ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ព្រមានដកហូត រឹបអូសទ្រព្យ និងចាប់ខ្លួនមន្ត្រី អ្នកពាក់ព័ន្ធ ដែលរំលោ.ភដី​ព្រៃលិចទឹកបឹងទន្លេសាប បើមិនចេញមក​សារភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ បន្ថែម​លើ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​រា​ន​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…

ភ្នំពេញ​៖ បន្ថែម​លើ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​បទល្មើស​កាប់​រា​ន​ដីព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ឲ្យ​មន្ត្រី​ខិលខូច​ទាំងអស់ ចេញ​សារភាព​ជាបន្ទាន់ បើ​មិន​ដូច្នោះ​ទេ មន្ត្រី និង​អ្នកពាក់ព័ន្ធ​ទាំងនោះ នឹងត្រូវ​ដកហូត រឹបអូស​ទ្រព្យ ព្រមទាំង​ចាប់ខ្លួន បើសិនជា​ពាក់ព័ន្ធ​នឹង​បទល្មើស កាប់​រាន​ព្រៃ យក​ដី​តំបន់​លិច​ទឹក​បឹង​ទន្លេសាប ធ្វើ​កម្មសិទ្ធិ​។​

​ក្នុង​សារ​ពិសេស ជា​សំឡេង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា «​ខ្ញុំ​ក៏​សូម​ប្រាប់​ទៅ​មន្ត្រី​ទាំងឡាយ ដែល​បាន​អនុវត្ត​ខុស បើសិនជា​ចង់​បន្ធូរ​បន្ថយទោស ក៏​ត្រូវតែ​សារភាព​ជាបន្ទាន់​។ បើ​មិន​ចេញ​សារភាព​ជាបន្ទាន់​ទេ ខ្ញុំ​សូម​ឲ្យ​អ្នក ដែល​ចេញទៅ​អនុវត្ត ចាត់វិធានការ​ដោយ​ម៉ឺងម៉ាត់​បំផុត គឺ​ការចាប់ខ្លួន​តែម្ដង សម្រាប់​ការផ្តន្ទាទោស​តាមច្បាប់​។ មិន​ត្រឹមតែ​ចាប់ខ្លួន​នោះទេ គឺ​ឈានដល់​ការ​រឹបអូស​ដីធ្លី និង​ទ្រព្យសម្បត្តិ ដែល​បានមកពី​ដីធ្លី ដែល​ពួកគេ​បំផ្លាញ​នេះ​។ ដូច្នេះហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​ចេញ​ធ្វើ​សកម្មភាព ដើម្បី​ស្រាវជ្រាវ ដែលមាន​ពាក់ព័ន្ធ​ជាមួយ​អ្នកផ្សេងៗ​ទៀត​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​យើង​មិនអាច​អត់ឱន​ឲ្យ​បានទេ នៅពេលដែល​យើង​ខំ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ដែល​ជាមាន​មន្ត្រី​របស់​យើង​មួយចំនួន ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការទទួលខុសត្រូវ គ្មាន​ការ​ក្រែងរអែង​ចំពោះ​ច្បាប់​របស់​ប្រទេសជាតិ​។ អ្នក​ទាំងនេះ មិន​សាក​សម​ធ្វើជា​មន្ត្រី​តទៅទៀត​នោះទេ ពួកគេ​ដេក​គុក​ប្រសើរ​ជាង​ធ្វើជា​មន្ត្រី​»​។​

​សម្ដេច​តេ​ជោ ក៏បាន​លើកឡើង​ទៀតថា «​មន្ត្រី​ទាំងនេះ សូមកុំ​និយាយថា ខិតខំ​ធ្វើ​ជូន​បក្ស ជួយ​រដ្ឋ យូរហើយ បែរជា​រដ្ឋ ឬក៏​គណបក្ស មិន​យោគយល់​។ យើង​គ្មាន​ការយោគយល់​ណា សម្រាប់​អំពើ​ទុ​ច្ច​រឹត​បែបនេះ សម្រាប់​មន្ត្រី​របស់​យើង​នោះទេ​។ ខ្ញុំ​សុំ​ឲ្យ​ចាត់វិធានការ​ជាបន្ទាន់ ទោះបីជា​ខ្ញុំ​និយាយ​មិន​គ្រប់ ប៉ុន្តែ​យើង​ដឹង​វិធី​នៃ​ការចាត់ចែង​ក្រោម​បទបញ្ជា​ដល់​ម៉ាត់ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​គ្រប់​បណ្ដាញសារព័ត៌មាន​វិទ្យុ ទូរទស្សន៍ និង​ផ្នែក​ដទៃទៀត​ឱ្យបាន​ជ្រាប​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ សូម​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​ទីនោះ បើ​មិន​ដូច្នោះ នឹងត្រូវ​រង​ការចាប់ខ្លួន​តែម្ដង ហើយ​អស់លោក​ជា​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក អស់លោក មិន​រួចខ្លួន​នោះទេ អស់លោក​ត្រូវតែ​ចេញមក​សារភាព​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មានការ​ចាប់ខ្លួន​។ អស់លោក​ត្រូវតែ​ចេញមក​សារភាព​យ៉ាងហោចណាស់ ក៏មាន​ការបន្ធូរបន្ថយ ដើម្បី​មក​ធ្វើ​កិច្ចការ ប៉ុន្តែ​លោក​នៅតែមាន​ពិរុទ្ធភាព ទៅលើ​រឿង​មួយ​នេះ​។​

​ជាមួយគ្នា​នោះដែរ សម្ដេច ក៏បាន​សម្ដែង​ការសោកស្ដាយ ចំពោះ​ទង្វើ​របស់​មន្ត្រី​ទាំងនេះ ហើយ​សម្ដេច ក៏​ព្រម​ទទួលយក​ការទិទៀន​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទៅលើ​បញ្ហា​នេះ​។​ សម្ដេច ក៏បាន​ទទួលស្គាល់​ថា សម្ដេច​ខ្វះ​លទ្ធភាព ក្នុងការ​អប់រំ សម្រាប់​មន្ត្រី​។​

​សូម​រម្លឹកថា ក្នុង​សារ​ពិសេស​ជា​សំឡេង នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ដាក់បទបញ្ជា​ឲ្យ​អភិបាលខេត្ត នៅជាប់​បឹង​ទន្លេសាប រួមទាំង​គណៈកម្មការ​សូ​រិ​យោ​ដី​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ជាតិ​ដទៃទៀត ត្រូវធ្វើ​សកម្មភាព​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​ការកាប់​រាន​ព្រៃ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កម្មសិទ្ធិ នៅ​តំបន់​បឹង​ទន្លេសាប​។

​ចំពោះមុខ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​ដកហូត​នូវ​ដីព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេសាប ដែល​អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង រំលោភ​យក​ជាង ២០០០​ហិកតា ផងដែរ​៕ អ៊ាង ប៊ុន​រិ​ទ្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ