រាជធានីភ្នំពេញ៖ ទាំងកសិករ ទាំងអ្នកលក់ជីកសិកម្មនៅតំបន់ខ្លះនិយាយថាការធ្វើស្រែរបស់ពលរដ្ឋនៅឆ្នាំនេះ ជួបការលំបាកខ្លាំង លំបាកដោយសារស្រូវចុះថ្លៃចំណែកជីកសិកម្មឡើងថ្លៃ ។ លោក ង៉ែត សំបូរ អាជីវករលក់ជីនិងថ្នាំកសិកម្មនៅក្នុងឃុំសំបួរ ស្រុកទាំង ខេត្តតាកែវ បានឱ្យដឹងថា ស្ថិតក្នុងដំណាក់កាលតម្លៃស្រូវរបស់ប្រជាកសិករ អាចលក់បានថ្លៃជាង ៨០០ រៀលក្នុងមួយគីឡូក្រាម តម្លៃជីគីមីនិងថ្នាំកសិកម្មនៅតែមានតម្លៃថ្លៃ ។ លោកថាជីមួយបាវ មានតម្លៃប្រមាណ ៩ ម៉ឺនរៀល បច្ចុប្បន្នបានឡើងថ្លៃរហូតដល់ ១៨ ម៉ឺនរៀល ។

តាមការលើកឡើងរបស់ពលរដ្ឋម្នាក់៖ «ប្រសិនជាជីនិងថ្នាំកសិកម្មនៅតែបន្តឡើងថ្លៃបែបនេះ អាចនឹងធ្វើឱ្យកសិករ កាត់បន្ថយនូវការប្រើប្រាស់វា និងធ្វើទិន្នផលមានធ្លាក់ចុះ ។ ពិសេសនឹងធ្វើឱ្យកសិករប្រឈមការខាតបង់ បើនៅបន្តធ្វើស្រែចំការនៅវគ្គបន្ទាប់» ។
ការបន្តឡើងថ្លៃនូវជីនិងថ្នាំកសិកម្មនេះ បើតាមអាជីវករខាងលើ អាចមកពីតម្លៃប្រែងឥន្ធៈឡើងថ្លៃ, ខ្វះខាតនូវវត្ថុធាតុដើមក្នុងការផលិតក្នុងកំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩ និងការដឹកជញ្ជូនជួបបញ្ហា ។ នៅឆ្នាំបន្ទាប់តម្លៃជីនិងថ្នាំកសិកម្មអាចនិងធ្លាក់តម្លៃមកវិញខ្លះ នៅពេលការផ្គត់ផ្គង់តម្រូវការនៅលើទីផ្សារឆ្លើយតប ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានពន្យល់ពីមូលហេតុជីកសិកម្មឡើងថ្លៃនេះថា បណ្តាលមកពីប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្ម ជួបបញ្ហារអាក់រអួលផ្នែកផលិតកម្ម វត្ថុធាតុដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់ ។ ផលិតកម្មជីកសិកម្មត្រូវបានកាត់បន្ថយ ដោយកម្លាំងពលកម្មថយចុះ ដោយបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ ដូចជានៅក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ។ ការដឹកជញ្ជូនប្រើពេលវេលាយូរ និងមានតម្លៃខ្ពស់ ដោយមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ ។ ក្រៅពីការបញ្ជាទិញពីប្រទេសកម្ពុជា នៅបណ្តាប្រទេសផ្សេងៗក៏បានបញ្ជាទិញដែរ ដូចនេះការផ្គត់ផ្គង់មិនគ្រប់តាមតម្រូវការ ។
ទោះយ៉ាងណានៅពេលកូវីដ ១៩ រាតត្បាតនេះវិស័យកសិកម្ម ជាវិស័យមួយដែលមិនត្រឹមរងផលប៉ះពាល់ពីជំងឺជាសកលនេះនោះទេ ការដាំដុះ ការវារីវប្បកម្មនៅកម្ពុជាមានការកើនឡើងទៀតផង ។ ជាមួយការរំពឹងថាសេដ្ឋកិច្ចកម្ពុជាឆ្នាំក្រោយ នឹងកើនជាង ៥% សម្តេចនាយករដ្ឋមន្ត្រីថា បង្ករបង្កើនផលស្រូវរហូតដល់ពេលនេះ បានលើសថែមការគឺសម្រេចបានជាង ១១០% ៕
ចែករំលែកព័តមាននេះ