ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

​ដោយ​៖ មុត ស្រី​ពៅ​ ​ភ្នំពេញ​៖ ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប…

​ដោយ​៖ មុត ស្រី​ពៅ​

​ភ្នំពេញ​៖ ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេសាប ចាប់ផ្តើម​ប្រជុំ បែងចែក​ការងារ ចុះ​ពិនិត្យ​ស្រាវជ្រាវ ជិះទូក ជិះឡាន ចុះ​មើល​ករណី​កាប់​ព្រៃ​លិច​ទឹក និង​ទន្ទ្រាន​ដី​បឹង​ទន្លេសាប​។ បទល្មើស​នេះ ភាគច្រើន​ធ្វើឡើង​ដោយ​មន្ត្រី​ធំៗ អ្នកមានអំណាច និង​អ្នកមាន​លុយ នៅក្នុង​ខេត្ត​ទាំងនោះ មាន​ទាំង​អតីត​អភិបាលខេត្ត ស្នងការរង និង​ព្រះរាជអាជ្ញារង ជាដើម​។

​សំណុំ​រឿងនេះ អាច​នឹងត្រូវ​ដោះស្រាយ ដោយ​ឈ្នះ​ឈ្នះ តាមរយៈ​អាជ្ញាធរ​ដែនដី ចូលរួម និង​សហការ ហើយ​អ្នករំលោភ​យក​ដីព្រៃ​លិច​ទឹក​ទាំងនោះ ចេញមុខ​សារភាព និង​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​។ ករណីនេះ សូម​អាជ្ញាធរ​ជំនាញ ពិសេស​អាជ្ញាធរខេត្ត​ជាប់​បឹង​ទន្លេសាប គួរតែ​ចាត់វិធានការ​ទប់ស្កាត់ ហើយ​បើ​ថា គ្មាន​សមត្ថភាព​ទេ ក៏​គួរតែ​រាយការណ៍​ជូន​ថ្នាក់លើ កុំ​ចាំ​ដល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ស្រែក​បញ្ជា ទើប​នាំគ្នា ស្ទុះស្ទា ចាត់វិធានការ​ខ្វែងដៃខ្វែងជើង​ទាំងយប់​ទាំង​ថ្ងៃ​ដូច្នេះ​។

​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​ជា​សំឡេង ដោយ​បញ្ជា​ឲ្យ​អភិបាលខេត្ត ជាប់​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ រួមទាំង​គណៈកម្មការ​សូ​រិ​យោ​ដី​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ​ដទៃទៀត ត្រូវធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​តំបន់​បឹង​ទន្លេសាប​។

​ចំពោះមុខ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដកហូត​នូវ​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ដែល​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឈឿន រំលោភ​យក​ជាង ២០០០​ហិកតា ផងដែរ​។​

​បន្ថែម​លើ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​រា​ន​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ខិលខូច​ទាំងអស់ ចេញ​សារភាព​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ នឹងត្រូវ​ដកហូត រឹបអូស​ទ្រព្យ ព្រមទាំង​ចាប់ខ្លួន បើសិនជា​ពាក់ព័ន្ធ​នឹង​បទល្មើស កាប់​រាន​ព្រៃ យក​ដី​តំបន់​លិច​ទឹក​បឹង​ទន្លេសាប ធ្វើ​កម្មសិទ្ធិ​។​

​ភ្លាមៗ នៅ​ព្រលប់​ថ្ងៃអាទិត្យ ទី​២៨​វិច្ឆិកា លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​ជាមួយ​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ អភិបាលខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ តាម​បទបញ្ជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ នៅ​ថ្ងៃទី​២៩​វិច្ឆិកា និង​ថ្ងៃ​បន្តបន្ទាប់​ទៀត លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បាន​ដឹកនាំ​រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះទៅ​កាន់​ខេត្ត​នានា នៅ​ជុំវិញ​បឹង​ទន្លេសាប ដែលមាន​ការកាប់​រាន​ដីព្រៃ​លិច​ទឹក និង​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​។

​ក្នុង​បេសកកម្ម​ទាំងនោះ ទោះជា​មិនទាន់​សរុប​របាយការណ៍ផ្លូវការ តែ​នៅ​ ៦​ខេត្ត ​ជុំវិញ​បឹង​ទន្លេសាប រួមមាន​៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ ត្រូវបាន​រកឃើញ​​ករ​ណី​​កាប់​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ យ៉ាងហោចណាស់​ ​​ជាង ២១១៩០​ហិកតា។ ក្រុមការងារ​អន្តរក្រសួង ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាប់ផ្តើម​​ការងារ​ចុះ​ត្រួតពិនិត្យ និងស្រាវជ្រាវករណីនេះ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២១​។​ ក្នុងនោះ ករណី​អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដែលសព្វថ្ងៃជាអនុរដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍ជនបទ រំលោភកាន់កាប់ដីព្រៃលិចទឹក ជាង ២១០០ហិកតា ក៏ត្រូវបាន​រាជរដ្ឋាភិបាល សម្រេច​បញ្ជូន​ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ​ ស្រាវជ្រាវ និងស៊ើបអង្កេត។ ចំណែក​​មន្ត្រី​ជាច្រើន​ទៀត បាន​​ចេញ​​​សារ​ភាព និង​ព្រម​​ប្រគល់​​ដីព្រៃ​​លិច​​​ទឹក​​រាប់ពាន់​ហិកតា ជូន​​រដ្ឋ​​វិញ ជា​បន្តបន្ទាប់​។​

​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ កំណត់​ដែន​ព្រៃ​លិច​ទឹក ចំនួន ៦៤៧ ៤០៦ ហិកតា ស្ថិតនៅក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ​។ ក្នុង​អនុក្រឹត្យ បាន​កំណត់ថា អភិបាលខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប មាន​ភារកិច្ច កាតព្វកិច្ច និង​ការទទួលខុសត្រូវ លើ​ការគ្រប់គ្រង ការការពារ និង​ការថែរក្សា​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​។ ការបាត់បង់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​នៃ​ខេត្ត​ណា គឺ​អភិបាលខេត្ត​នោះ ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះមុខ​រាជរដ្ឋាភិបាល​។ រដ្ឋបាល​ជលផល ក៏ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ជាប្រចាំ​លើ​សកម្មភាព​ថែរក្សា ការពារ​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ព្រមទាំង​ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់ ក្នុងករណី​ពិនិត្យឃើញថា មាន​សកម្មភាព ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​។ រីឯ​អាជ្ញាធរ​ទន្លេសាប មាន​ភារកិច្ច​ធ្វើ​អធិការកិច្ច លើ​គ្រប់​សកម្មភាព​ពាក់ព័ន្ធ​នឹង​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក និង​ត្រូវធ្វើ​សេចក្តីរាយការណ៍​ពី​សកម្មភាព​ទាំងនោះ ជូន​នាយករដ្ឋមន្ត្រី ដើម្បី​មាន​វិធានការ​សម្រេច​។​

​យ៉ាង​ណា​ក៏​ដោយ​ បទល្មើស​កាប់​រាន​ដីព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ដើម្បី​រំលោភ​យក​ដី​ជា​កម្មសិទ្ធិ នៅ​បឹង​ទន្លេសាប ដែល​ផ្ទុះឡើង​នាពេលនេះ គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទើបតែ​ដឹង តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​របស់​រាជបណ្ឌិត​សភា​កម្ពុជា ដឹកនាំ​ដោយ​លោក សុខ ទូច ប៉ុណ្ណោះ​។ លោក សុខ ទូច បាន​ប្រាប់​អ្នកកាសែត​ថា ដីព្រៃ​លិច​ទឹក នៅ​តំបន់​ទន្លេសាប ជាង ២០០០​ហិកតា មាន​ម្ចាស់​តែ​ម្នាក់ គឺ​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​។ ដោយឡែក នៅសល់​ដី​រាប់ម៉ឺន​ហិកតា​ទៀត ដែល​បាន​ទន្ទ្រាន ប៉ុន្តែ​មិនទាន់​ស្គាល់​ម្ចាស់​នៅឡើយ​ទេ​។​

​ករណីនេះ នាំ​ឲ្យ​មានការ​លើកឡើង​​មហាជនថា ​មន្ត្រី​ជំនាញ រួមទាំង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប រាល់ថ្ងៃ​ធ្វើ​អ្វី​? គ្រប់​រឿង ទាល់តែ​នាយករដ្ឋមន្ត្រី ស្រែក ទើប​មន្ត្រី​យើង នាំគ្នា ផាស់​ក្រ​ញ៉ាំ ស្ទុះស្ទា ធ្វើការ​។

​ប៉ុន្តែ​ការលើកឡើង​ដូច្នេះ ត្រូវបាន​រដ្ឋមន្ត្រី​កសិកម្ម លោក វេ​ង សាខុន ឆ្លើយតប​ថា ប្រសិនជា​គ្មាន​ទិន្នន័យ​ជាបឋម​ពី​មន្ត្រី​ជំនាញ ក៏​ក្រុមការងារ​អន្តរក្រសួង លំបាក​ធ្វើការ​ស្រាវ និង​ស៊ើប​អ​ង្គេ​ត​ដែរ​។ ដូច្នេះហើយ បានជា​ប្រមុខ​រាជរដ្ឋាភិបាល ដាក់បទបញ្ជា​បញ្ចេញ​ក​ង​កំលាំង កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស រួមជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បញ្ចប់​បញ្ហា​នេះ​។ ក្រុមការងារ​អន្តរក្រសួង ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កំពុង​ចាត់វិធានការ​នេះ​។​

​ជាការ​ពិត ការកាប់​រាន​ព្រៃ ឈូសឆាយ​អស់​រាប់រយ ចូល​ខ្ទង់​រាប់ពាន់​ហិកតា គឺ​មិនមែន​ធ្វើ​តែមួយ​ថ្ងៃ​ពីរ​ថ្ងៃ ហើយ​ធ្វើ​ដោយ​ដៃ​ទេ គឺមាន​គ្រឿងចក្រ និង​មិនមែន​ដោយ​លួចលាក់​នោះទេ​។ ករណីនេះ កើតឡើង​រាប់​ឆ្នាំ​មកហើយ ចុះ​មូល​ហេតុអ្វី បានជា​មន្ត្រី​ជំនាញ ការិយាល័យ​ស្រុក មន្ទីរជំនាញ​ខេត្ត ពិសេស​មេឃុំ អភិបាលស្រុក និង​អភិបាលខេត្ត មិនដឹង មិនលឺ និង​មិនមាន​ចំណាត់ការ ឬក៏​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​?

​ម្យ៉ាងទៀត បើ​ថា​ថ្នាក់ក្រោម មិន​ហ៊ាន​ទប់ស្កាត់ ឬ​បង្ក្រាប​បទល្មើស​កាប់​រាន​ព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប​ទេ ហេតុអ្វី​បានជា​មិន​ប្រើ​ទូរស័ព្ទ​ថត បង្ហោះ​រាយការណ៍​ជូន​ថ្នាក់លើ ពិសេស​ខេត្ត​មួយៗ សុទ្ធ​តែមាន​ក្រុមការងារ​ថ្នាក់ជាតិ ទទួលបន្ទុក​ការងារ​ខេត្ត​ទាំងនោះ​។​

​ករណី​បទល្មើស​នេះ ក៏​គេ​ថា មិនបាច់​មន្ត្រី​ជំនាញ​នៅ​ថ្នាក់ឃុំ ស្រុក និង​ខេត្ត ចុះទៅពិនិត្យ​រាល់ថ្ងៃ​ទេ គឺ​គ្រាន់តែ​មួយខែ ជិះ​ម៉ូតូ ឬ​ជិះឡាន ទៅ​ក្រវែល​មួយ​ភ្លេ​ត ក៏បាន​ដឹងថា មានការ​កាប់​ព្រៃ និង​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ទៅហើយ​។​

​ដូច្នេះ​ធ្វើជា​មន្ត្រី ត្រូវ​ធ្វើការ ក្នុង​ស្មារតី​ភ្ញាក់រលឹក និង​ម្ចាស់ការ​លើ​តួនាទី​ភារកិច្ច​របស់ខ្លួន​ជានិច្ច​។ កុំ​ចាំ​ទាល់តែ​ថ្នាក់លើ ស្រែក ទើបបាន​ប្រវេ​ស​ប្រវាស់​ដៃជើង រត់​ទៅ​មើល គឺ​មិនកើត​ទេ​។ ករណីនេះ មន្ត្រី​ថ្នាក់ឃុំ បើ​ធ្វើ​មិនកើត ត្រូវ​រាយការណ៍​ឲ្យ​ថ្នាក់ស្រុក​។  ស្រុក​បើ​ធ្វើ​មិនកើត ត្រូវ​រាយការណ៍ ឲ្យ​ថ្នាក់​ខេត្ត​។ ខេត្ត ក៏ត្រូវ​រាយការណ៍​មក​ថ្នាក់ជាតិ ឬក៏​រាយការណ៍​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។

​បើ​ធ្វើដូច្នេះបាន នោះ​នឹង​គ្មាន​បាតុភាព​បំផ្លាញ​ដីព្រៃ​លិច​ទឹក រាប់សែន​ហិច​តា​ដូច្នេះ​ទេ​។ ដូច្នេះ​សូម​មន្ត្រី​អាជ្ញាធរ នៅ​គ្រប់​ថ្នាក់ មេត្តា​ភ្ញាក់រលឹក​ឡើង ម្ចាស់ការ​លើ​ការងារ ហើយ​នៅតែ​ស្ពឹក​ស្រពន់ នោះ​នឹងមាន​ផល​អវិជ្ជមាន​ដល់​កេរ្តិ៍ឈ្មោះ​គណបក្ស និង​រាជរដ្ឋាភិបាល​។ រីឯ​អ្នកពាក់ព័ន្ធ ត្រូវ​ភ្ញាក់រលឹក ចូល​សារភាព និង​ប្រគល់​ដី​ទាំងនោះ ជូន​រដ្ឋ​វិញ តាម​ការអំពាវនាវរ​បស់​សម្តេច​តេ​ជោ នៅពេលនេះ គឺ​មិនទាន់​យឺត​ពេល​ទេ​។ កុំ​ចាំ​ដល់​ប្រើ​អភិក្រម​ទី​៥ របស់​សម្តេច​តេ​ជោ គឺ​វះកាត់ នោះ​នឹងត្រូវ​ហួសពេល ហើយ​ប្រហែលជា​នឹង​គ្មាន​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ឡើយ​។​

​ករណី​រំលោភ​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ជា​រឿង​ថ្មី​មួយទៀត ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​អន្តរាគមន៍ ក្រោយ​ទទួលបាន​របាយការណ៍​ពី​ការស្រាវជ្រាវ​របស់​រាជ​បណ្ឌិតសភា​កម្ពុជា ដឹកនាំ​ដោយ​លោក​សុខ​ទូច​។ តែ​ក៏​នៅមាន​ភស្តុតាង និង​របកគំហើញ​ផ្សេងៗ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម គឺ​បញ្ហា​គ្រឿងញៀន ដែល​កំពុង​កើតឡើង នៅក្នុង​សង្គម​យើង ពិសេស​ក្នុង​ស្រទាប់​យុវវ័យ ហើយ​កើតឡើង​គ្រប់ទិសទី រហូតដល់​ជនបទ​ស្រុកស្រែ​ចំការ​។ ដូច្នេះ​សូម​មន្ត្រី​ជំនាញ ពិសេស​អាជ្ញាធរ​រាជធានី​ខេត្ត ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប កុំ​ចាំ​ដល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អន្តរាគមន៍ និង​ស្រែក​បញ្ជា ទើប​នាំគ្នា​ស្ទុះស្ទា ទាំងយប់ ទាំង​ថ្ងៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ