ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! គ្រូបង្វឹក​កម្ពុជា មាស ចាន់​ណា និង​គ្រូ​ប​ង្វឹក​​កូរ៉េ Lee Tae Hoon ប៉ះ​គ្នា​ជា​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ក្លិប​បាល់ទាត់វិសាខា​ប្រកាស​តែងតាំង លោក Lee Tae Hoonជា​គ្រូ​បង្គោល​ថ្មី​សម្រាប់​ក្លិប​ត្រៀម​ប្រកួត​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ក្លិប​បាល់ទាត់វិសាខា​ប្រកាស​តែងតាំង លោក Lee Tae Hoonជា​គ្រូ​បង្គោល​ថ្មី​សម្រាប់​ក្លិប​ត្រៀម​ប្រកួត​រដូវកាល​២០២២ ខាង​មុខ ធ្វើ​អោយ​គេ​មើលឃើញ​ភ្លាម​ៗ​ថា កំពុង​ផ្ដល់​ឱកាស​អោយ​គ្រូបង្វឹក​ល្បីឈ្មោះ២​រូប​នៅ​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា គឺ​លោក មាស ចាន់​ណា ដែល​ទើបត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ និង​លោក Lee Tae Hoon​ប៉ះ​គ្នា​ក្នុង​ក្រុម​តែ​មួយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​ធ្លាប់​ធ្វើការ​រួម​គ្នា​ក្នុង​ក្រុម​ជម្រើសជាតិ ហើយ​ក្រោយមក ក៏​ចែក​ជើង​គ្នា​បំពេញភារកិច្ច​រៀងៗខ្លួន​។

ការ​ប្រកាស​តែងតាំង​លោក Lee Tae Hoon អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា អោយ​ក្លាយជា​គ្រូ​បង្គោល​ប្រចាំ​ក្លិប​នេះ បាន​ធ្វើ​អោយ​ក្លិប​វិសាខា ក្លាយជា​ក្លិប​បាល់ទាត់​អភិជន​តែ​មួយ​គត់ ដែល​មាន​លទ្ធភាព​យក​គ្រូបង្វឹក​ល្បី​ៗ នៅ​ក្នុង​វិស័យ​បាល់ទាត់ ដើម្បី​ជួយ​ក្រុម​អោយ​កាន់តែលេចធ្លោ ។ វត្តមាន​របស់​លោក Lee Tae Hoon គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ក្លិប​អ្នកមាន​មួយ​នេះ បាន​តែងតាំង​លោក មាស ចាន់​ណា អតីត គ្រូបង្វឹក​ណា​ហ្គា​វើ​ល​ដ៍​អោយ​ក្លាយជា​អ្នកចាត់ការក្នុង​រដូវ​កាល​ថ្មី ។

អ្នក​ទាំង​ពីរ​មិន​គ្រាន់តែ​ជា​ជើង​ខ្លាំង​ដែល​ស្ទួយ​វិស័យ​បាល់ទាត់​ដែល​មានការ​ទទួលស្គាល់​តែ​ម្យ៉ាង​ទេ កាលពី​ពេល​ថ្មី​ៗ​នេះ គឺ​មុន​វត្តមានអ្នក​ទាំង​ពីរ​កាល​ប៉ុន្មាន​ខែ​មុន ក្លិប​វិសាខា ក៏​បាន​​តែងតាំង​លោក ភា សុ​ភ័​ក្ត្រា ដែល​ជា​អ្នកជំនាញ​បាល់ទាត់ អោយ​ក្លាយជា​អ្នកវិភាគ​ដើម្បី​ជួយ​ក្រុម​ក្នុង​ការ​ពង្រឹង​យុទ្ធសាស្ត្រ​ផង​ដែរ ។ អ្នកគាំទ្រ​ច្រើន​ណាស់ កំពុង​ចាប់អារម្មណ៍​ថា ក្លិប​ចំណូល​ថ្មី​ក្នុង​លី​គ
កំពូល​កម្ពុជា វិសាខា កំពុង​ក្លាយជា​ក្លិប​ដែល​រឹង​មាំ ជាងគេ ទាំង​ផ្នែក​កីឡាករ ក្រុម​គ្រូបង្វឹក និង ហិរញ្ញវត្ថុ ដោយ​ចាប់តាំងពី​បាន​បង្ហាញខ្លួន គឺ​ក្លិប​មួយ​នេះ បោះទុន​យ៉ាងច្រើន​បង្កើត​តារាង​ផ្ទាល់ខ្លួន ទិញ​កីឡាករ​ឆ្នើម​ៗ និង​ចុង​ក្រោយ​នេះ គឺ​ឈាន​ដល់​ការ​ផ្ដល់​ប្រាក់ខែ​ដ៏​ខ្ពស់​ដើម្បី​យក​គ្រូបង្វឹក​ល្បី​ៗអោយមក​ជួយ​ក្រុម ។

ការ​ប្រកាស​របស់​ក្លិប បង្ហាញយ៉ាង​ច្បាស់​ថា លោក Lee Tae Hoon និង​លោក មាស ចាន់​ណា មានឱកាស​ធ្វើការ​ជាមួយ​គ្នា​ជា​ថ្មី​ទៀត​ហើយ បើ​ងាក​ទៅ​គ្រា​មុន​ដែល​អ្នក​ទាំង​ពីរ ធ្លាប់​ធ្វើការ​ជាមួយ​គ្នា នៅ​ក្រុម​ជម្រើសជាតិ​ក្នុង​ពេល​លោកគ្រូ​បង្វឹក​ជនជាតិ​កូរ៉េ​ខាងត្បូង​ធ្វើ​ជា​គ្រូ បង្គោល ហើយ​លោក មាស ចាន់​ណា ធ្វើ​ជា​គ្រូជំនួយ ។ ម្នាក់​ៗ​និយាយ​ថា ជំនួប​គ្រូបង្វឹក​ដ៏​ឆ្នើមទាំង​ពីរ​ពិតជា​ធ្វើ​អោយ​ក្លិប​បាល់ទាត់​វិសាខា ឈរជើង​កាន់តែ​លេចធ្លោ​សម្រាប់​ការ​ប្រកួត ហើយ​ផ្អែក​តាម​ស្នាដៃ​ដែល​លេចធ្លោ​ស្រាប់ គឺ​ឱកាស​កាន់​ពាន​ជើងឯក​សម្រាប់​លី​គ​កំពូល​កម្ពុជា ក្នុង​ឆ្នាំ​២០២២ គឺ​មិន​ឆ្ងាយ​ពី​ដៃ​នោះ​ឡើយ ។

លោក Lee Tae Hoon ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា ពីរ ដង ពោល​គឺ​លើក​ទី​១ ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ និង​លើក​ទី​២ ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៧ ។ បន្ទាប់​មក លោក​បាន​ទៅ​ធ្វើ ជា​នាយក​បច្ចេកទេស​នៅ​ក្លិប Hoang Anh Gia Lai FC របស់​ប្រទេស​វៀតណាម និង​ជា​គ្រូ​ជំនួយ ជម្រើសជាតិ​វៀតណាម ហើយ​ចុង​ក្រោយ​នៅ​ឆ្នាំ ២០២១ នេះ ដឹកនាំ​ក្រុម​ក្រសួងការពារជាតិ មុន ពេល​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្លិប​វិសាខា​។

ដោយឡែក​លោក មាស ចាន់​ណា​វិញ មាន​បទ​ពិសោធន៍​​ក្នុង​វិស័យ​បាល់ទាត់​ប្រមាណ ២០​ឆ្នាំ​ជាមួយ​ណា​ហ្គា​វើ​ល​ដ៍​(១៣​ឆ្នាំ​ជា​កីឡាករ និង​៧​ឆ្នាំ​ជា​គ្រូបង្វឹក​)​។ លោកគ្រូ​ធ្លាប់​ជា​អតីត​កីឡាករ​ឆ្នើម​មួយ​រូប​ដែល​ពាក់អាវ​លេខ​៧ និង​ជា​ប្រធាន​ក្រុម​ផងដែរ ។ អតីត​កីឡាករ​ក្រុម​ណា​ហ្គា​វើ​ល​ដ៍​រូប​នេះ​ពូកែ​ខាងលើ​កបាល់​ចូល​ប្រអប់​គ្រោះថ្នាក់ ក៏​ដូច​ជា​ការ​លើក​បាល់​ជ្រុង​និង​ការ​ទាត់​បាល់​ហ្វ្រី​ឃី​ក ។

លោក មាស ចាន់​ណា បាន​សម្រេចចិត្ត​បោះបង់​ក្លិប​ចាស់​ដែល​រួមការ​ងារ​អស់​ប្រមាណ​២០​ឆ្នាំ ដោយសារ​តែ​លោក​ចង់​ប្ដូរ​បទ​ពិសោធន៍ និង​ដោយសារ​តែ​ក្លិប​វិសាខា បាន​ផ្ដល់​ឱកាស​អោយ​លោក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាង ។ លោក​បាន​ប្រកាស
អោយ​ដឹង​ថា ជំហាន​នៅ​ក្នុង​ក្លិប​ថ្មី លោក​នឹង​ប្រើ​អោយ​អស់ពី​សមត្ថភាព ហើយ​អ្នកគាំទ្រ​មិន​តិច​ទេ ជឿ​ថា​លោក​នឹង​កាន់តែ​កសាង​ស្នាដៃ​ល្បី​ខ្លាំង ជាមួយនឹង​ការ​ប៉ះ​គ្នា​ក្នុង​ក្រុម​តែ​មួយ ជាមួយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េ ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ឆ្នើម​ហើយ​មាន​ស្នាដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ