ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​ជប៉ុន​ស្នើ​រៀប​ចំការ​សម្អាត​បរិស្ថាន​នៅ​តំបន់​អង្គរ​ចុងឆ្នាំ​នេះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត បាន​អនុញ្ញាត​ឱ្យ​បវរកញ្ញា​ជប៉ុន កញ្ញា Hisae ARAI និង​កញ្ញា Kiko ARAI ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា

ខេត្តសៀមរាប ៖ លោក ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត បាន​អនុញ្ញាត​ឱ្យ​បវរកញ្ញា​ជប៉ុន កញ្ញា Hisae ARAI  និង​កញ្ញា Kiko ARAI ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​សាលាខេត្ត នា​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ក្នុង​ការ​បង្ហាញ​អំពី​សកម្មភាព​មូលនិធិ​ទឹកចិត្ត​ទាំង​៣ ។

ក្នុង​ឱកាស​នោះ កញ្ញា Hisae ARAI បាន​លើក​ឡើង​អំពី​គោលបំណង​នៃ​មូលនិធិ​ទឹកចិត្ត​ទាំង​៣​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ផ្តោត​ឆ្ពោះទៅ​លើ​វិស័យ​អប់រំ កីឡា សុខភាព អនាម័យ​មាត់​ធ្មេញ បរិស្ថាន និង វប្បធម៌​ប្រពៃណី ។ កញ្ញា Hisae ARAI បានឱ្យ​ដឹង​ថា អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ បាន​ចូល​មក​កម្ពុជា​មាន​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដោយ​សហការ​ជាមួយ​វិស័យ​អប់រំ​នៅ​តាម​បណ្តា​មូលដ្ឋាន សំខាន់​លើ​ការងារ​កីឡា​វាយ​កូន​បាល់​។​កន្លង​មក កម្មវិធី​ប្រកួត​កីឡា​វាយ​កូន​បាល់​នេះ  ត្រូវ​បាន​ធ្វើ​នៅ​មុខ​ទី​លានជល់ដំរី​ក្នុង​បរិវេណ​អង្គរធំ ហើយ​ក៏​មានការ​ចូលរួម​ពី​សិស្សានុសិស្ស និស្សិត និង​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

កញ្ញា Hisae ARAI បាន​គូសបញ្ជាក់​ថា ការងារ​អប់រំ និង​កីឡា បាន​ផ្សា​ភ្ជាប់​ទៅ​នឹង​បរិស្ថាន អនាម័យ ។ កន្លង​មក អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ បាន​រួម​សហការ​ធ្វើ​នៅ​តាម​សាលារៀន សាកលវិទ្យាល័យ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​នឹង​សមុទ្រ  ក្នុង​ការ​លើក​ស្ទួយ​បរិស្ថាន​អនាម័យ និង​សុខភាព​មាត់​ធ្មេញ ។

កញ្ញា​បាន​លើក​នូវ​កម្មវិធី​មួយ​ចំនួន ក្នុង​សកម្មភាព​របស់​មូលនិធិ​ទឹកចិត្ត​ទាំង​៣ ក្នុង​នោះ​កំណត់​យក​ខេត្តសៀមរាប​ក្នុង​ការ​ធ្វើ​អនាម័យ​បរិស្ថាន​នៅ​ថ្ងៃ​ទី​១៨​និង​១៩ ខែធ្នូ ខាង​មុខ ក្នុង​គោលដៅ​លើក​ស្ទួយ​នូវ​បរិស្ថាន អនាម័យ​នៅ​លើ​ទឹក​ប្រវត្តិសាស្ត្រ ដែល​បាន​កំពុង​ទាក់ទាញ​អារម្មណ៍​ភ្ញៀវ​ទេសចរ​មក​ពី​គ្រប់​មជ្ឈដ្ឋាន​លើ​ពិភពលោក ។ ជាមួយ​នេះ ក៏​ដើម្បី​ពញ្ញាក់​ស្មារតី​របស់​ប្រជាជន​និង​សិស្សានុសិស្ស ក្នុង​ការ​ចូលរួម​លើក​ស្ទួយ​នូវ​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ព្រោះ​ខេត្តសៀមរាប​ជា​មជ្ឈមណ្ឌល​វប្បធម៌ សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​មនុស្សជាតិ ។

ការ​រៀបចំ​កម្មវិធី​នេះ ក៏​មានការ​ចូលរួម​ពី​តារា​បង្ហាញ​ម៉ូ​ដ ដោយ​បាន​យក​កាក​សំណល់​ពី​សំរាម​មក​ធ្វើការ​កែ​ច្នៃ​ជា​សម្លៀក​បំពាក់​ផង​ដែរ ។
លោក​អភិបាលខេត្ត ឃឹម ប៊ុ​ន​សុង បាន​គាំទ្រ​នូវ​រាល់​សកម្មភាព​ដែល​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣ មាន​គោលបំណង​ចូលរួម​លើក​ស្ទួយ​បរិស្ថាន អនាម័យ​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ក្នុង​នោះ​ក៏​មាន​កីឡា​វាយ​កូន​បាល់ ដែល​ជា​ប្រភេទ​កីឡា​មួយ​បាន​ធ្វើការ​បណ្តុះបណ្តាល​ដល់​សិស្សានុសិស្ស​កម្ពុជា ។

លោក​អភិបាលខេត្ត​គូសបញ្ជាក់​ថា ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​នៅ​លើ​ពិភពលោក ដូច្នេះ​បញ្ហា​បរិស្ថាន អនាម័យ ជា​កត្តា​ដ៏​សំខាន់​របស់​ខេត្ត​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ។ ម្យ៉ាងទៀត ការ​រៀបចំ​ធ្វើ​បរិស្ថាន​នៅ​តំបន់​អង្គរ​នេះ លោក​សូម​ឱ្យធ្វើ​ការ​រៀបចំ​នូវ​គណៈកម្មការ​មួយ ដោយ​មាន​សមាសភាព​ចូលរួម​ពី​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ខេត្ត មន្ទីរ​អង្គភាព​ជំនាញ​ចូលរួម​ផង​ដែរ ។ លោក​មាន​ក្តី​សង្ឃឹម​ជឿជាក់​ផង​ដែរ​ថា ការ​រៀបចំ​ធ្វើ​បរិស្ថាន​នេះ​នឹង​មានការ​ចូលរួម​ពី​ភ្ញៀវ​ជាតិ​-​អន្តរជាតិ សំខាន់​ភ្ញៀវ​ទេសចរ ។ កន្លង​មក​នៅ​ខេត្តសៀមរាប​បាន​រៀបចំ​ពិធីបុណ្យ​ធំ​ៗ ហើយ​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ចូល​មក​ទស្សនា​យ៉ាងច្រើន​ផង​ដែរ ។

លោក​អភិបាលខេត្ត បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​កញ្ញា ចំពោះ​កុមារ​កម្ពុជា​នៅ​តាម​សាលារៀន ក៏​ដូច​ក្នុង​សហគមន៍​ផង​ដែរ ។ ម្យ៉ាងទៀត កាយវិការ​សប្បុរសធម៌​ទាំងនេះ លោក​សូម​ធ្វើការ​គាំទ្រ​នូវ​រាល់​សកម្មភាព​របស់​អង្គការ​មូលនិធិ​ទឹកចិត្ត​ទាំង​៣​ដើម្បី​មាតុភូមិ​កម្ពុជា ។ កន្លង​មកនេះ ក៏​មាន​សប្បុរសជន ប្រជាជន​ជប៉ុន រាជរដ្ឋាភិបាល​ជប៉ុន ចូលរួម​ក្នុង​ការ​សាងសង់​អគារសិក្សា អណ្តូងទឹក​ស្អាត មណ្ឌល​សុខភាព និង​បង្គន់​អនាម័យ សំខាន់​ការ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​មក​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ខេត្តសៀមរាប ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ៕