ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​អត្ថន័យ​តុក្កតា​ទាំង​២​ជា​និមិត្តរូប​នៃ​ស៊ី​ហ្គេ​ម​ ​ទើប​មក​ដល់​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស «​និមិត្តសញ្ញា​-Mascot» ដែល​ជា​និមិត្តរូប​នៃ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​មក​ដល់​

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស «​និមិត្តសញ្ញា​-Mascot» ដែល​ជា​និមិត្តរូប​នៃ​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​មក​ដល់​កម្ពុជា​ហើយ​។ តុក្កតា​ដែល​ជា​និមិត្តរូប​នៃ​ស៊ី​ហ្គេ​ម​នេះ ក៏​នឹង​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​រាប់​ថយក្រោយ​៥០០​ថ្ងៃ នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ខាង​មុខ​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ការ​ឆ្ពោះទៅ​មុខ​នៃ​ការ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ របស់​កម្ពុជា​។

ពិធី​រាប់​ថយក្រោយ​នេះ កំណត់​យក​ត្រឹម​៥០០​ថ្ងៃ ចាប់ពី​ថ្ងៃ​កំណត់​រាប់ រហូត​ដល់​ចាប់ផ្ដើម​ពិធី ដោយ​ពិធី​រាប់​ថយក្រោយ​នេះ គឺ​នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ហើយ​ក៏​ចាត់​ទុក​ថា​គឺជា​ថ្ងៃ​បើក​សម្ពោធ​រូប​តុក្កតា ដែល​ជា​និមិត្តសញ្ញា​ស៊ី​ហ្គេ​ម​ជា​ផ្លូវការ​ផង​ដែរ​។ តើ​រូប​តុក្កតា​នេះ មាន​អត្ថន័យ​ដូច​ម្ដេច ហេតុ​អ្វី​ទើប​បានជា​កម្ពុជា​កំណត់​យក​។ ខាងក្រោម​នេះ គឺជា​អត្ថន័យ​ដ៏​ស៊ីជម្រៅ​បន្ថែម​ទៀត ជុំវិញ​រូប​សញ្ញា​តុក្កតា​ប្រុស​ស្រី​ទាំង​២ ដែល​កម្ពុជា​នឹង​ឃើញ​រូប​ទាំង​ពីរ​ត្រូវ​បាន​បង្ហាញ​នៅ​កម្ពុជា​យ៉ាង​ទូលំទូលាយ​ចាប់ពី​ថ្ងៃ​បើក​សម្ពោធ​តទៅ ដោយ​នឹង​មានការ​ដាក់​តាំងនៅ​កន្លែង​សំខាន់​ៗ​ផង​។

រូប​សត្វ​តំណាង Mascot៖ ជា​និមិត្តរូប​សុភា​ទន្សាយ​ញី​ឈ្មោល​ចំនួន​ពីរ ដែល​ទន្សាយ​ឈ្មោល​មានឈ្មោះ​ថា «បុរី​» ជា​តួអង្គ​ប្រុស និង ទន្សាយ​ញី​មានឈ្មោះ​ថា «រំដួល​» ជា​តួអង្គ​ស្ត្រី​។ តួអង្គ​ប្រុស គឺ​ដៃស្តាំ​កាន់​ភ្លើង​គប់​កីឡា ហើយ​តួអង្គ​ស្ត្រី សំពះ​ស្វាគមន៍​ភ្ញៀវ ដោយ​តួអង្គ​ទាំង​ពីរ​បញ្ចេញ​ទឹកមុខ និង​ស្នាមញញឹម​ខ្មែរ រួសរាយ​រាក់ទាក់​ស្វាគមន៍​យ៉ាង​កក់ក្តៅ ប្រតិភូ និង​ភ្ញៀវ SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣​។ នៅ​លើ​ខ្លួន​តួអង្គ​ទាំង​ពីរ ត្រូវ​បាន​កំណត់​អោយ​គ្រង​សម្លៀក​បំពាក់​ជា​កីឡាករ​-​កីឡាការិនី​គុន​ល្បុក្កតោ ដែល​ជា​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ និង​ជា​ប្រភេទ​កីឡា​ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ​ជាតិ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​បាន​ស្នើ​សុំ​ចុះបញ្ជី​បេតិកភណ្ឌ​អ​រូបិយ​នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO ផង​ដែរ​។

ខ្លឹមសារ​អត្ថន័យ​នៃ Mascot គឺជា​រូប​សុភា​ទន្សាយ​តំណាង​ឲ្យ​តួអង្គ​សន្តិភាព​និយម ជា​តួអង្គ​សុភាព​រាបសារ ទន់ភ្លន់ បញ្ញា​ឈ្លាសវៃ យុត្តិធម៌​គួរ​ឲ្យ​ស្រឡាញ់ នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប គ្រប់​ជំនាន់ ពិសេស​គុណសម្បត្តិ និង​គុណ​តម្លៃ​ដ៏​អស្ចារ្យ​នៃ​សុភា​ទន្សាយ​បាន​លេច​ត្រដែត​ក្នុង​រឿងនិទាន​ខ្មែរ ដែល​ជា​អក្សរសិល្ប៍​ប្រជាប្រិយ​ខ្មែរ​ដ៏​ល្អ​ឥត​ខ្ចោះ​។ ម្យ៉ាងទៀត ដោយសារ​តែ​នៅ​ឆ្នាំ​២០២៣ គឺជា​ឆ្នាំថោះ តំណាង​អោយ​ឆ្នាំ​សត្វ​ទន្សាយ ទើប​ការ​កំណត់​យក​សត្វ​ទន្សាយ​ជា​តំណាង គឺជា​រឿង​ដ៏​ស័​ក្តិសម​។

សត្វ​ទន្សាយ​នេះ ក៏​តំណាង​អោយ​ភាព​ឆ្លាត​វ័យ និង យុត្តិធម៌ នៅ​ក្នុង​រឿងនិទាន​ខ្មែរ​ផង​ដែរ​។ តុក្កតា​ទាំង​ពីរ​នេះ ក៏​បង្ហាញ​ពី​ខ្លឹមសារ​ចម្បង​មួយ​គឺ​ «​កីឡា​រស់​ក្នុង​សន្តិភាព​» «SPORTS LIVE IN PEACE» ដែល​មាន​អត្ថន័យ​ស៊ីជម្រៅ ក្នុង​គុណប្រយោជន៍​នៃ​សន្តិភាព មាន​សន្តិភាព​ទើប​កីឡា​មានជីវិត កីឡា​មាន​សកម្មភាព និង​កីឡា​មានការ​អភិវឌ្ឍ​។ យ៉ាងណាមិញ SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ កើត​មានបាន​ដោយសារ​កម្ពុជា​មាន​សន្តិភាព ជា​កត្តា​សត្យា​នុ​ម័ត​។ គ្មាន​សន្តិភាព គ្មាន​អ្វី​ៗ​ទាំងអស់ គ្មាន​សន្តិភាព គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​កីឡា គ្មាន​សិទ្ធិ​រៀបចំ​ប្រកួត​កីឡា គ្មាន​សន្តិភាព គ្មាន​ការ​អភិវឌ្ឍ ហើយ​ក៏​គ្មាន SEA Games នៅ​កម្ពុជា​ដូច្នេះ​ហើយ ទើប​អត្ថន័យ​នេះ គឺ​ពោរពេញ​ដោយ​ខ្លឹមសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ