ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ថា ការ​ប្រកួត​កីឡា​ទូកក្ដោង ជើងឯក​អាស៊ី​អាគ្នេយ៍ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នឹង​លេចធ្លោ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ធ្នូ នេះ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ទូកក្ដោង ជើងឯក​អាស៊ី​អាគ្នេយ៍​ជា​ផ្លូវការ​

​រាជធានីភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១៣ ធ្នូ នេះ ប្រទេស​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ទូកក្ដោង ជើងឯក​អាស៊ី​អាគ្នេយ៍​ជា​ផ្លូវការ​ហើយ ដោយ​មាន​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​។ ​

លោក​​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​គណៈ​អចិន្ដ្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២១ បាន​ព្យាករណ៍​ថា ការ​រៀបចំ​ប្រកួត​លើក​នេះ នឹង​ក្លាយជា​បទ​ពិសោធន៍​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ និងជឿ​ទាំងស្រុង​ថា កម្ពុជា​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​តំបន់ ក្រោយ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​។

​លោក​​បណ្ឌិត ថោ​ង ខុន បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ទីតាំង​ប្រកួត និង​សួរសុខទុក្ខ​ប្រភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី មុន​ចាប់ផ្ដើម​ការ​ប្រកួត​ផ្លូវការ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ​ថា នេះ​គឺជា​មុខ​មាត់ធំ​មួយ​របស់​កម្ពុជា ដែល​កម្ពុជា​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ បើ​ទោះជា​លទ្ធផល​មាន​ផ្លែផ្កា​បែប​ណា តែ​កម្ពុជា​ត្រូវ​តែ​រៀបចំ​ការ​ប្រកួត​នេះ​អោយ​បាន​ល្អ ដើម្បី​មុខមាត់​ក្នុង​តំបន់​។

តាម​ការ​បញ្ជាក់​របស់​​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ CAMSOC និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ នៃ​គណៈកម្មការ​រៀបចំ​កីឡា​ទូកក្ដោង ជើងឯក​អាស៊ាន​នេះ បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី រួម​ទាំង​អ្នកជំនាញ និង​គណៈកម្មការ​អន្ដរជាតិ បាន​មក​ជួបជុំ​គ្នា​នៅ​ខេត្ដ​ព្រះ​សីហ​នុ​ហើយ ដោយ​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ជាមួយ​ការ​ទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់​នៅ ហូប​ចុក និង​ការ​រៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ យ៉ាង​ល្អ​ប្រសើរ​ទៀត​ផង​។

​លោក​​មាន​ប្រសាសន៍​ថា អត្ដ​ព​លិ​ក ដែល​ចូលរួម​ការ​ប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ី​គ្នេ​យ៍ លើក​ដំបូង​នៅ​កម្ពុជា​នេះ គឺ​មាន៣​ប្រទេស រួម​មាន គឺ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​ម្ចាស់ផ្ទះ​កម្ពុជា ដោយ​មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៧​នាក់​។ ហើយ​នៅ​ល្ងាច​ថ្ងៃអាទិត្យ ក៏​ជា​ព្រឹត្តិការណ៍​បើក​ការ​ប្រកួត ដោយ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ រៀបចំ​ពិធី​បើក​ការ​ប្រកួត ដែល​មាន​លោក​​បណ្ឌិត ថោ​ង ខុន មុន​ដំណើរការ​ធ្វើ​ជា​គណៈអធិបតី​ផង​ដែរ​។

ការ​ប្រកួត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ដោយ​មក​ទល់​ពេល​នេះ ទឹកដី​ខេត្ត​ព្រះ​សីហ​នុ​ទាំងមូល ក៏​ត្រូវ​បាន​រៀបចំ​ចាត់ចែង​យ៉ាង​ល្អ ដើម្បី​អោយ​ការ​ប្រកួត​មួយ​នេះ ទទួល​បាន​ភាព​ទាក់ទាញ​។ កីឡាករ​កម្ពុជា បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​មិន​អន់​ឡើយ សម្រាប់​ព្រឹត្តិការណ៍​នេះ ហើយ​ការ​ប្រកួត​ទាំងមូល​ក៏​រំពឹង​ថា នឹង​អាច​អោយ​កីឡាករ​កម្ពុជា ដណ្ដើម​បាន​មេដាយ​ច្រើន​ផង​ដែរ បើ​ទោះជា​កីឡាករ​បរទេស​ដែល​ចូលរួម​ប្រកួត​សុទ្ធតែ​មាន​ប្រវត្តិ​ខ្លាំង​ៗ​។

ការ​ប្រកួត​នេះ តាម​គម្រោង​ត្រូវ​មាន​ប្រទេស​ក្នុង​តំបន់​ចូលរួម​ច្រើន តែ​ដោយសារ​បញ្ហា​កូ​វីត​១៩ ទើប​ការ​ចូលរួម​ត្រូវ​មានការ​ខកខាន ហើយ​ចូលរួម​បាន​តែ​មួយ​ចំនួន តែ​កម្ពុជា​ក៏​មិន​អាច​មើល​ស្រាល​គូប្រកួត​បាន​ដែរ ដោយសារ​តែ​ព្រឹត្តិការណ៍​នេះ មាន​តិច​ប្រទេស​ចូលរួម​មែន តែ​កីឡាករ​ទាំងនោះ​ក៏​សុទ្ធតែ​ខ្លាំង ដែល​មិន​អាច​អោយ​មើល​ស្រាល​បាន​ឡើយ សម្រាប់​ការ​ដណ្ដើម​មេ​ដាយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ