ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តដឹក​ស៊ីទែន​ប្រេង បើកសុខៗស្រាប់តែដាច់កង់ក្រោយ ធ្វើឲ្យកំពប់ប្រេងហូរពេញផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX ចំណុះ​១៦០០០​លី​ត្រ​មួយ​គ្រឿង​បាន​ដាច់​កង់​រមៀល​ចេញ​ទៅ​បុក​ម៉ូតូ​១​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត ហើយ​រថយន្ត​អូស​ប្រមាណ​ជិត​៥០​ម៉ែត្រ បណ្តាល​អោយ​ប្រេង​បាន​ហូរ​ពេញ​ផ្លូវ ផ្អើល​ដល់​អ្នកដំណើរ ,…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX ចំណុះ​១៦០០០​លី​ត្រ​មួយ​គ្រឿង​បាន​ដាច់​កង់​រមៀល​ចេញ​ទៅ​បុក​ម៉ូតូ​១​គ្រឿង បណ្តាល​អោយ​រង​ការ​ខូចខាត ហើយ​រថយន្ត​អូស​ប្រមាណ​ជិត​៥០​ម៉ែត្រ បណ្តាល​អោយ​ប្រេង​បាន​ហូរ​ពេញ​ផ្លូវ ផ្អើល​ដល់​អ្នកដំណើរ , អ្នកស្រុក​នាំ​គ្នា​ដួស និង​ត្រង់​បាន​រាប់​សិប​កាន តែ​សំណាងល្អ​ពុំ​បណ្តាល​អោយ​ឆាបឆេះ​ក្លាយជា​អគ្គី​ភ័យ​ឡើយ ។

នៅ​ក្នុង​ហេតុការណ៍​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង ទៅ​ត្រៀម​អន្តរាគមន៍ ខ្លាច​កើត​មាន​អគ្គី​ភ័យ​ជាយថាហេតុ ដែល​ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ ២០២១ នៅ​ចំណុច​គល់​ស្ពាន​ព្រែក​ព្នៅ​ខាងកើត តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

រថយន្ត​ដែល​ដាច់​កង់​នោះ​រថយន្ត​ម៉ាក IZUSU ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A.៩៣៦៨ ជា​រថយន្ត​ស៊ីទែន​ប្រេង​របស់​ក្រុមហ៊ុន SAVIMEX បាន​ដាច់​កង់​ក្រោយ​ខាងស្តាំ និង​កាច់​ដាច់​ទុយោ​បូម​ប្រេង ។ ចំណែក​ម៉ូតូ​ដែល​កង់​រថយន្ត​រមៀល​ដឹក​កាំបិត​ពូថៅ​លក់ បាន​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ស៊ីទែន បាន​ដឹក​ប្រេងម៉ាស៊ូត​ចំណុះ​ចំនួន​១៦០០០​លី​ត្រ​ធ្វើ​ដំណើរ​ឆ្លងស្ពាន​ពី​លិចទៅ​កើត ពេល​ចុះ​ពីលើ​ស្ពាន​ដល់​គល់​ស្ពាន ស្រាប់​ដាច់​កង់​ក្រោយ​ខាង​ផ្នែក​ខាងស្តាំ បាន​រមៀល​ចេញ​ឆ្លងផ្លូវ​ទៅ​ជើង​ទៅ​បុក​ម៉ូតូ អ្នកលក់​កាំបិត ដែល​កំពុង​តែ​ឈប់ ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា នៅ​ពេល​ដាច់​កង់​រថយន្ត​បាន​ផ្អៀង​អូស​ទៅ​លើ​ថ្នល់​បង្ក​អោយ​បាក់​ដាច់​ទុយោ​បូម​ប្រេង ជា​ហេតុ​បណ្តាល​អោយ​ប្រេងម៉ាស៊ូត​ហូរ​ពេញ​ផ្លូវ ។ ដោយសារ​តែ​ល្បឿន​លឿន​រថយន្ត​បាន​អូស​ប្រមាណ​ជិត​៥០​ម៉ែត្រ​ទើប​ឈប់​ហើយ​ប្រេង​បាន​អូស​ចេញ​តាម​ទុយោ​បាក់​ដាច់​ស្រោច​ពេញ​ផ្លូវ ។

ភ្លាម​ៗ អ្នកដំណើរ ក៏​ដូច​ជា ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​បាន​ផ្អើល​នាំ​គ្នា ទៅ​ត្រង និង​ដួស​ប្រេង ដែល​ហូរ និង​ទៅ​ដក់​នៅ​ទី​ទំនាប​ដែល​ខ្លះ ម្នាក់​ៗ​បាន​ជិត​១០​កាន​ក៏​មាន​ដែរ ។

តាម​អ្នក​បើក​ម៉ូតូ​លក់​កាំបិត​ពូថៅ​ឈ្មោះ ឡុ​ង ចាន់​ចាវ អាយុ​២៥​ឆ្នាំ មាន​លំនៅ​ភូមិ ក្រួច​សើច ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ពី​លក់​នៅ​ខេត្តកំពង់ស្ពឺ រួច​ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​ក្រោយ ប្រុង​ចុះ​ទិញ​រ៉ូ​ប​អោយ​ប្រពន្ធ ស្រាប់តែ​កង់​រថយន្ត​បាន​រមៀល​ចេញ​រថយន្ត​តាំង​ពីលើ​ស្ពាន​មក​បុក​បណ្តាល​អោយ​ដួល និង​រង​ការ​ខូចខាត​តែ​ម្តង ។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​ប្រុង​បង្ក​អោយ​កើត​មាន​អគ្គី​ភ័យ​ដែរ តែ​អ្នកបើកបរ បាន​យក​បំពង់​បាញ់​ពន្លត់​ទាន់ ព្រមទាំង​ហៅ​រថយន្ត មក​បូម​ប្រេង​ចេញ ។

នៅ​ក្នុង​ហេតុការណ៍​នេះ នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​និង​ក្រុមហ៊ុន OCIC បាន​ចេញ​រថយន្ត ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង​ទៅ​ត្រៀម​អន្តរាគមន៍​ផង​ដែរ ។ នេះ​ចាត់ទុកជា​សំណាង បើសិនជា​ប្រេងសាំង​អាច​បង្ក​អោយ​កើត​មាន​អគ្គី​ភ័យ​ពុំខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ