ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ចលនា​ចេញ​ញត្តិ​គាំទ្រ​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​ឪពុក…

ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ចលនា​ចេញ​ញត្តិ​គាំទ្រ​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​ឪពុក បាន​ធ្វើឡើង​គគ្រឹកគគ្រេង ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់តាំងពីមូលដ្ឋាន​ រហូតដល់​ថ្នាក់ដឹកនាំ និង​មេទ័ព​កំពូលៗ​។ ចរន្ត​​គាំទ្រ​​នេះ ធ្វើឡើង ក្រោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​ផ្លូវ និង​សមិទ្ធផល​នានា នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ បានប្រកាស​ពី​ការរៀបចំ​របស់​សម្តេច ឲ្យ​កូនច្បង គឺ​លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​ការរៀបចំ និង​ការគាំទ្រ​ឲ្យ​កូនប្រុស​សម្តេច ឡើងជា​នាយករដ្ឋមន្ត្រី បន្ត​​ពី​ស​ម្តេច តាមរយៈ​ការបោះឆ្នោត​ដូច្នេះ ក៏​ជាការ​បញ្ជាក់​ទៅកាន់​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​។ នោះ​គឺ​អស់​តែ​ពីស​ម្តេចទៅ គឺ​កូនប្រុស​ច្បង​របស់​សម្តេច ដែលមាន​អាយុ ៤៤​ឆ្នាំ សព្វថ្ងៃ ជា​ឧ​ត្ត​ម​សេនីយ៍​ឯក និង​ជា​អគ្គមេបញ្ជាការ​រង​កង​ទ័ព ព្រមទាំង​ជា​មេបញ្ជាការ​កងទ័ពជើងគោក លោក ហ៊ុន ម៉ា​ណែ​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ដែលមានការគាំទ្រពីសម្តេច ជាឪពុក។

​ជាការ​ពិត ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បានរៀបចំ​អ្នក​បន្តវេន ​ចាប់តាំងពី​មុន​ការបោះឆ្នោត ឆ្នាំ​២០១៣​។ ក្នុងនោះ មិនមែន​តែ​កូនប្រុស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទាំង ៣​នាក់​ទេ គឺ​ថ្នាក់ដឹកនាំ​ដទៃទៀត ដូចជា សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច សាយ ឈុំ និង​ថ្នាក់ដឹកនាំ​ច្រើន​ទៀត សុទ្ធតែ​រៀបចំ​ឲ្យ​កូនៗ ចូលក្នុង​ឆាកនយោបាយ ក្នុងនាម​ជា​អ្នក​បន្តវេន​រួចស្រេច​ទៅហើយ​។ អ្នក​បន្តវេន ដែលជា​ឈាម​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា សុទ្ធតែ​ទទួល​ការរៀនសូត្រ​បាន​ខ្ពស់ៗ និង​នៅក្រៅ​ប្រទេស​ថែមទៀត​។​

យ៉ាងណាក៏ដោយ នៅក្នុង​ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង កាល​ពីព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ការប្រកាសរបស់​សម្តេចពីបេក្ខភាពនាយករដ្ឋមន្ត្រីនេះ ជាបេក្ខជន​បម្រុងក្នុងចិត្តរបស់សម្តេច ដែលមាន ៤រូប ហើយ​ក៏មិនទាន់ឆ្លងកាត់​ការសម្រេចរបស់គណបក្សទេ។ យ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី មិនមែនធ្វើ​ពេលនេះទេ តែយ៉ាងហោចណាស់ ក៏ ៨ឆ្នាំ ទៅ    ១០ឆ្នាំទៀត។ នេះបើយោងតាម​សុខភាពរបស់សម្តេច ហើយ​មេដឹកនាំទាំងឡាយ នៅបន្តការងារ​​ជាមួយសម្តេចទៀត។​

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា សម្តេចនឹង​បន្តដឹកនាំប្រទេសយ៉ាងតិចក៏ស្មើនឹងព្រះបាទពញាយ៉ាត ដែលមានរយៈពេល ៤៣ឆ្នាំ ហើយសម្តេច នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នឹងមានរយៈពេល ៣៧ឆ្នាំ។

​យ៉ាងណាក៏ដោយ ​បើ​​និយាយ​ក្នុ​ង​តែ​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុងចំណោម​កូនៗ​ ថ្នាក់ដឹកនាំ​កំពូលៗ ហាក់​ដូចជា មិនមាន​អ្នកណា អាច​ប្រដូច​​ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត បានទេ ទាំង​​ចំណេះ​ដឹង និង​ទាំង​អំណាច ដើម្បី​​យក​តំណែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​។ និយាយ​ពី​ថ្នាក់ដឹកនាំ​កំពូលៗ ក៏​មិនអាច​ប្រជែង​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ឪពុក​បានឡើយ​។ ពេលនេះ​​ទៀត សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​គាំទ្រ​លោក ហ៊ុន ម៉ា​ណែ​ត ជា​កូន​ទៀត​។ ដូច្នេះ​តើ​មាន​ថ្នាក់ដឹកនាំ​​ណាមួយ ហ៊ាន​ចេញមុខ បដិសេធ​ត្រង់ៗ បើទោះ​បី​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តស៊ូ​ប្រយុទ្ធ​ផ្តួលរំលំ​ខ្មែរក្រហម និង​ចូលរួម​ការពារ​សន្តិភាព អភិវឌ្ឍន៍​ប្រទេស​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏​មុខជា​គាំទ្រ​នូវ​ការសម្រេចចិត្ត​របស់​ស​ម្តេច​តេ​ជោ ដែលជា​ប្រធាន​បក្ស ជាមិនខាន​។​

​ជាការ​ពិត ការសម្រេចចិត្ត​ជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្ត្រី មិនមែនជា​រឿង​ប្រថុយប្រថាន និង​ចេះតែធ្វើៗ​នោះទេ​។ តំណែង​នេះ មិនមែន​សម្រាប់តែ​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រជាប្រិយភាព ឈ្នះ​ការបោះឆ្នោត និង​ធ្វើ​ឲ្យ​គណបក្ស​កាន់តែ​រឹងមាំ​ទេ តែ​ក៏​ត្រូវមាន​សមត្ថភាព ក្នុង​ការដឹកនាំ​ប្រទេសជាតិ ឈានទៅរក​ការរីកចម្រើន និង​បន្តវេន​អភិវឌ្ឍន៍​ថែមទៀត​។ ដូច្នេះ​ពេលនេះ គ្មាន​ហេតុផល​ឯណា ដែល​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្សកាន់អំណាច ក៏ដូចជា កូនៗ​របស់​ថ្នាក់ដឹកនាំ ក៏ដូចជា កូនៗ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​ប្រជែង​អំណាច នាំ​ដល់​ការបែកបាក់​ផ្ទៃក្នុង​ឡើយ​។ ពោលគឺ​រស់​សុខ​ស្រួល​ដូច​ជំនាន់​ឪពុកបែបណា ក៏ត្រូវតែ​​បន្ត​ដល់​កូនៗ ហើយ​រួមគ្នា ទទួលខុសត្រូវ ធ្វើ​ការងារ ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ដូច​ជំនាន់​ឪពុក ដែល​ពូន​ជ្រុំ និយាយ​ដោយឡែក ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា និង​និយាយ​ជារួម គឺ​ដើម្បី​ប្រទេស​កម្ពុជា​របស់​យើង​។

​ងាក​ទៅ​មើល​បក្សប្រឆាំង​វិញ ក្នុងពេល​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​អ្នក​បន្តវេន រហូតដល់​ប្រកាស​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្ត គឺ​លោក ហ៊ុន ម៉ា​ណែ​ត ដូច្នេះ គឺ​បក្សប្រឆាំង មិនដឹង​ក្បាល មិនដឹង​ខ្លួន និង​មិនដឹង​កន្ទុយ​នៅឯណា​ឡើយ​។ កុំ​ថា​ដល់​ថ្នាក់​រៀបចំ​អ្នក​បន្តវេន សូម្បី​អ្នកនយោបាយ​ជំនាន់​សម្តេច ហ៊ុន សែន និយាយ​ឲ្យ​ចំ​លោក សម រង្ស៊ី និង​លោក កឹម សុខា មិនដឹង​វាសនា​នយោបាយ ទៅជា​យ៉ាងណាទេ​?

​ប៉ុន្តែ​លោក កឹម សុខា កាលពី​នៅ​រួបរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក​សមរង្ស៊ី គឺ​លោក បាន​យក​កូនស្រី​ច្បង ក្នុងចំណោម​កូនស្រី​ទាំងពីរ​របស់លោក ចេញមុខ ធ្វើ​នយោបាយ ដើម្បី​ជួយ​ការងារ​ឪពុក​។ តែ កឹម មនោ​វិទ្យា ហាក់ដូចជា ពូកែ​តែ​ខាង​ឈ្លោះ​គ្នាឯង ហើយក៏​បន្ត​ដល់​សព្វថ្ងៃ ក្នុងពេល​លោក កឹម សុខា និង​លោក សម រង្ស៊ី ឈានដល់​ការបែកបាក់​ជា​ចំហរ នាពេលនេះ​។​

​ដោយឡែក លោក សម រង្ស៊ី វិញ វៀរលែងតែ​រូបលោក និង​ប្រពន្ធ គឺ​កូន​ទាំង ៣​នាក់​របស់លោក មិន​ថា កូនប្រុស ឬ​កូនស្រី​នោះទេ គឺ​មិនមាន​ឈាម ជា​អ្នកនយោបាយ ដូច​ឪពុកម្តាយ​ឡើយ​។ កូន​ទាំង ៣​នាក់​របស់លោក សម រង្ស៊ី កាត់​បរទេស​អស់ហើយ ដោយ​យកប្រពន្ធ និង​ប្តី​បរទេស ហើយក៏​មិន​រស់នៅ​ស្រុក​ខ្មែរ​នោះទេ ខណៈដែល​លោក​សមរង្ស៊ី និង​ភរិយា ក៏​ក្លាយជា​បារាំង​សេស ចាកចោល​មាតុភូមិ មុនពេល​ចូ​មក​ធ្វើ​នយោបាយ នៅ​ឆ្នាំ​១៩៩៣ ទៅទៀត​។​

​ដូច្នេះ​នៅ​ជំនាន់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាយុ​ចូល​ខ្ទង់ ៧០​ឆ្នាំ​ជាង​ហើយ បើ​មិន​ចូល​និវត្ត​ពី​នយោបាយ នៅពេលនេះ​ទេ ក៏​ពិបាក​នឹង​ប្រជែង​ជាមួយ​កូនចៅ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​។ សូម្បី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០២៣ ខាងមុខនេះ ក៏​លោក សម រង្ស៊ី មិនអាច​វិលត្រឡប់ មក​ដឹកនាំ​គណបក្ស ធ្វើ​នយោបាយ​ឡើងវិញ ក្រោយពី​បរាជ័យ ចាប់តាំងពី​ការបោះឆ្នោត ឆ្នាំ​១៩៩៨​។ រីឯ​លោក កឹម សុខា ក៏​មិនទាន់​ដឹង​កោះ​ត្រើយ នៅឯណា​? មិនដឹងថា អាច​វិល​មក​ធ្វើ​នយោបាយ​វិញ និង​ដឹកនាំ​គណបក្ស ចូលរួម​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០២៣ បាន​ឬទេ បើ​នៅជាប់​បណ្តឹង​នៅ​តុលាការ​ដូច​រាល់ថ្ងៃ​ដូច្នេះ​? ម្យ៉ាង​កូនចៅ​ជំនិតៗ រត់ចោល​លោក ក៏​អស់ហើយ​ដែរ​។

​បើ​លោក កឹម សុខា ឈប់​ធ្វើ​នយោបាយ តើ​កូនស្រី កឹម មនោ​វិទ្យា អាច​ស្នង​តំណែង​ឪពុក បានទេ បើ​អ្នក​ស្និទ្ធ​នឹង​លោក កឹម សុខា ដែល​សូម្បីតែ​លោក ប៉ុល ហំ​ម លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម ចេញទៅ​បង្កើត​គណបក្ស​ថ្មី​អស់​ទៅហើយ​? បើ​កូនស្រី លោក កឹម សុខា ចេញទៅ​បើក​គណបក្ស​ដែរ គឺ​មានតែ​ឆ្លងកាត់​វគ្គ​ជម្រុះ ដោយ​ត្រូវ​ប្រជែង​នឹង​គ្នាឯង​សិន ដើម្បី​បាន​ឈ្មោះ​ជា​បក្សប្រឆាំង ទើប​អាច​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ