ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កម្ពុជា ត្រៀម​៣​ដំណាក់កាល ក្នុង​ព្រឹត្តិ​ការណ៍ Suzuki Cup

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​លោក ភា សុ​ភ័​ក្ដ្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា កីឡាករ​ដែល​មាន​ក្នុង​បញ្ជី​៣០​

រាជធានីភ្នំពេញ ៖ យោង​តាម​ការ​បញ្ជាក់​របស់​លោក ភា សុ​ភ័​ក្ដ្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា កីឡាករ​ដែល​មាន​ក្នុង​បញ្ជី​៣០​នាក់ សម្រាប់​ការ​ប្រកួត Susuki Cup គឺ​ត្រូវ​ត្រៀម​៣​ដំណាក់កាល ខណៈ​ការ​ប្រកួត​កាន់តែ​ខិត​ជិត​ដល់​។ ពួក​គេ​ត្រូវ​ប្រកួត​ពានរង្វាន់​បាល់ទាត់​ជើងឯក​អាស៊ី​អាគ្នេយ៍ (AFF Suzuki Cup 2020) នៅ​សិង្ហ​បុរី នា​ដើមខែ​ក្រោយ ដោយ​៣​ដំណាក់កាល ដែល​កីឡាករ​ម្នាក់​ត្រូវ​ត្រៀម​រួម​មាន ទី​១-​ត្រៀម​ពាន​ប្រចាំ​តំបន់​នេះ ទី​២-​ត្រៀម​ស៊ី​ហ្គេ​ម នៅ​វៀតណាម និង​ទី​៣-​ត្រៀម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

ការ​គូសបញ្ជាក់​បែប​នេះ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ ប្រមូលផ្ដុំ​ហ្វឹកហាត់​ថ្ងៃ​ដំបូង នៅ​កីឡដ្ឋាន​ស្ដា​ត​ចាស់ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា តែ​ការ​ប្រមូលផ្ដុំ​ថ្ងៃ​ដំបូង​នេះ មាន​សមាជិក​៩​នាក់​ប៉ុណ្ណោះ (​សម្រាប់​កីឡាករ​ក្លិប ដែល​បញ្ចប់​ការ​ប្រកួត​មុន​)​។ រីឯ​កីឡាករ ២១​នាក់​ទៀត ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សម្រាក ១​ថ្ងៃ មុន​ចូល​ជំរុំ​ហ្វឹកហាត់​នៅ​ថ្ងៃនេះ ក្រោយ​បញ្ចប់​បេសកកម្ម​ជួយ​ក្រុម​រៀង​ៗ​ខ្លួន ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន​-​ថ្នាក់​ជាតិ កាលពី​ថ្មី​ៗ​។

អតីត​គ្រូបង្វឹក​ក្រុម​កង​យោធពលខេមរភូមិន្ទ​ខាងលើ បាន​បញ្ជាក់​ថា «​សម្រាប់​ការ​ជ្រើសរើស​កីឡាករ ៣០​នាក់​នេះ ជា​ផ្ទៃក្នុង​ដែល​យើង​បាន​គិត​តាំងពី​ដំបូង ដែល​យើង​ម្នាក់​ៗ​តែងតែ​គិត​ថា សម្រាប់​គោលដៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។ អ៊ីចឹង​ក្នុង​បញ្ជី ៣០​នាក់​នេះ យើង​បាន​ផ្ដោត​ទៅ​លើ​កីឡាករ ៣​ដំណាក់កាល ទី​១-​សម្រាប់​ការ​ប្រកួត​ពាន Suzuki Cup ទី​២-​អនាគត​កីឡាករ​ដែល​អាច​លេង​ស៊ី​ហ្គេ​ម នា​ខែឧសភា ឆ្នាំ​២០២២ នៅ​វៀតណាម និង​ទី​៣-​កីឡាករ​គោលដៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​»​។

«​អ៊ីចឹង កីឡាករ​ដែល​យើង​ជ្រើសរើស​មកនេះ អាច​ថា នៅ​ក្នុង​ដំណាក់កាល​ទាំង ៣​នេះ ដែល​យើង​ផ្ដោត​សំខាន់ ដើម្បី​ឲ្យ​ពួក​គាត់​មានឱកាស តែ​មិនមែន​ថា ឈុត​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ គាត់​អត់​អាច​លេង​បាន​នោះ​ទេ គាត់​អាច​នឹង​ក្ដោប​ឱកាស​ក្នុង​ការ​លេង ១១​នាក់​ដំបូង នៅ​ពាន Suzuki Cup លើក​នេះ​។ តែ​ជា​រួម គឺ​យើង​ត្រូវ​គិត​ទៅ​លើ​គោលដៅ ៣​ដំណាក់កាល​នេះ​» ។ លោក ភា សុ​ភ័​ក្ដ្រា បន្ថែម​។

គួរ​ដឹង​ថា ការ​ប្រកួត​ពានរង្វាន់ AFF Suzuki Cup 2020 នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២១ ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២ ខាង​មុខ នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​នោះ​ក្រុម​គោព្រៃ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ឡាវ​។ រីឯ​ពូ​ល A មាន​អតីត​ក្រុម​ជើងឯក ៥​សម័យ​ថៃ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន ទី​ម័​រ​ខាងកើត និង​ម្ចាស់ផ្ទះ​សិង្ហ​បុរី​។ សម្រាប់​ការ​ប្រកួត​ដំបូង​របស់​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​ជម្រើសជាតិ​ម៉ា​ឡេ​ស៊ី នា​ថ្ងៃ​ទី​០៦ ខែធ្នូ ខាង​មុខ​។

ចំពោះ​សមាសភាព​កីឡាករ​ជម្រើសជាតិ​កម្ពុជា ៣០​នាក់ ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​សិង្ហ​បុរី នា​ថ្ងៃ​ទី​០២ ខែធ្នូ ខាង​មុខ រួម​មាន កីឡាករ​វិសាខា ៦​នាក់ (​ឆេ​ង ម៉េ​ង​, កែវ សុខ​ផេង​, កែន ច័ន្ទ​សុ​ភ័ក្ដ្រ​, ច្រឹង ពលរដ្ឋ​, ទេស សម្បត្តិ​, កែវ សុខ​សិលា​) បឹង​កេ​ត ៥​នាក់ (​ចាន់ វឌ្ឍនាកា​, សេត រ៉ូ​ស៊ី​ប​, សៀង ច​ន្ធា​, សឿ​ត ណា​វ៉ា​) ព្រៃវែង ៥​នាក់ (​ស៊ិ​ន សុវណ្ណ​មក​រា​, ឡេ​ង ណូ​រ៉ា​, ស រតនា​, ចាន់ សុ​រ៉ា​ពេជ្រ​, វី​រៈ ដា​រ៉ា​) ភ្នំពេញ​ក្រោ​ន ៥​នាក់ (​អ៊​ន ចាន់​ប៉ូ​លី​ន​, លឹ​ម ពិសុទ្ធ​, ជួន ចាន់​ចាវ​, យ៉ើ សា​ហ្វី​, ប្រាក់ ធី​វ៉ា​) ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៥​នាក់ (​ប្រាក់ មុន្នី​ឧត្តម​, សា​រ៉េ​ត គ្រី​យ៉ា​, សឿ​យ វិសាល​, មិន រតនៈ​, អ៊ា​ន ពិសី​) ណា​ហ្គា​វើ​ល​ដ៏ ២​នាក់ (​គួ​ច សុ​កុម្ភ​, សុះ ស៊ូ​ហា​ណា​) កង​យោធពលខេមរភូមិន្ទ​ម្នាក់ (​ញាណ សុ​ស៊ី​ដាន​) និង​អគ្គិសនី​កម្ពុជា​ម្នាក់ (​សារ ទី​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ