​ចូល​ប្រកួត​ក៏​ច្រើន​ជាង​មុន ហើយ​ប្រតិភូ​ដែល​ចូលរួម​ជា​កិត្តិយស ក៏​សុទ្ធតែ​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​មាន​ន័យ​ថា កីឡា​នេះ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​។ លោក​ជំទាវ​ថា ក្នុង​រយៈពេល​នៃ​ការ​ប្រកួត គ្រូបង្វឹក និង​គណៈកម្មការ​ត្រូវ​បាន​បណ្ដុះបណ្ដាល​កាន់តែ​ល្អ​មុន​ប្រកួត ហើយ កីឡាករ កីឡាការិនី ដែល​បាន​ចូលរួម​ប្រកួត គឺ​មាន​រហូត​ដល់​ចំនួន ៥០​នាក់ មក​ពី​៦​ក្លិប ដែល​ជា​ចំនួន​កើនឡើង​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​។ ការ​ប្រកួត​នៅ​ក្នុងឆ្នាំនេះ សហព័ន្ធ​បាន​កំណត់​យក ២៣ ដោយ​សុទ្ធតែ​វិ​ញ្ញា​ជា​លក្ខណៈ​អន្តរជាតិ ដោយ​ម្ចាស់​ពាន និង ម្ចាស់​មេដាយ​សម្រាប់​វិញ្ញាសារ​នីមួយ​ៗ គឺ​មាន​សមត្ថភាព និង សុទ្ធតែ​ជា​ធនធាន​ល្អ​។

អ្វី​ដែល​គួរ​កត់សម្គាល់ គឺ​ការ​ប្រកួត​នេះ បាន​ដំណើរការ​ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហការ​ចូលរួម​ឧបត្ថម្ភ​បន្ថែម​ពី​ក្រុមហ៊ុន​ចំនួន​១៨​ផ្សេង​ទៀត ដែល​កាន់តែ​ជួយ​អោយ​សហព័ន្ធ​មាន​លទ្ធភាព​គ្រប់គ្រាន់​។ លោក​ជំទាវ​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា កំពុង​បោះ​ជំហាន​ទៅ​រក​គោលដៅ​ធំ​មួយ​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣ ហើយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជម្រើស​ជើងឯក​ឆ្នាំ​២០២១ ធនធាន​ដែល​សហព័ន្ធ​ជម្រើស​បាន គឺ​កាន់តែ​ធ្វើ​អោយ​សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ខ្ពស់ ក្នុង​ការ​ប្រកួតប្រជែង​។

លោក​ជំទាវ ញ៉ែ​ម មរកត អនុរដ្ឋលេខាធិការ ក្រសួង​កិច្ចការ​នារី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បង្ហាញ​នូវ​មោទនភាព បន្ទាប់​ពី​ការ​ប្រកួត​ទាំងមូល​ត្រូវ​បាន​បញ្ចប់​។ លោក​ជំទាវ​ថា ក្នុង​នាម​សហព័ន្ធ​កីឡា​រាំ​កម្ពុជា លោក​ជំទាវ​សប្បាយចិត្ត​ដែល​ធនធាន​ដែល​ជម្រើស​បាន​ពី​ការ​ប្រកួត​ទាំងមូល កាន់តែ​ល្អ​ជាង​មុន ហើយ​លោក​ជំទាវ​ក៏​ស្នើ​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​ជា​គណៈកម្មាធិការ​ប្រតិបត្តិ លោកគ្រូ អ្នកគ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង សហការ​គ្នា បង្កើន​ភាព​ស្និទ្ធស្នាល ស្វាហាប់ ក្នុង​ការងារ​ជំនាញ​កីឡា​រាំ ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ឆន្ទៈ​មោះមុត​ផង​ដែរ ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ប្រកួត SEA GAMES ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។ ការ​ប្រកួត​កីឡា​រាំ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ លើ​២៣​ប្រភេទ​វិញ្ញាសា​នេះ លោក​ជំទាវ​ថា គឺជា​សម្រិតសម្រាំង​មួយ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ ហើយ​ធនធាន​កីឡាករ កីឡាការិនី ដែល​ជម្រើស​បាន ក៏​ជា​ក្ដី​សង្ឃឹម​ដ៏​ធំ​របស់​កម្ពុជា ក្នុង​ការ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។

លោក​ជំទាវ ឆៃ ច័ន្ទ​រិ​ទ្ធី​សូលី​ដា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​រាំ​កម្ពុជា មាន​ប្រសាសន៍​ថា វិស័យ​កីឡា​រាំ​នៅ​កម្ពុជា កាន់តែ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ហើយ​វិស័យ​មួយ​នេះ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ចូលរួម​គាំទ្រ​យ៉ាងច្រើន​ពី​យុវជន យុវនារី​ផង​ដែរ នា​ពេល​ចុង​ក្រោយ​។​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​ប្រកួតប្រជែង បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជុំវិញ​កីឡា​មួយ​នេះ មានការ​ឈាន​ឡើង ហើយ​ក៏​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ប្រឹងប្រែង ទើប​អាច​ទាក់ទាញ​អោយ​យុវវ័យ​ចូល​ប្រកួត​ច្រើន​ឡើង និង មាន​ក្លិប​អាជីព​កើនឡើង ដើម្បី​លើកកម្ពស់​កីឡា​រាំ​។ លោក​ជំទាវ​ថា នេះ​គឺ​លទ្ធផល​នៃ​សុខ​សន្តិភាព​ពេញលេញ ដែល​បណ្ដាល​មក​ពី​កម្ពុជា​មាន​ស្ថេ​រ​ភាព​នយោបាយ សេដ្ឋកិច្ចជាតិ​មានការ​រីក​ចម្រើន ដែល​ជះ​ឥទ្ធិពល​លើ​គ្រប់​វិស័យ ក្នុង​នោះ​ការងារ​អប់រំ​កាយ និង​កីឡា បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម ពីព្រោះ «​កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​» ។

លោក​ជំទាវ​បន្ថែម​ទៀត​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ និង​កីឡា ដោយ​ឈរ​លើ​មូលដ្ឋាន​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍ​ជាតិ និង​ដោយ​ផ្អែក​លើ​បរិបទ​នៃ​ការ​រីក​ចម្រើន​កីឡា​ជាតិ និង​បរិបទ​នៃ​ការ​រីក​ចម្រើន​កីឡា នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​អន្តរជាតិ ជា​ពិសេស​ការ​ត្រៀមលក្ខណៈ​សម្បត្តិ ត្រៀម​សម្រាប់​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ក្នុង​ការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ នា​ពេល​ខាង​មុខ​។ លោក​ជំទាវ បាន​អំពាវនាវ ដល់​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សប្បុរសជន និង​ប្រជាជន​សូម​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី សម្ភារ ថវិកា ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​យើង​។ ក្រោម​ពាក្យស្លោក «​រួម​គ្នា​ធ្វើ​អ្វី​ៗ​ទាំងអស់​គ្នា ដើម្បី​កីឡា ឆ្ពោះទៅ​ជោគជ័យ នៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ