ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃភាស៊ី ឆ្នាំ២០២២ នៅផ្សារចំនួន ៦ ក្នុងខេត្តស្វាយរៀង បានចំណូលជាង ៤៤២លានរៀល

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ លោក ប៊ុន បុ​ណ្ណា​រិ​ទ្ធ អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​ចំណូល​មិនមែន​សារពើ​ភណ្ឌ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ដល់​អ្នកដេញថ្លៃ​ភាស៊ី​ផ្សារ ឆ្នាំ​២០២២ យកមក​ធ្វើ​អាជីវកម្ម…

ខេត្តស្វាយរៀង​៖ លោក ប៊ុន បុ​ណ្ណា​រិ​ទ្ធ អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​ចំណូល​មិនមែន​សារពើ​ភណ្ឌ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ដល់​អ្នកដេញថ្លៃ​ភាស៊ី​ផ្សារ ឆ្នាំ​២០២២ យកមក​ធ្វើ​អាជីវកម្ម ត្រូវអនុវត្ត​ឲ្យ​បាន​តាម​សៀវភៅ​បន្ទុក និង​ប្រើប្រាស់​ឥរិយាបថ​ទន់ភ្លន់ ជាមួយ​ក្រុមអាជីវករ និង​អ្នកលក់ដូរ​តូចតាច ដើម្បី​ប្រមូល​ភាស៊ី​អោយបាន​គ្រប់​ចំនួន ដែល​ដេញថ្លៃ​បាន​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ការលើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូបនេះ បានធ្វើ​ឡើង ខណៈដែល​លោក​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដេញថ្លៃ​ភាស៊ី​ផ្សារ ប្រមូល​ថវិកា​ប្រើប្រាស់​ក្នុង​គុណប្រយោជន៍​ជាតិ​ឆ្នាំ​២០២២ នៅ​ខេត្តស្វាយរៀង នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ពិធី​នេះ អញ្ជើញ​ចូលរួម​ពី​លោក សុខ រស់ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​លោក លោកស្រី ជា​អភិបាល អភិបាលស្រុក​ក្រុង​ទាំង ៨ ផងដែរ​។

​ទន្ទឹមនឹង​ការប្រមូល​ភាស៊ី​ផ្សារ​ប្រចាំថ្ងៃ​នោះដែរ លោក ប៊ុន បុ​ណ្ណា​រិ​ទ្ធ បានស្នើ​បន្ថែម​ដល់​លោក​លោកស្រី ដែលជា​ម្ចាស់​ដេញថ្លៃ​ភាស៊ី​ផ្សារ ប្រចាំឆ្នាំ​២០២២ ត្រូវ​រៀបចំ​កែលម្អ ប្រព័ន្ធ​ទឹក ភ្លើង ពិសេស​រៀបចំ​សោភ័ណភាព​ផ្សារ តាមរយៈ​ធ្វើ​អនាម័យ សម្អាត បរិស្ថាន សំដៅ​លើកកម្ពស់​សោភ័ណភាព​ផ្សារ ក៏​ដូច​លើក​កំពស់​ស្រុក ក្រុង ក្នុងការ​ទាក់ទាញ​ភ្ញៀវ អោយចូល​មកលេង​កំសាន្ត ឬ​ទិញ​ទំនិញ ធ្វើជា​វត្ថុ​អនុស្សាវរីយ៍ ផ្ញើ​ទៅ​គ្រួសារ ឬ​មិត្ត​ភ័ក្តិ​។​

​លោក ជូ សុធី ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខេត្ត មានប្រសាសន៍ថា ផ្សារ​ចំនួន ៦ ដែល​ដេញថ្លៃ​ភាស៊ី​គ្រប់​ប្រភេទ សម្រាប់ធ្វើ​អាជីវកម្ម នៅ​ឆ្នាំ​២០២២ រួមមាន ភាស៊ី​ផ្សារ​វាល​យន្ត និង​ផ្សារ​ពោធិ​តា​ហោ ក្នុង​ក្រុង​ស្វាយរៀង ភាស៊ី​ផ្សារ​កំពង់ត្រាច ក្នុងស្រុក​រមាសហែក ភាស៊ី​ផ្សារ​ស្រុក​កំពង់រោទិ៍ ភាស៊ី​ផ្សារ​ស្រុក​ស្វាយជ្រំ និង​ភាស៊ី​ផ្សារ​ស្រុក​រំដួល​។ ក្នុងនោះ មាន​ក្រុម​អា​វី​ករ ១៧​នាក់ បានដាក់​ពាក្យ​ដេញថ្លៃ និង​ប្រមូល​ថវិកា សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍន៍ បាន​ចំនួន ៤៤២,២០០,០០០​រៀល​។

​លោក​បាន​ឲ្យ​ដឹងថា ភាស៊ី​ផ្សារ​ស្រុក​រមាសហែក តម្លៃ​មូលដ្ឋាន​ឆ្នាំ​២០២២ ថវិកា​ចំនួន ២៤,៥០០,០០០​រៀល ដោយមាន​ក្រុមអាជីវករ​ចូល​ដេញថ្លៃ ៤​ក្រុមហ៊ុន ហើយ​លទ្ធផល​បាន​ទៅ​អាជីវករ​ឈ្មោះ ហោ យាន ភេទ​ប្រុស អាយុ ៨១​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ តម្លៃ ៣០,០០០,០០០​រៀល​។ ភាស៊ី​ផ្សារ​ស្រុក​ស្វាយជ្រំ តម្លៃ​មូលដ្ឋាន​ឆ្នាំ​២០២២ ថវិកា ១៥,៥០០,០០០​រៀល មាន​ក្រុមអាជីវករ​ចូល​ដេញថ្លៃ​ចំនួន ០៤​នាក់ លទ្ធផល បាន​ទៅលើ​អាជីវករ​ឈ្មោះ ជា ចាន់​សេង ភេទ​ស្រី អាយុ ៣៧​ឆ្នាំ នៅ​ខេត្តកំពង់ចាម ក្នុងតម្លៃ ៤៥,០០០,០០០​រៀល​។ ភាស៊ី​ផ្សារ​ស្រុក​រំដួល តម្លៃ​មូលដ្ឋាន ៤,៥០០,០០០​រៀល មាន​ក្រុមអាជីវករ​ចូល​ដេញថ្លៃ​ចំនួន ០៤​នាក់ លទ្ធផល​បាន​ទៅលើ​អាជីវករ ឈ្មោះ អ៊ិ​ង វ៉ាន់​ធុល ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ រស់នៅ​ភូមិ​ចក​ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង ក្នុងតម្លៃ ១០,២០០,០០០​រៀល​។​

​ភាស៊ី​ផ្សារ​វាល​យន្ត និង​ផ្សារ​ពោធិ​តា​ហោ ក្រុង​ស្វាយរៀង តម្លៃ​មូលដ្ឋាន ៣៤០,៥០០,០០០​រៀល មាន​អាជីវករ​ចូល​ដេញថ្លៃ​ចំនួន ៤​នាក់ លទ្ធផល បាន​ទៅលើ​អាជីវករ​ឈ្មោះ ភួង បូ​ផា ភេទ​ស្រី អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ទី​៨ សង្កាត់​កំពង់ចាម ក្រុង​ខេត្តកំពង់ចាម ក្នុងតម្លៃ ៣៤៦,៥៩០,០០០​រៀល​។

​ដោយ​គណៈកម្មការ​រៀប​ចំ​ដាក់​ដេញថ្លៃ​ពិនិត្យ​ទៅ​ឃើញថា តម្លៃ​ទាប​ជាង​ឆ្នាំ​២០២១ ក៏​ឲ្យ​អាជីវករ​ពិចារណា គួរ​តម្លើង​តម្លៃបន្ថែម ដោយយោង​សភាពការណ៍​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ព្រះរាជណាចក្រ​កម្ពុជា ក៏​ដូច​នៅក្នុង​ខេត្តស្វាយរៀង គឺ​បាន​ធូរស្រាល រាជរដ្ឋាភិបាល​បានប្រកាស​បើក​សេដ្ឋកិច្ច​ឡើងវិញ ប្រជាពលរដ្ឋ និង​អាជីវករ បាន​រកស៊ី​លក់ដូរ​ធម្មតា​វិញ​ហើយ លោកស្រី ភួង បូ​ផា ក៏បាន​តម្លើង​តម្លៃ ៣៥០,០០០,០០០​រៀល​។

​ចំណែក​ភាស៊ី​ផ្សារ​ស្រុក​កំពង់រោទិ៍ តម្លៃ​មូលដ្ឋាន​ដាក់​ឲ្យ​ដេញថ្លៃ ៦,៥០០,០០០​រៀល មាន​អាជីវករ​ចូលមក​ដាក់សំណើរ​ដេញថ្លៃ​តែ​ម្នាក់​គត់ ឈ្មោះ គយ សុខា​ន្នី ភេទ​ស្រី អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​រនាស់ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង លទ្ធផល តម្លៃ​ឡើង​បាន ៧,០០០,០០០​រៀល​៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ