ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​កូ​វី​ដ​ ១៩ ​យាយី ប្រាក់​បញ្ញើ និង​កម្ចី​តាម​ធនាគារ​នៅ​ឆ្នាំ​ ២០២១​ នៅ​តែកើន​ក្នុង​រង្វង់ពី ​១៥% ​ទៅ ​២០%

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ បើ​ទោះបី​ឆ្នាំ​ ២០២១ ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ញំ​ញ៉ី​ទៅ​ដោយ​ជំងឺ​កូ​វី​ដ ​១៩ ​ក្តី ចំពោះ​ការ​ផ្តល់​ឥណទាន ​និង​ការ​ដាក់​បញ្ញើ​សន្សំ​នៅ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​តែ​បន្ត​មាន​កំណើន…

រាជធានី​ភ្នំពេញ​ ៖ បើ​ទោះបី​ឆ្នាំ​ ២០២១ ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​ញំ​ញ៉ី​ទៅ​ដោយ​ជំងឺ​កូ​វី​ដ ​១៩ ​ក្តី ចំពោះ​ការ​ផ្តល់​ឥណទាន ​និង​ការ​ដាក់​បញ្ញើ​សន្សំ​នៅ​ធនាគារ​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​តែ​បន្ត​មាន​កំណើន ដែល​មានការ​រំពឹង​ថា មានការ​កើនឡើង​ពី ​១០% ​ទៅ ​១៥%​សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ប្រមាណ​ ២០% ​ក្នុង​វិស័យ​ធនាគារ​ ។

លោក​ ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​សម្រាប់​ការ​ដាក់​បញ្ញើ​គឺ​មានការ​កើន​ឡើងជា​ប្រចាំ​ក្នុង​រង្វង់​ ១០% ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​ជឿជាក់​របស់​សាធារណជន​លើ​វិស័យ​ធនាគារ បើ​ទោះ​ពី​ស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូ​វី​ដ​ ១៩​ ក៏​ដោយ​វិស័យ​មួយ​នេះ​នៅ​មាន​ភាព​ធន់​ និង​រឹង​មាំ​ ។

នៅ​ក្នុង​ឆ្នាំ​ ២០២១​ នេះ ទោះបី​សេដ្ឋកិច្ច​កម្ពុជា​ញំ​ញី​ទៅ​ដោយ​ជំងឺ​កូ​វី​ដ ​១៩ ក្តី ​តែ​វិស័យ​មីក្រូហិរញ្ញវត្ថុ​យើង​បាន​កត់​សម្គាល់ថា​ បន្ត​មាន​កំណើន​ផ្តល់​ឥណទាន​ជា​ធម្មតា​ក្នុង​រង្វង់​ពី​ ១០% ​ទៅ ​១៥% ហើយ​នេះ​ជា​សញ្ញា​មួយ​ល្អ ព្រោះថា ​វិស័យ​មួយ​នេះ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ ​១៩ និង​បាន​ជួយ​ខ្លួនឯង​ឱ្យ​តែ​រឹង​មាំ​និង​បន្ត​រីក​ចម្រើន​ដើម្បី​ឱ្យ​កំណើន​នេះ​បាន​ចូលរួម​ធ្វើ​ឱ្យ​កើន​ទៅ​ដល់​កំណើនសេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា​ ​។

តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ ​២០២១ ចំនួន​អតិថិជន​ដែល​ដាក់​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់​ចំនួន ២.៨៤៩.៣៤៤ ​នាក់ ពោល​គឺ​កើនឡើង​ចំនួន ៣៣.៦៨៦​ នាក់ ធៀប​នឹង​ត្រីមាស​មុន ខណៈ​បរិមាណ​ប្រាក់​បញ្ញើ​បាន​កើនឡើង​ដល់ ៤.០៧៣ ​លាន​ដុល្លា​សហរដ្ឋអាមេរិក ពោល​គឺ​កើនឡើង​ចំនួន ១៩០ ​លាន​ដុល្លា​សហរដ្ឋអាមេរិក​ធៀប​នឹង​ត្រី​ទី​ ២ ​។ ចំពោះ​ឥណទាន​ក៏​បាន​កើនឡើង​រហូត​ដល់ ៨.២១៨ លាន​ដុល្លា​សហរដ្ឋអាមេរិក ដោយ​កើនឡើង​ប្រមាណ ៦០០ លាន​ដុល្លា​សហរដ្ឋអាមេរិក​បើ​ធៀប​នឹង​ត្រីមាស​មុន ខណៈ​ចំនួន​អតិថិជន​កម្ចី​បាន​កើនឡើង​ដល់ ២.០២៨.៨៨២ ​នាក់ ដោយ​កើនឡើង ៥១.១១៦​ នាក់​បើ​ធៀប​នឹង​ត្រីមាស​ទី​ ២​ ក្នុង​ឆ្នាំ​ ២០២១ ​។

ការ​កើនឡើង​នេះ​ជា​សញ្ញាណ​បង្ហាញ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា ដោយសារ​តម្រូវការ​ឥណទាន​ក្នុង​ការ​ចាប់ផ្តើម​ឬ ពង្រីក​អាជីវកម្ម​ ។ យ៉ាងណា​ក្តី​សមាគម​មីក្រូហិរញ្ញវត្ថុ នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​នូវ​និនាកា​រណ៍​ផ្សេង​ៗ​ក្នុង​វិស័យ ដើម្បី​ការពារ​ផល​ប៉ះពាល់​ណាមួយ​ដែល​អាច​នឹង​កើតឡើង​ជាយថាហេតុ​ ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​កម្ពុជា​និយាយ​ថា នៅ​ឆ្នាំ​ ២០២០​ ទោះ​បាន​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​ ១៩​ប៉ុន្តែ​កំណើន​ហិរញ្ញវត្ថុ​នៅ​តែ​មាន​អត្រា​ខ្ពស់​រហូត​ជិត​ ២០% ហើយ​នៅ​ឆ្នាំ ​២០២១ ​នេះ រំពឹង​ទុក​ថា​វា​មាន​កំណើន​ដូច​គ្នា ​និង​ឆ្នាំ​២០២០ ព្រោះ​នៅ​មាន​សាច់ប្រាក់​ទំនេរ​ច្រើន​សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​លូតលាស់​ ។

លោក​បណ្ឌិត លើក​ឡើង​ថា ​«​គ្រាន់តែ​ស្ថាប័ន​ធនាគារ​អេ​ស៊ី​លី​ដា​មួយ​អត្រាកំណើន​ទាំង​ឥណទាន​និង​ការ​ដាក់​ប្រាក់​បញ្ញើ​មាន​ប្រមាណ​ ១៨% ​នៅ​ក្នុង​ខែ ​១១ ហើយ​ខ្ញុំ​រំពឹង​ថា​នៅ​ពេល​ដាច់​ឆ្នាំ ​២០២១​ នេះ​កំណើន​មិន​ទាប​ជាង ​២០% ​នោះ​ទេ​សម្រាប់​ប្រាក់​បញ្ញើ​សន្សំ រីឯ​ការ​ផ្តល់​ឥណទាន​មាន​ជិត ​២០% ​។ ​សម្រាប់​វិស័យ​ធនាគារ​ទាំងមូល​ខ្ញុំ​គិត​វា​ក៏​មិន​ខុស​គ្នា​ទៅ ​និង​អេ​ស៊ី​លី​ដា ​បាន​នឹង​រីក​ចម្រើន​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ