ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ កីឡាការិនី ជម្រើសជាតិ​ហែល​ទឹក ត្រៀម​ចេញ​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​ឆ្នាំ​២០២១ នៅ​អា​រ៉ាប់​រួម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បង្ហាញ​សមាសភាព​គ្រូបង្វឹក កីឡាករ កីឡាការិនី ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា

រាជធានីភ្នំពេញ ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បង្ហាញ​សមាសភាព​គ្រូបង្វឹក កីឡាករ កីឡាការិនី ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា ត្រៀម​ចេញដំណើរ​ចេញ​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក (​អាង​ហែល​ទឹក​២៥​ម៉ែត្រ​) នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ប្រទេស​អា​រ៉ាប់​រួម នា​ពេល​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឆ្នូ ឆ្នាំ​២០២១ ខណៈ​ការ​ប្រកួត គ្រោង​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦-២១ ខែ​ធ្នូ​ ឆ្នាំ​២០២១​។

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​គូសបញ្ជាក់​ថា តាម​ពិត​ព្រឹត្តិការណ៍​នេះ ត្រូវធ្វើ​ឡើង​តាំង​តែ​ពី​ឆ្នាំ​២០២០​មក​ម្ល៉េះ ប៉ុន្តែ​ដោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ទើប​ពន្យារពេល​មក​ធ្វើ​ឡើង​វិញ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២១​នេះ​វិញ​។ សម្រាប់​សមាសភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ត្រៀម​ចូលរួម​ការ​ប្រកួត​ជើងឯក​ពិភពលោក​កីឡាហែលទឹក​លើក​នេះ គឺ​សហព័ន្ធ​នឹង​បញ្ជូន​គ្រូបង្វឹក​ម្នាក់ កីឡាករ​២​នាក់ និង​កីឡាការិនី​២​នាក់ ដោយ​ចំនួន​នេះ គឺជា​ការ​កំណត់​ជា​គោលការណ៍​របស់​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ (FINA)​។

អគ្គលេខាធិការ​រូប​នេះ សង្កត់ធ្ងន់​ថា ការ​ចូលរួម​ប្រកួត​របស់​កម្ពុជា ពេល​នេះ គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ផ្តល់​ឱកាស​ជូន​ដល់​កីឡាករ កីឡាការិនី ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ហ្វឹកហាត់​នៅ​សហរដ្ឋអាមេរិក នៅ​ប្រទេស​ថៃ រួម​ទាំង​កីឡាការិនី​ហ្វឹកហាត់​ក្នុងស្រុក​បាន​ចូលរួម​ប្រកួត បង្កើន​គុណភាព​បច្ចេកទេស ក៏​ដូច​ជា​បាន​វាស់​ស្ទង់​បទ​ពិសោធន៍​បន្ថែម ដោយសារ​នេះ​គឺជា​ការ​ប្រកួត​កម្រិត​ខ្ពស់ របស់​ពិភពលោក ដោយ​ប្រភេទ​កីឡាហែលទឹក​នេះ មានការ​ចូលរួម​មិន​ក្រោម ១៨០​ប្រទេស នោះ​ទេ​។ ការ​ចូលរួម​នេះ ក៏​ជា​ចំណែក​មួយ​នៃ​ដំណើរការ​អភិវឌ្ឍ ដើម្បី​ជា​ការ​កំណត់​គោលដៅ​នៃ​ការ​ចូលរួម​ប្រកួតប្រជែង ស៊ី​ហ្គេ​ម លើក​ទី​៣១ នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​គោលដៅ​ដ៏​ធំ​នៃ​ដំណើរ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

«​ប្រសិនបើ​ក្រុម​ជម្រើសជាតិ​ហែល​ទឹក​កម្ពុជា អាច​បង្កើន​សិទ្ធ​ផល​ល្អ​ថ្មី នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​នេះ​បាន នោះ​យើង​នឹង​អាច​ដឹង​កាន់តែ​ច្បាស់លាស់ ក្នុង​ការ​កំណត់​គៅ​ល​ដៅ​សម្រាប់​ការ​ត្រៀម​ចូលរួម​ប្រជែង​ស្វែងរក​មេដាយ នៃ​ស៊ី​ហ្គេ​ម ២​លើក ចំពោះ​មុខ​»​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក ហែម គី​រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ