ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ទោចក្រយាន​ចាប់ផ្ដើម​មាន​គ្រូបង្វឹក កម្រិត​អន្តរជាតិហើយ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូបង្វឹក​អន្តរជាតិ​កម្រិត​១ យ៉ាង​ជោគជ័យ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​

រាជធានីភ្នំពេញ ៖ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូបង្វឹក​អន្តរជាតិ​កម្រិត​១ យ៉ាង​ជោគជ័យ កាលពី​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​បាន​អះអាង​ថា កីឡា​ទោចក្រយាន ចាប់​មាន​គ្រូបង្វឹក ដែល​មាន​កម្រិត​អន្តរជាតិ​ហើយ ដោយ​គ្រូបង្វឹក ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ទាំងនេះ នឹង​បន្ត​ទទួល​ការ​បង្វឹក​បន្ថែម​ទៀត ដើម្បី​អោយ​កាន់តែ​មាន​ស្ដង់ដារ​ពិភពលោក មុន​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣​។

​លោក​ កឹ​ម សុ​ខុន រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោ​ក្រ​យាន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រូបង្វឹក​ទាំងអស់ ដែល​បាន​ខិតខំ​ក្រេបជញ្ជក់​ចំណេះដឹង​ពី​គ្រូឧទ្ទេស​ប្រចាំ​វគ្គ ដែល​នេះ គឺជា​ការ​អភិវឌ្ឍ​ខ្លួន​មួយ​ដ៏​ល្អ ដើម្បី​ធ្វើ​អោយ​វិស័យ​កីឡា​ទោចក្រយាន​នៅ​កម្ពុជា​មានការ​រីក​ចំរើន​។ លោក​ថា កម្ពុជា​ក្រៅពី​ត្រូវការ​កីឡាករ​ល្អ ក៏​ត្រូវ​តែ​មាន​គ្រូបង្វឹក​ដែល​មាន​ជំនាញ​លំដាប់​ពិភពលោក​ផង​ដែរ​។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​គូសបញ្ជាក់​ថា កម្ពុជា​កំពុង​រៀបចំ​ផែនការ​កសាង​ធនធានមនុស្ស​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​អោយ​កាន់តែ​ខ្លាំង ដើម្បី​ឆ្ពោះទៅ​កាន់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ការ​ពង្រឹងសមត្ថភាព​នេះ ក៏​ជា​ត្រៀមខ្លួន ដើម្បី​អោយ​សហព័ន្ធ​ទាំងមូល កាន់តែ​មាន​កម្លាំង​គ្រប់គ្រាន់ ក្នុង​ការ​ពង្រឹងសមត្ថភាព​ផង​ដែរ​។ លោក​ថា ក្រោយ​ពេល​សហព័ន្ធ​បាន​រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​គ្រូបង្វឹក​នេះ កម្ពុជា​នឹង​មាន​គឺ​ដើម្បី​គោលបំណង​អភិវឌ្ឍន៍​សមត្ថភាព និង ធនធាន​គ្រូបង្វឹក​របស់​សហព័ន្ធ ក្នុង​ការ​បង្វឹក​កីឡាករ​-​កីឡាការិនី ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​។

លោកបានបន្ត​ថា នេះ​ជា​គោលដៅ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ ដែល​ប្រទេស​កម្ពុជា​ត្រៀមខ្លួន​ឆ្ពោះ​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​។ វគ្គ​បណ្តុះបណ្តាល​នេះ គឺ​មាន​ន័យ​ថា សហព័ន្ធ​មាន​គ្រូបង្វឹក​កម្រិត​អន្តរជាតិ​ចំនួន​២៥​នាក់​ហើយ ដោយ​បាន​សិក្សា​លើ​ទ្រឹស្តី​ការ​បង្វឹក​ផ្នែក​កង់​ប៊ី អ៊ឹម អ៊ិ​ច (Theory BMX Bike Training) និង​ការ​អនុវត្ត​ជាក់ស្តែង​។ សិក្សា​អំពី ទ្រឹស្ដី​នៃ​ការ​បង្វឹក​ផ្នែក​កង់​ល្បឿន (Thisory Time Trall Bike Training) និង​ការ​អនុវត្ត​ជាក់ស្តែង​។ វគ្គ​នេះ​គឺ​បាន​ផ្ដោត​ពី​ទ្រឹស្ដី​នៃ​ការ​បង្វឹក​ផ្នែក​កង់​គួ​ក (Theory Road Bike Training) និង​ការ​អនុវត្ត​ជាក់ស្ដែង និង​ការ​សិក្សា​អំពី​ទ្រឹស្តី​នៃ​ការ​បង្វឹក​ផ្នែក​កង់​ភ្នំ (Theory Mountain Bike Training) និង​ការ​អនុវត្ត​ជាក់ស្តែង​។

ចំពោះ​ចំណុចខ្លាំង សិក្ខាកាម​បាន​យកចិត្តទុកដាក់ និង​ខិតខំ​ព្យាយាម​ខ្លាំង​ចំពោះ​វគ្គ​បណ្តុះបណ្តាល​នេះ និង​បាន​យល់​កាន់តែ​ច្បាស់​អំពី​សារ​ប្រយោជន៍ ដែល​ទទួល​បាន​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​។ ក្រុម​គណៈកម្មការ​បាន​រៀបចំ​ផែនការ កម្មវិធី ឯកសារ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បាន​ល្អ​ជូន​ដល់​សិក្ខាកាម​។ វគ្គ​សិក្សា​នេះ ទទួល​បាន​ថវិកា​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន ២១,០០០,០០០​រៀល សម្រាប់​ការ​រៀបចំ និង​មានការ​យកចិត្តទុកដាក់ និង​គាំទ្រ​ពី​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និង​មានការ​ជួយ​សម្របសម្រួល​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សម្ព័ន្ធ​កីឡា​ប្រណាំង​ទោចក្រយាន​អន្តរជាតិ (UCI) ផង​ដែរ​។

ចំពោះ​ចំណុចខ្សោយ គឺ​វគ្គ​សិក្សា​នេះ មាន​រយៈពេល​ខ្លី​សម្រាប់​សិក្ខាកាម ត្រឹម​ចំនួន​៥​ថ្ងៃ ហើយ​សិក្ខាកាម​នៅ​តាម​បណ្តា​ខេត្ត មិន​បាន​ចូលរួម​សិក្សា​ដោយ​ផ្ទាល់ ដោយសារ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩ ដោយ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​។ បើ​ទោះ​យ៉ាងនេះ​ក្តី ក៏​សហព័ន្ធ​បាន​វាយតម្លៃ​នូវ​លទ្ធផល​នៃ​ការ​សិក្សា ដោយ​លទ្ធផល​ល្អ ៣០% លទ្ធផល​ល្អ​បង្គួរ ៥០% និង​មធ្យម ២០%​។

លោក នូ ចំរើន បញ្ជាក់​បន្ថែម​ទៀត​ថា វគ្គ​បណ្តុះបណ្តាល​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​លើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស​លើ​ផ្នែក​បង្វឹក ដល់​ក្រុម​កីឡាករ កីឡាការិនី ដើម្បី​ឈាន​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​ទោចក្រយាន​លក្ខណៈ​ជាតិ និង​អន្តរជាតិ​នានា និង​ជា​ពិសេស​សម្រាប់​ត្រៀមខ្លួន ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នា​ឆ្នាំ​២០២៣​ខាង​មុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ