ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន​ដល់​ការ​ដាក់​ពិន័យ​អាជ្ញាកណ្ដាល ករណី​ឲ្យ ធន់ ក្របី ជា​អ្នក​ឈ្នះ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​របាយការណ៍​ប្រកួត​រវាង​កីឡាករ ធន់ ក្របី ជាមួយ​កីឡាករ សូ​ដា សុភាព នៅ​សង្វៀន​ប្រដាល់​បាយ័ន​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​សៅរ៍​ទី​២៧…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​របាយការណ៍​ប្រកួត​រវាង​កីឡាករ ធន់ ក្របី ជាមួយ​កីឡាករ សូ​ដា សុភាព នៅ​សង្វៀន​ប្រដាល់​បាយ័ន​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​សៅរ៍​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ទីបំផុត​សហព័ន្ធ​កីឡាប្រដាល់​បាន​ឈាន​ដល់​ការ​ដាក់​ពិន័យ​លោក​អាជ្ញាកណ្ដាល ជា​ផ្លូវការ​ហើយ ដោយ​អ្នក​ពាក់ព័ន្ធ​នឹង​ករណី​អយុត្តិធម៌​នេះ​ក៏​រង​ការ​ពិន័យ​ផង​ដែរ​។ យោង​តាម​ការ​បង្ហោះ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ វិច្ឆិកា ឆ្នាំ​២០២១ បាន​បង្ហោះ​លិខិត​បញ្ឈរជើង អម​ដោយ​សំ​ណេ​រថា ដោយ​មើលឃើញ​ពី​ការ​ដឹកនាំ​ប្រកួត​របស់​អាជ្ញាកណ្តាល​មានការ​ខុសឆ្គង​ទៅ​នឹង​បទបញ្ជា​ប្រកួត និង​ថែម​ទាំង​បាន​សម្រេច​លទ្ធផល​មិន​បាន​ត្រឹមត្រូវ​ទៅ​នឹង​សកម្មភាព និង​លទ្ធផល​ជាក់ស្តែង ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ ដើម្បី​ពិនិត្យ វាយតម្លៃ និង​សម្រេច​ដាក់​វិធានការ​រដ្ឋបាល​ចំពោះ​មន្ត្រី​ដែល​អនុវត្ត​ខុសឆ្គង​ភ្លាម​ៗ​។

សេចក្ដី​ប្រកាស​នោះ បាន​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន​រយៈពេល​០៦​ស​ប្តា​ហ៍​ចំពោះ​អាជ្ញាកណ្តាល​លោក (​ម៉ី រតនៈ​) និង​គណៈវិនិច្ឆ័យ​លោក (​ហង្ស ស៊ឺ​ន​) រីឯ​កីឡាករ​(​ធន់ ក្របី​) សហព័ន្ធ​សម្រេច​ផ្អាក​ការ​ចាប់​គូ​មិន​ឲ្យ​ប្រកួត​រយៈពេល​០៦​ស​ប្តា​ហ៍​ដែរ​។ ជាមួយនឹង​ការ​ប្រកាស​នេះ ផេ​ក​សហព័ន្ធ​បន្ត​ថា ហេតុនេះ​សូម​បងប្អូន​ដែល​ស្រឡាញ់ និង​គាំទ្រ​គុន​ខ្មែរ​ទាំងអស់​មេត្តា​ជ្រាប និង​សូម​ខន្តី​អភ័យទោស ចំពោះ​កំហុសឆ្គង​ទាំងនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន សហព័ន្ធ​នឹង​ខិតខំ​ធ្វើការ​អប់រំ ណែនាំ ពង្រឹង​ឡើង​វិញ​ដល់​មន្ត្រី និង​កីឡាករ​ទាំងអស់​ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​របស់​សហព័ន្ធ សូម​អរគុណ​។ អ្នកគាំទ្រ​មិន​តិច​ទេ បាន​បង្ហាញ​ការ​សាទរ​ចំពោះ​ចំណាត់ការ​នេះ ហើយ​អ្វី​ដែល​បាន​សម្រេច​ក៏​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​អស់ចិត្ត​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ដែល​បាន​កើតឡើង​នេះ គឺ​ដោយសារ​តែ​ការ​ប្រកួត​ប្រដាល់​ជើងឯក​នៅ​ទូរទស្សន៍​បាយ័ន ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដែល​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ជើងឯក រវាង​កីឡាករ ធន ក្របី និង បង្គោល​ខៀវ សូ​ដា សុភាព នោះ បាន​ផ្ទុះ​ឡើង​នូវ​ដ៏​អយុត្តិធម៌​រហូត​បណ្ដាល​ឲ្យ​មានការ​រិះគន់​។ ការ​រិះគន់​នោះ គឺ​បន្ទាប់​ពី​កីឡាករ​បង្គោល​ក្រហម ធន ក្របី បាន​វាយ​អោយ​បង្គោល​ខៀវ​ដួល ហើយ​ក្នុង​ពេល​បង្គោល​ខៀវ​ដួល ស្រាប់តែ​បង្គោល​ក្រហម​ថែម​មួយ​ជើង​ត្រូវ​ភ្នែក បណ្ដាល​ឲ្យ​រាប់​ដល់​១០ ប៉ុន្តែ​អាជ្ញាកណ្ដាល និង​គណៈកម្មការ​ធ្វើ​ជា​មិនឃើញ ហើយ​នៅ​តែ​កាត់ក្ដី​ឲ្យ​អ្នក​ល្មើស​ឈ្នះ​។ វី​ដេ​អូ​ការ​ប្រកួត​នោះ ត្រូវ​បាន​គេ​ចែកចាយ​រិះគន់​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​វី​ជេ ហេ​រ៉ូ ឈាន​ដល់​ការ Live រិះគន់ បណ្ដាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ លោក ហេ​រ៉ូ បាន​អំពាវនាវ​ឲ្យ​មាន​ចំណាត់ការ និង​លើក​ឡើង​ថា នេះ​គឺជា​វប្បធម៌​ធ្វើ​ស៊ី​ចំពោះ​កីឡាករ​អត់​ខ្សែ​អត់​បណ្ដាញ ដែល​លោក​យល់​ថា កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រិះគន់ និង​លែង​ចង់​គាំទ្រ​វិស័យ​គុន​ខ្មែរ​។

លោក​ថា សង្វៀន​ទាំងមូល គឺ​មាន​គណៈកម្មការ​កំពុង​មើល​ច្រើន​ណាស់ គឺ​មិន​អាច​គ្មាន​អ្នក​ណា​មើលឃើញ​នោះ​ទេ ប៉ុន្តែ​អាច​បណ្ដាល​មក​ពី​គេ​មាន​ចេតនា​ចង់​យោង​បង្គោល​ក្រហម ឲ្យ​ឈ្នះ​ប្រាក់​រង្វាន់​លេខ​១​តែ​ម្ដង​។ លោក​បាន​ទាំង​រិះគន់​ចំពោះ​កីឡាករ ធន ក្របី ផង​ដែរ ដែល​បាន​ធ្វើ​រឿង​ល្មើស​ពិន័យ​ដើម្បី​ជ័យជម្នះ ហើយ​ញញឹម​ទទួល​ចំណាត់ថ្នាក់​លេខ​១ ទាំង​ដែល​ចំណាត់ថ្នាក់​នោះ គឺ​គ្មាន​មហាជន​ណា​កោតសរសើរ​។ លោក​ក៏​បាន​លើកទឹកចិត្ត​ចំពោះ កីឡាករ សូ​ដា សុភាព កុំ​ឲ្យ​បាក់ទឹកចិត្ត និង​កុំ​ឲ្យ​បោះបង់​ការ​ប្រដាល់ ដោយ​លោក​ថា ដ្បិតតែ​គណៈកម្មការ​បិទ​ភ្នែក​ឲ្យ​ចាញ់ ប៉ុន្តែ​គឺ​ចាញ់​ដោយ​កិត្តិយស ហើយ​ក៏​មាន​អ្នកគាំទ្រ​មិន​តិច​ដែរ ចង​ចាំ​ប្អូន និង​ស្រលាញ់​គាំទ្រ​។ យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ពេល​នេះ កីឡាករ សូ​ដា សុភាព បាន​ទទួល​យុត្តិធម៌ ក្រោយ​ការ​រិះគន់​ដ៏​ក្ដៅ​របស់​លោក​នោះ​ហើយ ទើប​គេ​ឃើញ​លោក​បង្ហោះ​អរគុណ​ចំពោះ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ផង​៕ ដោយ ៖ ផាត់ តារា​រដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ