ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកចុងស្រវឹងស្រា ជេរកូនដើម កូនទ្រាំមិនបាន សំពងពីរព្រនង់ បែកក្បាល ហូរឈាមកក្លាក់

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ វ័យ ២០ឆ្នាំ រស់នៅភូមិដំបងច្រុះ ឃុំជាំគ្រវៀន ស្រុកមេមត់ បានប្រើអំពើហិង្សា ដោយយក​ព្រនង់ឈើមួយកំណាត់ វាយទៅលើក្បាលឪពុកចុង…

ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់ វ័យ ២០ឆ្នាំ រស់នៅភូមិដំបងច្រុះ ឃុំជាំគ្រវៀន ស្រុកមេមត់ បានប្រើអំពើហិង្សា ដោយយក​ព្រនង់ឈើមួយកំណាត់ វាយទៅលើក្បាលឪពុកចុង ត្រូវចំនួនពីរកន្លែងបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយ​ហេតុការណ៍នេះ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានចុះអន្តរាគមន៍​ ឃាត់ខ្លួនជនបង្ក ដែលជាកូន នាំមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ។

នគរបាលមូលដ្ឋាន ប្រាប់ថា យុវជនដែលត្រូវឃាត់ខ្លួន ឈ្មោះ គង់ រក្សា អាយុ ២០ឆ្នាំ រស់នៅភូមិកើតហេតុ។ ចំណែក​ឪពុកចុង ដែលរងរបួស ឈ្មោះ អាង ធន អាយុ ៤៨ឆ្នាំ ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។

នគរបាលមូលដ្ឋាន ​បន្ត​ថា ដើមហេតុដំបូង ដោយសារតែបុរសជាឪពុកចុង បានផឹកស្រាស្រវឹង នៅ​ខ្ទមចំការរបស់ម្ដាយឈ្មោះ ខេន មុំ ពេលដែលស្រវឹងនោះ ឪពុករូបនេះ បានជេរប្រទេចមកលើកូន ដែល​ជាហេតុ បណ្ដាលឱ្យយុវជនរូបនោះ ខឹង។ ដោយទ្រាំមិនបាន យុវជននោះ ក៏ទាញព្រនង់ឈើមួយកំណាត់ មកវាយសំពង ត្រូវក្បាលឪពុកចុង បណ្ដាលឲ្យឈាម ហូរស្រោចពេញខ្លួន។ ហេតុការណ៍កូនចុង វាយឪពុកចុងនោះ​ បានកើតឡើង កាលពីវេលាម៉ោង ៣ និង៣០នាទី រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ​២០២១។

ក្រោយពីហេតុការណ៍នេះ ប្រជាពលរដ្ឋនៅក្នុងភូមិ បានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលជាំគ្រវៀនហើយក៏ប៉ូលិស​អន្តរាគមន៍ ចុះទៅជាបន្ទាន់ដល់កន្លែងកើតហេតុ និងឈានដល់ឃាត់ខ្លួនយុវជន​ ជាកូនវ័យ ២០ឆ្នាំរូបនេះ។

ពេលដែលនាំខ្លួនមកដល់អធិការដ្ឋាននគរបាលស្រុកមេមត់ យុវជនជាកូន បានឆ្លើយថា ជាញឹកញាប់ ឪពុកចុងតែង​តែផឹកស្រាស្រវឹង និងជេរប្រទេចមកលើរូបគេជាញឹកញាប់។ លើកនេះ ដោយទ្រាំមិនបាន ក៏យកព្រនង់ឈើ វាយសំពង ទៅលើឪពុកចុងតែម្ដង។

នគរបាលមូលដ្ឋាន បន្ត​ថា ដោយទទួលបញ្ជាពីលោកវរសេនីយ៍ឯក ហុង គឹមហឿន អធិការនគរបាលស្រុក ក៏ដូចជាស្នងការ​នគរបាលខេត្ត នាព្រឹកថ្ងៃទី​១០​ធ្នូ យុវជនដែលបង្កហិង្សាក្នុងគ្រួសារ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុន យុវជនជាកូនចុងរូបនេះ ធ្លាប់បានប្រើប្រាស់គ្រឿងញៀនផងដែរ៕ ចាន់ ថេត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ