ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​បុត្រា​សម្តេចព្រះ នរោត្តម សីហនុ​។ ព្រះអង្គ បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ដោយ​ដង្ហែ​តាម​ព្រះ​រាជបិតា​ព្រះអង្គ…

ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះ​បុត្រា​សម្តេចព្រះ នរោត្តម សីហនុ​។ ព្រះអង្គ បាន​ចូលប្រឡូក​ក្នុង​ឆាកនយោបាយ ដោយ​ដង្ហែ​តាម​ព្រះ​រាជបិតា​ព្រះអង្គ តាមរយៈ​ចលនា​តស៊ូ​ហ្វ៊ុនស៊ិនប៉ិច ក្នុង​ទស្សវត្សរ៍ ៨០ ចូល​សមរភូមិ​ប្រយុទ្ធ​ដោយ​អាវុធ​ផង និង​ចូល​សមរភូមិ​ចរចា​ន​យោ​បាយ ត្រីភាគី ឈានដល់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​​២៣​​តុលា ឆ្នាំ​១៩៩១ មុននឹង​ព្រះរាជបុត្រ​​ដ៏​ឆ្នើម​អង្គ​នេះ ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូលរួម​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​។​

​ក្នុង​ឆាកនយោបាយ​ខ្មែរ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​១ អតីត​ព្រះប្រធានរដ្ឋសភា និង​ជា​ព្រះប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​​កម្ពុជា​។ ព្រះអង្គ បាន​យាងចូល​​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ព្រះ​រោគាពាធ​។ ក្នុង​ជីវិត​នយោបាយ ៤០​ឆ្នាំ​មកនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះរាជបុត្រ​ឆ្នើម​មួយ​ព្រះអង្គ​គត់ ដែល​បានចេញ​ធ្វើ​នយោបាយ ស្នង​ពីស​ម្តេច​ព្រះបិតា នរោត្តម សីហនុ​។​

​អំឡុងពេល​សម្តេចព្រះ នរោត្តម សីហនុ ជា​ព្រះបិតា បង្កើត និង​ដឹកនាំ​ចលនា​តស៊ូ នៅក្នុង​ព្រៃ​ជាប់​ព្រំដែន​ថៃ ក្រោយ​ខ្មែរក្រហម ដួលរលំ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជា​សាស្ត្រាចារ្យ​ច្បាប់ នៅ​ប្រទេស​បារាំង បាន​ចូលរួម​ក្នុង​ក្រុម​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច នៅ​ឆ្នាំ​១៩៨៣​។ ព្រះ​អង្គជា​ព្រះ​បុត្រា​ឆ្នើម ដែល​ព្រះបិតា បាន​ប្រគល់​កិច្ចការ​នយោបាយ និង​ដង្ហែ​តាម​ព្រះអង្គ ចូលរួម​ក្នុង​សមរភូមិ​នយោបាយ​ជាច្រើន រួមទាំង​ពេល​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។​

​ក្រោយមក ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បាន​ប្រែក្លាយជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​១៩៩៣ គឺ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មួយអង្គ​នេះហើយ ដែល​ព្រះបិតា ទុក​ព្រះទ័យ ប្រគល់​ឲ្យ​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ រហូត​ទទួលបាន ៥៨​អាសនៈ ក្នុង​រដ្ឋសភា ១២០​អាសនៈ ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន ៥១​អាសនៈ​ប៉ុណ្ណោះ​។ ក្រោម​ការសម្របសម្រួល​នយោបាយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ទី​១ ពី​ឆ្នាំ​១៩៩៣ រហូតដល់​ឆ្នាំ​១៩៩៧​។ បន្ទាប់មក ព្រះអង្គ ក៏​ជា​ព្រះប្រធានរដ្ឋសភា ចន្លោះ​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៦​។​

​នៅ​ខែតុលា ឆ្នាំ​២០០៦ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ លាលែង​តំណែង​ប្រធានរដ្ឋសភា ហើយ​នៅក្នុង​ជួរ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ព្រះអង្គ​ក៏​បាត់បង់​តួនាទី​ជា​ប្រធាន​គណបក្ស​ថែមទៀត​។ ចាប់តាំងពី​ពេលនោះ​មក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​សម្រេច​ព្រះទ័យ ចាកចោល​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ ម៉ា​រី រណឫទ្ធិ ហើយ​ទៅ​រួមរស់​នឹង​អ្នក​ម្នាង អ៊ុក ផល្លា ជា​នាដ​ការី អ្នករបាំ​ព្រះរាជ​ទ្រព្យ គឺ​ព្រះអង្គ មាន​បញ្ហា​ទាំង​ជីវិត​គ្រួសារ និង​ទាំង​ជីវិត​នយោបាយ​។​

​មែនទែនទៅ ជីវិត​នយោបាយ​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏​មិន​ស្ងប់ស្ងាត់​ប៉ុន្មាន​ឡើយ តាំងពី​ដំបូង​មក​។ នោះ​គឺ​ហ្វ៊ុនស៊ិនប៉ិច ចាប់ផ្តើម​មានការ​បែកបាក់​ដំបូង នៅ​ឆ្នាំ​១៩៩៥ ក្នុងពេល​លោក​សមរង្ស៊ី អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​ដកតំណែង ហើយ​លោក​សមរង្ស៊ី ក៏​សម្រេចចិត្ត ចេញពី​ហ្វ៊ុនស៊ិនប៉ិច ដោយ​នាំ​សមាជិក​ហ្វ៊ុនស៊ិនប៉ិច​ជាច្រើន ទៅ​បង្កើត​គណបក្ស​ថ្មី ឈ្មោះថា គណបក្ស​ជាតិខ្មែរ និង​ក្រោយមក ប្តូរ​ឈ្មោះ​ជា គណបក្ស​សមរង្ស៊ី ហើយ​សព្វថ្ងៃ ឈ្មោះថា គណបក្ស​ភ្លើងទៀន​។​

ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ថ្ងៃ​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន ក៏បាន​បែកបាក់​ទ្រង់ទ្រាយ​ធំ​ម្តងទៀត នៅពេល​បោះឆ្នោត ឆ្នាំ​១៩៩៨​។ មន្ត្រីជាន់ខ្ពស់​ហ្វ៊ុនស៊ិនប៉ិចជាច្រើន​ ចាក​ចេញទៅ​បង្កើត​គណបក្ស​ថ្មី មិនតិចជាង ១០​គណបក្ស​ឡើយ​។ តែ​កាលណោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក្នុងនាម​ប្រធាន​ហ្វ៊ុនស៊ិនប៉ិច នៅតែ​អាច​រក្សា​ឈ្មោះ​ជា​គណបក្ស​ជាប់ឆ្នោត លំដាប់​ទី​២ បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា និងបន្ត​​ធ្វើជា​ដៃគូ បង្កើត​រដ្ឋាភិបាលចម្រុះ ដូច​អាណត្តិ​ទី​១ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយ​​ព្រះអង្គ ក្លាយជា​ប្រធានរដ្ឋសភា រហូតដល់​ឆ្នាំ​២០០៦​។ ក្នុងអំឡុង​ពេលនោះ មន្ត្រីជាន់ខ្ពស់​ហ្វ៊ុនស៊ិនប៉ិច ក៏នៅ​​បន្ត​ចាកចេញ​ជា​ហូរហែ ចាប់តាំងពី​ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រហូតដល់​អ្នកគាំទ្រ​​នៅ​មូលដ្ឋាន​។​

​នៅ​ខែតុលា ឆ្នាំ​២០០៦ ជាការ​បែកបាក់​ហ៊្វុនស៊ិនប៉ិច​ធំជាងលើកណាណាទាំងអស់ រវាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​ក្រុម​លោក ញឹក ប៊ុនឆៃ លោក លឺ ឡាយស្រេង ហើយ​ព្រះអង្គ ត្រូវ​ដើរ​ចេញពី​ហ្វ៊ុនស៊ិនប៉ិច ទៅ​បង្កើត​គណបក្ស​ថ្មី​។ ប៉ុន្តែ​គណបក្ស​ថ្មី​របស់​សម្តេចក្រុមព្រះ និង​ហ្វ៊ុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ សុទ្ធតែ​មិន​ទទួលបាន​លទ្ធផល​ល្អ​ដូចគ្នា​។ ក្នុងការ​បោះឆ្នោតជាតិ ឆ្នាំ​២០០៨ ទទួល​បានតែ​ក្នុង ១​គណបក្ស​តែ ២​អាសនៈ នៅ​រដ្ឋសភា​ប៉ុណ្ណោះ​។​

​ក្រោយមក នៅក្នុង​ការបោះឆ្នោតជាតិ ឆ្នាំ​២០១៣ ទាំង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​ទាំង​គណបក្ស​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មិន​ទទួលបាន​អាសនៈ​ទេ​។ កាលណោះ ព្រះអង្គ បានប្រកាស​ចូល​និវត្ត​ពី​ឆាកនយោបាយ​។ រហូតដល់​ខែមីនា ឆ្នាំ​២០១៤ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ត្រលប់មក​ធ្វើ​នយោបាយ​ឡើងវិញ ដោយ​បង្កើត​គណបក្ស​ថ្មី​មួយ ឈ្មោះ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​។ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៥ ព្រះអង្គ បាន​រំលាយ​គណបក្ស​នោះ​ចោល ហើយ​លោក ញឹក ប៊ុនឆៃ ព្រម​ប្រគល់​ហ្វ៊ុនស៊ិនប៉ិច ថ្វាយ​សម្តេចក្រុមព្រះ ឡើងជា​ប្រធាន​ឡើងវិញ​។​

​រហូតដល់​ពេល​ចូល​ព្រះ​ទិវង្គត​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅតែ​ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ប៉ុន្តែ​ព្រះអង្គ បាន​ផ្ទេរសិទ្ធិ​គ្រប់គ្រង និង​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ឲ្យ​ព្រះ​បុត្រា​ព្រះអង្គ ជា​ប្រធានស្តីទី គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ចាប់តាំងពី​ព្រះអង្គ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ជា​លើក​ទី​២ កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ផ្លូវជាតិ​លេខ​៤ ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បណ្តាល​ឲ្យ​ព្រះអង្គ រងរបួស​ធ្ងន់ធ្ងរ ហើយ​អ្នក​ម្នាង អ៊ុក ផល្លា ទទួលមរណភាព​។ ភ្លាមៗ ព្រះអង្គ ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល នៅ​ប្រទេស​ថៃ អស់​ជាច្រើន​ខែ និង​ក្រោយមក សម្តេចក្រុមព្រះ បាន​វិល​មក​កម្ពុជា​វិញ តែ​ត្រូវ​គង់នៅ​តែ​លើ​រទេះរុញ ហើយ​មាន​សភាព​ទ្រុឌទ្រោម​។ ក្រោយមក ព្រះអង្គ ក៏​ត្រូវបាន​បញ្ជូនបន្ត​ទៅ​ព្យាបាល​ព្រះរោគ នៅ​ប្រទេស​បារាំង រហូតដល់​ថ្ងៃ​ចូល​ទិវង្គត​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ដៃគូ​នយោបាយ​សម្តេចក្រុមព្រះ បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ព្រះ​មរណទុក្ខ ហើយ​ចាត់ទុកថា ការបាត់បង់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជា​ការបាត់បង់​ព្រះរាជ​ឥស្សរជន ក្នុង​ព្រះ​រាជវង្ស​ដ៏​ល្អ​ឆ្នើម​មួយ​ព្រះអង្គ ដែល​ទ្រង់​ពេញ​ព្រះ​ហឫទ័យ ស្នេហា​ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ​ព្រះឆន្ទៈ​មនសិការ​មោះមុត និង​វាងវៃ​ជា​អតិបរមា​។

​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ព្រះ​សព​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន​ដង្ហែ​ពី​ប្រទេស​បារាំង មកដល់​ភ្នំពេញ ដើម្បី​ប្រារព្ធ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា មុននឹង​ថ្វាយ​ព្រះ​ភ្លើង​បូជា នៅមុខ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ​។  រាជរដ្ឋាភិបាល បានផ្តល់​នូវការគោរព ដឹងគុណ​ថ្វាយ​ព្រះអង្គ ដោយ​​បង្កើត​​គណៈកម្មកា​រ​រៀបចំ​ពិធីបុណ្យ​ព្រះ​សព​ព្រះអង្គ និង​បានកំណត់​យក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ដែល​ជា​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង បូជាព្រះសព​ព្រះអង្គ ជា​ថ្ងៃ​កាន់ទុក្ខ​ផ្លូវការ ថ្វាយ​ព្រះ​វិញ្ញ​ណ​ក្ខ​ន្ធ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​​។​

​ជា​​ការ​​ពិត ក្នុង​ឆាកនយោបាយ ក្រៅតែពី​សម្តេច​ព្រះបិតា នរោត្តម សីហនុ​ គឺ​ព្រះរាជវង្សានុវង្ស​ជំនាន់​ចុងក្រោយ​នេះ មានតែ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នេះហើយ ដែល​ធ្វើ​នយោបាយ​ឆ្នើម កាត់​ទៅរក​ព្រះបិតា​។ ទោះបីជា​អស់ពី​សម្តេចក្រុមព្រះ កាលពី​ឆ្នាំ​២០០៦ ហ្វ៊ុនស៊ិនប៉ិច កាលណោះ​ ត្រូវបាន​ប្រគល់​ឲ្យ​សម្តេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី ឡើងជា​ប្រធាន តែ​ក៏​មិន​អាចជួយ​ស្តារ​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ​ទេ​។

​ក្នុងនោះ ក៏​នៅមាន​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជា​សែ​រាជវង្ស​មួយ​ព្រះអង្គ​ទៀត ដែល​ចូលប្រឡូក ធ្វើ​នយោបាយ បង្កើត​គណបក្ស​ខ្លួនឯង​ផង ដង្ហែ​សម្តេចក្រុមព្រះ​ផង ហើយ​ចុងក្រោយ​ចូលរួម​ជាមួយ​បក្សប្រឆាំង អតីត​សង្គ្រោះ​ជាតិ​ទៀត តែ​ក៏​ក្នុងការ​បោះឆ្នោត ឆ្នាំ​២០១៣ ព្រះអង្គម្ចាស់ ធម្មិកោ មិនអាច​ជាប់ឆ្នោត ក្លាយជា​តំណាងរាស្ត្រ​នឹង​គេ​នោះឡើយ​។​

​ងាក​មក​មើល បុត្រាបុត្រី​សម្តេចក្រុមព្រះ ដែល​បន្ត​ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច​ពី​ព្រះបិតា ក៏​ហាក់ដូចជា​មិនមាន​ឥទ្ធិពល ស្រោចស្រង់​ហ្វ៊ុនស៊ិនប៉ិច​ឡើយ កុំថាឡើយ​ទាក់ទាញ​ទឹកចិត្ត​រាស្ត្រ​ម្ចាស់ឆ្នោត សូម្បីតែ​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ហ្វ៊ុនស៊ិនប៉ិច ក៏​ចុង​ក្រោយនេះ កើតមាន​ជម្លោះ​ដណ្តើម​ត្រា រហូត​មាន​បណ្តឹង​ឡើង​តុលាការ រវាង​ក្រុមមន្ត្រី​ចាស់ៗ ដែលមាន​ទាំង​លោក ចាប ញ៉ាលីវុធ ជា​ប្អូន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ម្តាយ​រួមគ្នា តែ​ឪពុក​ផ្សេងគ្នា និង​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម រតនាទេវី រួមទាំង​ព្រះអង្គម្ចាស់​ក្ស​ត្រី ម៉ា​រី រណឫទ្ធិ​។​

​ដូច្នេះ​អស់ពី​សម្តេចក្រុមព្រះ​ទៅ អាច​ដល់ពេល​សែ​រាជវង្ស ឈប់​ធ្វើ​នយោបាយ​ដូច​អ្វីដែល​ធ្លាប់មាន​ចលនា​នេះ​ម្តង​ហើយ ក្រោយពេល​សម្តេចក្រុមព្រះ អស់​តួនាទី​ពី​ប្រធានរដ្ឋសភា និង​ពី​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ឆ្នាំ​២០០៦​។ ប៉ុន្តែ​បើ​នៅមាន​សែ​រាជវង្ស នៅ​បន្តធ្វើ​នយោបាយ ក៏​ធ្វើ​មិន​ខ្លាំង​នោះទេ នៅក្នុង​ប៉ូល​នយោបាយ​កម្ពុជា សព្វថ្ងៃ ដែលមាន​ការ​ប្រជែង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​អ្នក​តាំងខ្លួន​ជា​អ្នកប្រជាធិបតេយ្យ​។ ក្រុម​អ្នកប្រជាធិបតេយ្យ ក៏​កំពុងតែ​បែកបាក់​ធ្ងន់ធ្ងរ​ដែរ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ