ខេត្តក្រចេះ ៖ អភិរក្សរបស់អង្កការ WWF និងមន្ត្រីឆ្មាំទន្លេមានភារកិច្ចអភិរក្សត្រីផ្សោត បានសម្រេចធ្វើការកប់ខ្មោចត្រីផ្សោតញីមួយក្បាលនៅលើកោះ ដោយមិនបាននាំមកធ្វើកោសល្យវិច័យរកមូលហេតុនៃការងាប់ដូចសព្វដងនោះទេ ក្រោយពីមើលឃើញថា ការ ងាប់របស់ត្រីផ្សោតមួយនេះ មិនបណ្តាលមកពីជំងឺ គឺងាប់ដោយសាររុំជាប់មង ។
ក្រុមមន្ត្រីឆ្មាំមានភារកិច្ចអភិរក្សត្រីផ្សោតនៅខេត្តក្រចេះបានឱ្យដឹងថា ត្រីផ្សោតមេមួយក្បាលមានទម្ងន់ជាង៨០គីឡូក្រាម ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេមេគង្គ នៅចំណុចអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ ក្បែរនិងអន្លង់អភិរក្សរបស់ឆ្មាំទន្លេ ។
ក្រោយពីមានការប្រទះឃើញងាប់អណ្តែតទឹករបស់ត្រីផ្សោត ដែលជាពពួកឋនិកសត្វទឹកសាបដ៏កម្រមួយក្បាលនេះ ក្រុមមន្ត្រីក៏បានសម្រេចស្រង់ខ្មោចត្រីនេះ មកលើគោកនិងបានកប់ចោលនៅនិងលើកោះ កាលពីថ្ងៃទី១០ ឧសភា ។ ទោះជាយ៉ាងណា ការងាប់របស់ត្រីផ្សោតមួយនេះ គឺត្រូវក្រុមមន្ត្រីមិនបានយកសំណាកមកធ្វើកោសល្យវិច័យរកមូលហេតុនោះទេ ។ នៅពេលដែលគេឃើញថា មានមងបានរុំនៅជាប់ និងកន្ទុយផ្សោត ទើបសន្និដ្ឋានថា ការងាប់របស់ត្រីផ្សោតនេះ គឺបណ្តាលមកពីជាប់មង។
មានការកត់សម្គាល់ឃើញថា ក្នុងអំឡុងពេល២ខែជាប់ៗគ្នា នៅដើមឆ្នាំ២០១៦នេះ មានត្រីផ្សោតធំៗញី-ឈ្មោល២ក្បាលហើយ ដែលគេបានប្រទះឃើញងាប់អណ្តែតទឹកទន្លេនេះ ។ កាលពីថ្ងៃទី៥ មេសា កន្លងមក មានត្រីផ្សោតឈ្មោលធំមួយក្បាល ទម្ងន់ជាង២០០គីឡូក្រាម ត្រូវគេប្រទះឃើញងាប់អណ្តែតទឹកមកទើរនៅមាត់ច្រាំងទន្លេ ក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ។ ហើយនេះជាការងាប់លើកទី២របស់សត្វត្រីផ្សោតញីមួយក្បាល ក្នុងសភាពហើមស្អុយរលួយនៅថ្ងៃទី១០ ឧសភា ។
នៅជុំវិញការងាប់របស់ត្រីផ្សោតដ៏កម្រ និងបានងាប់ជាបន្តបន្ទាប់គួរឱ្យយព្រួយបារម្ភនេះ ប្រធានឆ្មាំអភរិក្ស និងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្ត លោកម៉ុក ពន្លក បានបញ្ជាក់ថា ការងាប់របស់ត្រីផ្សោតញីមួយក្បាលនេះ គឺបណ្តាលមកពីរុំជាប់មង។ លោកថា ត្រីផ្សោត មួយក្បាលនេះងាប់នៅក្បែរអន្លង់អភិរក្សកោះផ្តៅ ដែលជាអន្លង់មួយនៅប៉ែកខាងលើទន្លមេគង្គ ក្នុងស្រុកសំបូរ ដែលសំបូរទៅដោយត្រីមេពូជ និងផ្សោតរស់នៅ។
ចែករំលែកព័តមាននេះ