ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាយសម្ព័ន្ធ ខំប្រឹង​ផលិត​ធនធាន​កីឡាករ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​ទោះជា​មិន​ទាន់​មាន​ផ្លែផ្កា​ល្អ​លើ​ឆាក​អន្តរជាតិ តែ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​មិន​ព្រម​បញ្ឈប់​ការ​ពុះពារ​នោះ​

រាជធានីភ្នំពេញ ៖ បើ​ទោះជា​មិន​ទាន់​មាន​ផ្លែផ្កា​ល្អ​លើ​ឆាក​អន្តរជាតិ តែ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​មិន​ព្រម​បញ្ឈប់​ការ​ពុះពារ​នោះ​ទេ គឺ​នៅ​បង្កើន​ការ​ផលិត​ធនធានមនុស្ស ដើម្បី​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។ យោង​តាម​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ (Level 1 Class P3+Training Camp) នៅ​តែ​ត្រូវ​បាន​គេ​មើលឃើញ​ថា ធ្វើ​ឡើង​ដើម្បី​ពង្រឹង​នូវ​គុណភាព​បច្ចេកទេស ជូន​ដល់​គ្រូបង្វឹក​កម្រិត​១ ប្រភេទ​កីឡា​កាយ​សម្ព័ន្ធ ឆ្ពោះទៅ​ស្វែងរក​នូវ​ឧត្តមភាព នៃ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ក​ម្ព​ជា​។

លោក ណ​យ ផា​ណា គ្រូឧទ្ទេស​ប្រចាំ​វគ្គ​សិក្សា​នេះ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា មាន​ប្រសាសន៍​ថា ផ្អែក​តាម​ផែនការ​សកម្មភាព ឆ្នាំ​២០២១ របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សហ​ការណ៍​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស គ្រូ​ជំនាញ កម្រិត​១ (Level 1 Class P3+Training Camp) ដើម្បី​ពង្រឹង​នូវ​គុណភាព​បច្ចេកទេស ជូន​ដល់​គ្រូបង្វឹក​កម្រិត​១ ប្រភេទ​កីឡា​កាយសម្ព័ន្ធ ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ប្រសើរ និង​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ សម្រាប់​ចំណេះ ជំនាញ​មួយ​នេះ ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ និង​ត្រៀម​ឆ្ពោះទៅ​រក​ឧត្តមភាព ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជូន​ជាតិ​មាតុភូមិ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក​អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា ដោយ​មានការ​គាំទ្រ​កញ្ចប់​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ទម្លាក់​ជូន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព ក្នុង​កញ្ចប់​បណ្តុះបណ្តាល​ធនធានមនុស្ស វគ្គ​សិក្សា​នេះ បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១-៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​ខេត្តកំពង់ឆ្នាំង​។ វគ្គ​បច្ចេកទេស​គ្រូ​ជំនាញ​កម្រិត​១ ត្រូវ​បាន​បង្រៀន​ដោយ​គ្រូឧទ្ទេស លោក ណ​យ ផា​ណា និង​គ្រូ​ជំនួយ លោក សោ សុ​ផេង ជា​គ្រូ​ជំនាញ​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ ដែល​មាន​កម្រិត​បច្ចេកទេស FIG Academy Level I and Level II in Artistic and Aerobic Gymnastics​។

លោក ណ​យ ផា​ណា បញ្ជាក់​ជូន​ទៀត​ថា ឆ្លងកាត់​ការ​សិក្សា​នេះ សិក្ខាកាម បាន​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​យល់​ដឹង​បន្ថែម​លើ​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង​ផ្ទាល់ នៃ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​គ្រូបង្វឹក​កម្រិត​១ ព្រមទាំង​លើកកម្ពស់​នូវ​កម្រិត​សមត្ថភាព​បច្ចេក​ទេស និង​ដកស្រង់​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ ថ្មី​ៗ​បន្ថែម​ទៀត ជា​ពិសេស​គឺ​បាន​យល់​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​ច្បាប់​ថ្មី ២០២១-២០២៤ ផង​ដែរ​។ បើសិន​មាន​លទ្ធភាព​ធ្វើការ​សិក្សា​តាម​រយៈ​ការ​បើក​វគ្គ​បច្ចេកទេស​គ្រូ​ជំនាញ និង​សិក្ខាសាលា ឬ​ធ្វើការ​បោះជំរុំ (Training Camp) ឱ្យ​បាន​ញឹកញាប់​ជា​រៀង​រាល់​ឆ្នាំ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី កាន់តែ​មានការ​យល់​ដឹង​លើ​បច្ចេកទេស និង​អាច​លើកកម្ពស់​គុណ​ផល​កាន់តែ​ប្រសើរ និង​ធ្វើ​អោយ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឈាន​ទៅ​រក​ឧត្តមភាព និង​ភាព​ជោគជ័យ ជូន​ប្រទេស​ជាតិ​មាតុភូមិ ជា​ពិសេស ឆ្ពោះទៅ​កាន់ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

សូម​បញ្ជាក់​ថា ឆ្លងកាត់​ការ​សិក្សា​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់ស្តែង សិក្ខាកាម​ទាំង​២២​នាក់ មាន​នារី៦​នាក់ ទទួល​បានការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ ដោយ​ទទួល​បាន​និទ្ទេស​ល្អ ចំនួន​១០​នាក់ ស្មើ​៤៥,៤៥%, និទ្ទេស​ល្អ​បង្គួរ​៨​នាក់ ស្មើ​៣៦,៣៦% និង​និទ្ទេស​មធ្យម​០៤​នាក់ ស្មើ​១៨,១៨%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ