ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ទីបំផុត សម្ព័ន្ធភាព​នយោបាយរ​វាង​បងប្អូន​គូសត្រូវ​អ្នកប្រជាធិបតេយ្យ សម រង្ស៊ី និង​កឹម​សុខា បាន​​ចូលដល់​ការបែកបាក់​ជា​ផ្លូវការ​ហើយ​។ នោះ​គឺ​លោក​កឹម​សុខា បាន​ចេញមក​ប្រកាស​ជាចំហរ​ថា រូបលោក…

ភ្នំពេញ​៖ ទីបំផុត សម្ព័ន្ធភាព​នយោបាយរ​វាង​បងប្អូន​គូសត្រូវ​អ្នកប្រជាធិបតេយ្យ សម រង្ស៊ី និង​កឹម​សុខា បាន​​ចូលដល់​ការបែកបាក់​ជា​ផ្លូវការ​ហើយ​។ នោះ​គឺ​លោក​កឹម​សុខា បាន​ចេញមក​ប្រកាស​ជាចំហរ​ថា រូបលោក និង​លោក​សមរង្ស៊ី មិនមែនជា​មនុស្ស​តែមួយ​ទៀត​ទេ​។ កន្លងមក ការបដិសេធ​របៀបនេះ ធ្វើឡើង​ដោយ​តែ​មេធាវី​របស់លោក​កឹម​សុខា តែប៉ុណ្ណោះ​។​

​ក្នុង​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា រូបលោក និង​លោក សម រង្ស៊ី មិនមែនជា​មនុស្ស​តែមួយ​ទៀត​ទេ​។ លោក កឹម សុខា ក៏បាន​ព្រមាន​ចំៗ ទៅកាន់​លោក សម រង្ស៊ី និង​បក្ខពួក​ឱ្យ​ឈប់​យក​រូប និង​ឈ្មោះ​របស់លោក ទៅប្រើ​ប្រាស់ ធ្វើ​សកម្មភាព​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន​តទៅទៀត ព្រោះ​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ មានការ​ភាន់ច្រឡំ​។​

​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក កឹម សុខា បាន​លើកឡើងថា «​ខ្ញុំ​សង្កេតឃើញថា រហូតមកដល់​ពេលនេះ លោក សម រង្ស៊ី និង​សហការី នៅតែ​បន្ត​យកឈ្មោះ និង​រូបថត​ខ្ញុំ ទៅប្រើ​ប្រាស់​ភ្ជាប់​ជាមួយនឹង​សកម្មភាព​នានា ដែល​ពុំមាន​ការអនុញ្ញាត ឬ​គាំទ្រ​ពី​ខ្ញុំ​។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និង​សហការី បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការរួបរួម ដោយ​ទៅ​បង្កើត​ចលនានយោបាយ​ផ្សេងៗ និង​មុខតំណែង​ខ្លួនឯង ជាពិសេស​ថ្មីៗ​នេះ គឺ​ការ​ត្រលប់​ទៅ​គាំទ្រ​ដោយ​ចំហរ ឬ​នៅ​ពីក្រោយ​ការដឹកនាំ​គណបក្សនយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើងទៀន​»​។​

​លោក កឹម សុខា បាន​បន្តថា «​ទង្វើ​របស់​ពួកគេ សបញ្ជាក់​ឲ្យ​ឃើញថា សម រង្ស៊ី និង​កឹម សុខា មិនមែនជា​មនុស្ស​តែមួយ​ទេ ព្រោះ​សកម្មភាព​ទាំងអស់នេះ មិនមាន​ការគាំទ្រ ឬ​ជា​ជំហរ​របស់ខ្ញុំ​ឡើយ​។ អាស្រ័យហេតុនេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​លោក សម រង្ស៊ី និង​ក្រុម​ខាងលើ ឈប់​បំពាន​មកលើ​រូបខ្ញុំ ដោយ​ការយក​ឈ្មោះ និង​រូបថត​ខ្ញុំ ទៅប្រើ​ប្រាស់ ភ្ជាប់​ជាមួយ​សកម្មភាព​ម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន ដែល​ធ្វើ​ឲ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មានការ​ភ័ន្តច្រឡំ​។ ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា ខ្ញុំ​មិន​ពាក់ព័ន្ធ និង​មិន​ទទួលខុសត្រូវ ចំពោះ​សកម្មភាព​របស់លោក សម រង្ស៊ី និង​ក្រុម​នោះឡើយ​»​។​

​គេ​នៅ​ចាំបាន​ថា នៅពេល​លោក​កឹម​សុខា ចេញពី​អង្គការសិទ្ធិមនុស្ស ទៅ​បង្កើត​គណបក្សនយោបាយ ឈ្មោះថា គណបក្ស​សិទ្ធិមនុស្ស នៅ​ឆ្នាំ​២០០៧ គឺ​កាលណោះ លោក​កឹម​សុខា និង​លោក​សមរង្ស៊ី ជា​គូប្រជែង​ក្នុងនាម​ជា​គណបក្សប្រឆាំង និង​អ្នកប្រជាធិបតេយ្យ​និយម​។ ការចោទប្រកាន់​លាប​ពណ៌​ចេញពី​លោក​សមរង្ស៊ី និង​ក្រុម​របស់លោក ទៅលើ​លោក​កឹម​សុខា ក៏កើត​ឡើងជា​បន្តបន្ទាប់​។ នៅ​លើក​នេះ ក៏​នឹងមិន​ខុសគ្នា កាលពី​ព្រឹត្តិការណ៍​នយោបាយ នៅមុន​ខែតុលា ឆ្នាំ​២០១២ ប៉ុន្មាន​នោះទេ គឺ​មុនពេល​លោក​កឹម​សុខា ចាប់ដៃ​នឹង​លោក​សមរង្ស៊ី ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​យ៉ាងណាក៏ដោយ នៅពេល​ការបោះឆ្នោត​ឃុំ​សង្កាត់ ដែល​នឹង​ចូលមក​ដល់​នា​ខែមិថុនា ឆ្នាំ​២០២២ ហើយ​ការបោះឆ្នោតជាតិ ដែល​នឹង​ធ្វើឡើង នៅ​ខែកក្កដា ឆ្នាំ​២០២៣ នោះ​កម្តៅ​នយោបាយ​នៅ​កម្ពុជា​យើង ប្រហែលជា​នឹង​ឡើងក​ម្តៅ​ខ្លាំង​រវាង​ក្រុម​អ្នក​តាំងខ្លួន​ជា​គណបក្ស ឬ​អ្នកប្រជាធិបតេយ្យ​សេរីនិយម កើតចេញពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​រវាង​ក្រុម​លោក​សមរង្ស៊ី នៅក្រៅ​ប្រទេស និង​ក្រុម​លោក​កឹម​សុខា នៅក្នុង​ស្រុក​។ នេះ​គេ​មិនទាន់​រាប់​ដល់​ក្រុម​គណបក្សនយោបាយ​ច្រើន​ទៀត ចេញពី​អតីត​គណបក្ស​សមរង្ស៊ី និង​ចេញពី​អង្គការ​សមាគម ទៅ​បើក​គណបក្ស​នោះ​ផង​ទេ​។​

​គិត​ត្រួសៗ រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ យ៉ាងហោចណាស់ មាន​អតីត​អ្នកតំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៦​នាក់​ហើយ បានស្នើ​សុំ និង​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ក្នុងចំណោម ១១៨នាក់​។ ក្នុងនោះ មាន​ទាំង​អ្នក​ស្និទ្ធ​នឹង​លោក​កឹម​សុខា ហើយ​បាន​ទៅ​បើក​គណបក្ស​ថ្មី យ៉ាង​ណាស់ ៧ គណបក្ស​ហើយ រួមមាន​៖ ១-​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​លោក​គង់​គាំ ចូលរួម​ដឹកនាំ​ជាមួយ​កូនប្រុស​ពៅ​របស់លោក ២-​គណបក្ស​ខ្មែរ​អភិរក្ស របស់​ក្រុម​លោក រៀល ខេ​ម​រិ​ន្ទ្រ ៣-​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ របស់លោក ជីវ កត្តា និង​លោក កង គឹម​ហាក់ ៤-​គណបក្ស​កែទម្រង់​កម្ពុ​ជា របស់លោក អ៊ូ ច័ន្ទ​រ័ត្ន និង​លោក ប៉ុល ហំ​ម ៥-​គណបក្ស​កម្ពុជា​និយម របស់លោក យ៉ែម បុញ្ញឫទ្ធិ ៦-​គណបក្ស​បេះដូង​ជាតិ ដែលមាន​លោក សៀម ភ្លុក ជា​តំណាង និង​៧-​គណបក្ស​អនាគតជាតិ របស់លោក ឃឹម ឡា​គី​។​

​ងាក​មក​មើល​​​សម្ព័ន្ធភាព​រវាង​លោក​កឹម​សុខា និង​លោក​សមរង្ស៊ី​វិញ គឺ​មេដឹកនាំ​នយោបាយ​ប្រឆាំង​ទាំងពីរ​នេះ សុខចិត្ត​រួម​សម្ព័ន្ធភាព ចាប់ដៃគ្នា បង្កើត​គណបក្ស​រួមគ្នា កាល​ពីខែតុលា ឆ្នាំ២០១២ ក៏​ដើម្បីតែ​​ផលប្រយោជន៍​នយោបាយ​រៀងខ្លួន ក្រោម​ហេតុផល​តម្កល់​ផលប្រយោជន៍​ប្រទេសជាតិ ជាធំ​។ កាលណោះ ចាប់​ជ្រោង​ដៃ​គ្នា​មែន​! មាត់​ក៏​និយាយថា សមរង្ស៊ី និង​កឹម​សុខា ជា​មនុស្ស​តែ​ម្នាក់​មែន តែ​ធាតុពិត ខុស​ស្រលះ​។

​ចំណុច​បង្ហាញថា កឹម​សុខា និង​សមរង្ស៊ី មិន​ដូចគ្នា មាន​ជាអាទិ៍ នៅក្រោយ​បោះឆ្នោត ឆ្នាំ​២០១៣ លោក កឹម សុខា ក្នុងនាម​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​តំណែង​ជា​អនុប្រធាន​ទី​១ រដ្ឋសភា ខណៈ​លោក​សមរង្ស៊ី បាន​ចូល​អង្គុយ​ក្នុង​រដ្ឋសភា ក្នុងនាម​ជា​អ្នកតំណាងរាស្ត្រ ដែល​បានមកពី​ការប្តូរឈ្មោះ​ពី​លោក គុយ ប៊ុន​រឿន​។ ជាងនេះទៀត ក្រោយ​មានរឿង​រ៉ាវ សើរើ​រឿងក្តី​នៅ​តុលាការ នៅ​ខែសីហា ឆ្នាំ​២០១៥ លោក​សមរង្ស៊ី ក៏ត្រូវ​និរទេស​ខ្លួន គេច​ទៅ​រស់នៅ​ក្រៅប្រទេស ហើយ​បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខែកុម្ភៈ ឆ្នាំ​២០១៧​។ នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវបាន​អង្គសមាជ ជ្រើសតាំង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ចាប់តាំងពី​លោក​សមរង្ស៊ី នៅក្រៅ​ប្រទេស ហើយ​លោក​កឹម​សុខា ជា​អនុប្រធាន កាន់ការ​ជា​ប្រទេស​ស្តីទី រហូតដល់​ឡើង​ធ្វើជា​ប្រធាន គឺ​នៅតែ​រក្សា​ពាក្យ​ថា លោក​ទាំងពីរ ជា​មនុស្ស​តែ​ម្នាក់។​​ ​

​រហូតដល់​ត្រូវ​ដកតំណែង​ពី​អនុប្រធាន​ទី​១​រដ្ឋសភា ហើយ​នៅ​យប់​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន ពីបទ​ក្បត់ជាតិ។ កាលណោះ លោក​សមរង្ស៊ី នៅក្រៅ​ស្រុក ក៏​និយាយ​លើកឡើង​ពី​លោក​កឹម​សុខា ដែល​កាន់តែ​ធ្វើ​ឲ្យ​លោក​កឹម​សុខា ជាប់​ក្នុង​សំណុំរឿងក្តី ​កាន់តែខ្លាំង​ឡើងៗ ខណៈដែល​លោក​សមរង្ស៊ី និង​បក្ខពួក​នៅក្រៅ​ប្រទេស ហើយស្រែកតាមអំពើចិត្ត ទោះបីជាមានសំណុំរឿង នៅតុលាការ ក្នុងរាជធានីភ្នំ​ពេញក៏ដោយ​​។​

​ប៉ុន្តែ​មកដល់ពេលនេះ សំណុំ​រឿងក្តី​ក្បត់ជាតិ​របស់លោក​កឹម​សុខា ស្ថិតនៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ក្រោយ​បើកសវនាការ កាលពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០២០ ហើយក៏​ត្រូវ​ពន្យារពេល រហូតមកដល់​ពេលនេះ ព្រោះតែ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ដូច្នេះ​អំ​ណេះ​តទៅ រូបថត​ចាប់ដៃ​រវាង​លោក​កឹម​សុខា និង​លោក​សមរង្ស៊ី លែង​មានន័យ​ទាំងស្រុង​ហើយ ខណៈដែល​មេដឹកនាំ​នយោបាយ ដែល​តាំងខ្លួន​ជា​គណបក្សប្រឆាំង និង​អះអាងថា​ជា​អ្នកប្រជាធិបតេយ្យ​ទាំងពីរ កឹម សុខា និង​សម រង្ស៊ី ​​ត្រូវ​បន្ត​បាត់ឈ្មោះ ពី​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០២៣​។ អតីត​​បក្ស​ប្រឆាំង​នេះ នឹង​ជំនួស​មកវិញ​នូវ​គណបក្សនយោបាយ​ច្រើន​បក្ស ដោយគិត​​ត្រឹមតែ​ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ដល់ទៅ​ ៧​គណបក្ស​​រួច​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ