ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ យុវជន​ម្នាក់ ផ្ទុះ​កំហឹង ជេរប្រមាថ​ មើលងាយ និង​រករឿង ចង់វាយ​លើ​មន្ត្រី​កិច្ចសន្យា​ម្នាក់ ដែល​ស្លៀក​ពាក់ដូច ប៉ូលិសចរាចរណ៍ ចូលរួម​សកម្មភាព​អនុវត្ត​នូវ​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក…

ភ្នំពេញ​៖ យុវជន​ម្នាក់ ផ្ទុះ​កំហឹង ជេរប្រមាថ​ មើលងាយ និង​រករឿង ចង់វាយ​លើ​មន្ត្រី​កិច្ចសន្យា​ម្នាក់ ដែល​ស្លៀក​ពាក់ដូច ប៉ូលិសចរាចរណ៍ ចូលរួម​សកម្មភាព​អនុវត្ត​នូវ​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​រាជធានី​ភ្នំពេញ។ សកម្មភាពនោះ ត្រូវបាន​គេ​ថតវិដេអូ ​បង្ហោះ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​។ ​

​ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១៤​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ កែង​នឹង​ផ្លូវ​លេខ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ យុវជន​នោះ ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ស្មាស់ ​រ៉េវ​វូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-5792​។ ម៉ូតូ​នោះ មិនមាន​កញ្ចក់​​មើល​ក្រោយ​ទេ​។​

​សាក្សី បាន​ឲ្យ​ដឹងថា យុវជន​​នោះ ជិះ​ម៉ូតូ ចូល​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ហើយ​ប៉ះ​នឹង​ម៉ូតូ ១​គ្រឿង​ទៀត​។ តែក្រោយ​កើតហេតុ ​ម៉ូតូ​មួយគ្រឿង​នោះ ក៏​បន្តដំណើរ​ទៅមុខ​។ ខណៈនោះ មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្លៀកពាក់​ដូច​ប៉ូលិស​ចរាចរណ៍ ក៏ចូលទៅ ក្នុងបំណងស្ទាក់ឃាត់ម៉ូតូរបស់យុវជននោះ តែយុវជននោះ បានលើកម៉ូតូជិះចេញទៅ ក៏ត្រូវមន្ត្រីជាប់ កិច្ចសន្យា ​​ស្រែក​ចោទ​យុវជន​នោះ ថា​ជា ចោរៗ​។ ក៏​នាំ​ឲ្យ​យុវជន​នោះ ខឹង ហើយ​ជិះ​ម៉ូតូ​បក​ក្រោយ មក​សួរនាំ​មន្ត្រី​ជាប់ កិច្ចសន្យា ដែល​ស្លៀកពាក់​ដូច​ប៉ូលិស​ចរាចរណ៍​នោះ ក៏​កើត​ជា​រឿងរ៉ាវ​​ឈ្លោះប្រកែក និងរករឿងវាយគ្នា​​តែម្តងទៅ​។​

​ក្នុង​ខ្លីប​វិ​ដេ​អូ ដែល​គេ​ថត​បង្ហោះ​ហ្វេ​ស​ប៊ុ​ក បាន​​បង្ហាញ​ពី​កាយវិការ និង​ពា​ក្យសម្តី​អសុរ​សរ​បស់​យុវជន​រូបនោះ ដែល​ខឹង​នឹង​មន្ត្រី​ជាប់កិច្ចសន្យា​របស់​សាលាក្រុង រួមទាំងលើក​ដៃ​ រក​វ៉ៃ​លើ​មន្ត្រី​ជាប់កិច្ចសន្យា​នោះ​ច្រើនលើកច្រើនសារ រហូតដល់​ច្រាន​ទ្រូង​មន្ត្រី​ជាប់កិច្ចសន្យា​រាង​ស្គម​នោះ​ថែមទៀត​។​

​បន្ទាប់ពី​កើតរឿង​ហេតុ​នោះ ក៏មាន​ការសម្របសម្រួល ហើយ​យុវជន​កោងកាច​នោះ មិន​ត្រូវបាន​ឃាត់ខ្លួន​ឡើយ រហូតដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ទើប​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តាមរយៈ​សារ​ជា​សំឡេង បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​យុវជន​ទំនើង​ម្នាក់ ដែល​អះអាងថា ល្មើសច្បាប់​ចរាចរណ៍ ហើយ​ជេរប្រមាថ​មើលងាយ គំរាម​ដក​ស័ក្តិ និង​បម្រុង​វាយ​មន្ត្រី ដែល​អនុវត្ត​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ នៅ​គោលដៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។​

​ក្នុង​សារ​ជា​សំឡេង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​លើកឡើងថា លោក​បាន​ណែនាំ​ច្រើនដង​ហើយ បើ​មាន​ករណី​មើលងាយ មើលថោក មកលើ​កម្លាំង​សមត្ថកិច្ច ដែល​កំពុង​បំពេញ​កាតព្វកិច្ច នៅលើ​ដងផ្លូវ​សាធារណៈ​ដូច្នេះ ត្រូវ​ហៅ​កម្លាំង​អន្ដរាគមន៍ ហើយ​ដាក់​ខ្នោះ​ជនបង្ក​ភ្លាម នាំយកមក​ប៉ុស្ដិ៍​។ មិន​ឲ្យ​មាន​ឈ្លោះ ហើយ​មិន​មានការ​ប្រកែកប្រណាំង​ដូច្នេះ​ទេ​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន ក៏បាន​បញ្ជាក់ថា «​យើង​ត្រូវ​ប្ដឹងទៅ​តុលាការ ពីបទ​រារាំង បទ​បំផ្លាញ​កិច្ចការ​របស់​យើង មើលងាយមើលថោក​កង​កម្លាំង​។ រឿង​នៅ​ភ្នំពេញ​នេះ ត្រូវ​រៀប​ឯកសារ​ទៅ​តុលាការ​»​។​

​នៅ​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នូវ​រូបថត និង​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​បុរស​ម្នាក់ ដែល​បាន​ជេរប្រមាថ​មើលងាយ និង​ដេញ​វាយ​សមត្ថកិច្ច  ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នោះ ត្រូវបាន​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង ១៣:០០​នាទី​រសៀល នៅ​ចំណុច​សាល​មហោស្រព​ចេនឡា ម្តុំ​ផ្សារ​ដើម​គរ និង​នាំខ្លួន​ទៅ​សាកសួរ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​»​។

​យ៉ាងណាក៏ដោយ ករណីនេះ មហាជន​បាន​តាមដាន ហើយ​មាន​ទាំង​ការបញ្ចេញមតិ​គាំទ្រ​ចំណាត់ការ​របស់​ប៉ូលិស ហើយក៏​មាន​អ្នក​ចង់​ឲ្យ​ប៉ូលិស​បើក​ការស៊ើបអង្កេត និង​ឲ្យ​សារព័ត៌មាន Live សម្ភាសន៍​យុវជន​នោះ ដើម្បី​ឲ្យ​ដឹង​សាច់រឿង ឲ្យ​ច្បាស់​ជាង​នេះ​។ មហាជន ទទួលស្គាល់ថា យុវជន​នោះ ឈ្លើយ ហើយ​កោងកាច បើ​មើល​តាម​វីដេអូ​។ តែ​អ្វីៗ​គ្រប់យ៉ាង មាន​ហេតុ បាន​មាន​ផល​។​

​ក្នុង​រឿងនេះ យុវជន​ទំនើង​រូបនោះ ជិះ​ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ គឺ​​ពិតជា​មិន​ត្រឹមត្រូវ​។ តែ​​ករណីនេះ ក៏ត្រូវ​មើល​ពី​អត្តចរិត​របស់​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្លៀកពាក់​ដូច​ប៉ូលិស​ចរាចរណ៍​នោះ ដែល​មហាជន ចាត់ទុកជា​រឿង​ហួសចិត្ត ដោយពេល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍ បែរជា​ស្រែក​ចោទប្រកាន់​គេ​ស្រស់ៗ ថា​ជា «​ចោរ​»​។ ចុះបើ​ពេលនោះ ​មហាជន​​​ផ្ទុះ​កំហឹង ​​ដាក់​ម្នាក់ ១​ដៃ ម្នាក់ ១​ជើងលើយុវជនទំនើងនោះ ទម្រាំ​តែ​ដឹង​ខុសត្រូវ តើរឿងហេតុ​ ​ទៅជា​យ៉ាងណា​?​។

កន្លងមក ជម្លោះតាមផ្លូវ​​បង្កដោយមន្ត្រីជាប់កិច្ចសន្យាដូច្នេះ ធ្លាប់កើតឡើងច្រើនករណីរួចមកហើយ​​ ដែលថ្នាក់ដឹកនាំ ពិសេសសាលារាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គួរតែ​រកវិធីដោះស្រាយ ដើម្បីកុំ​ឲ្យរឿងដដែលៗ កើតឡើងតទៅទៀត។

បើថា​ខ្វះកម្លាំងប៉ូលិសចរាចរណ៍ណាស់​ ក៏​គួរតែ​យកមន្ត្រីជាប់កិច្ចសន្យាទាំងអស់​នោះ ទៅបណ្តុះបណ្តាល​ត្រឹមត្រូវ ហើយបំពាក់បំប៉នទាំងក្រមសីលធម៌វិជ្ជាជីវៈ​ច្បាស់លាស់ និងបញ្ចូលក្របខណ្ឌ​ជាប៉ូលិសចរាចរណ៍​តែម្តង ចាំចាត់តាំង​ មកធ្វើ​ការងារតាមគោលដៅ​។

កន្លងមក មហាជន​ក៏លើកឡើងថា ប៉ូលិស​មួយចំនួន​ នៅពេល​ចុះ​អនុវត្ត​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ក៏មាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ នាំ​ឲ្យ​មហាជន​លួច​ខឹង ហើយក៏មាន​​ប៉ូលិស​ចរាចរណ៍​មួយទៀត ដែល​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍តាមផ្លូវ ចាប់​អ្នកធ្វើដំណើរ​មិន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​មិនមាន​កញ្ចក់​មើល​ក្រោយ បត់​ខុស​ភ្លើង​សញ្ញា ​ឬក៏​បើកឡាន ប្រើប្រាស់​ទូរស័ព្ទ ជាដើម​នោះ ហាក់ដូចជា មិន​ស្អាតស្អំ​ប៉ុន្មាន​ទេ ដែល​នាំ​ឲ្យ​មហាជន ចាត់ទុកថា ករណីនេះ ជាការ​គាប​យកលុយ​ស្របច្បាប់​របស់​ក្រុមប៉ូលិស​ខិលខូច​។ នោះ​ក៏​ដោយសារតែ​ក្នុង​ច្បាប់​កំណត់​ផាក ៦​ម៉ឺន​រៀល លើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ដែល​មិន​ពាក់មួក​សុវត្ថិភាព ឬ​មិនមាន​កញ្ចក់​មើល​ក្រោយ តែបើ​សម្រួល គឺ​ត្រឹមតែ ២​ម៉ឺន ៣​ម៉ឺន​រៀល ក៏​អាច​ទៅបាន ដោយ​ប៉ូលិស​មិនមាន​សរសេ​រវិ​ក័យ​ប​ត្រ​ឡើយ​។ នេះ​ជា​ករណី​ជាក់ស្តែង​មួយ ក្នុងសង្គម​យើង​។

​ដូច្នេះ ករណីនេះ ត្រូវមាន​នីតិវិធី​ច្បាប់​ស៊ើបអង្កេត​លើ​មន្ត្រីជាប់កិច្ចសន្យា ដែល​ប្រើប្រាស់​ពាក្យសំដី​​មិន​សមរម្យ​នោះ​​​។ រីឯ​យុវជន​ទំនើង ក៏​ត្រូវតែ​ផាកពិន័យ​ករណី​ម៉ូតូ​ មិនមាន​កញ្ចក់​មើល​ក្រោយ រួមទាំង​ការអប់រំ ណែនាំ ធ្វើ​កិច្ចសន្យា ហើយ​ថត​វិ​ដេ​អូ​ សុំទោស​មហាជន ដូច​អ្វីដែល​ប៉ូលិស​យើង ធ្លាប់​បានធ្វើ​ចំពោះ​យុវជន​លេង​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​កន្លងមក ដែល​បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ប្រមាថ​លើ​សមត្ថកិច្ច​ដូចគ្នានេះ​។

ក្នុង​រឿងនេះ គឺ​ខុស​ទាំង​មន្ត្រី​ជាប់កិច្ចសន្យា ដែល​ស្លៀកពាក់​ដូច​ប៉ូលិស​ចរាចរណ៍ រួមទាំង​យុវជន​ទំនើង ក៏មាន​កាយវិការ និង​ពាក្យសម្តី មិន​សមរម្យ​ឡើយ​។ តែ​ចំពោះ​ប៉ូលិស​មែនទែន គឺ​យុវជន​ទំនើង ហាក់​ចេះ​សំពះ និង​ជូន​បារី ហើយ​អុជ​ជូន​លោកពូ​ប៉ូលិស​ថែមទៀត​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ មាន​បុរស​ម្នាក់ ជា​ទាហាន បាន​យ​វាយ​ប៉ូលិស​ម្នាក់ បែក​ចិញ្ចើម ក្នុងអំឡុងពេល​ដាក់​ប៉ា​រ៉ា​ស បិទ​ខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​កូ​វីដ​១៩ នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ​។ ក្រោយ​ហេតុការណ៍​នោះ ភ្លាមៗ បុរស​ទាហាន​នោះ ត្រូវបាន​ឃាត់ខ្លួន តែ​ក្រោយមក ក៏​ត្រូវគេ​អះអាងថា មាន​ជំងឺសរសៃប្រសាទ ក៏​ត្រូវបាន​សម្របសម្រួល ដោះលែង​វិញ​។​

​ករណី​យុវជន​ទំនើង​នេះ ពេល​ជាប់​ខ្នោះ ហើយ​ប៉ូលិស​ឆ្គោ​ក នាំចូល​ឡាន ជិះ​ទៅ​វាស់កម្ពស់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ក៏​ប្រែ​ទឹកមុខ មកជា​ស្លូត​វិញ​ដែរ​។ ក្រោយ​ហេតុការណ៍​នេះ យុវជន​ទំនើង ត្រូវតែ​កែប្រែ​ឥរិយាបថ ជិះ​ម៉ូតូ​គោរព​ច្បាប់ មាន​មួក កញ្ចក់​ត្រឹមត្រូវ ហើយ​គោរព​តាម​ការត្រួតពិនិត្យ​រប​ស់​ប៉ូលិស​សមត្ថកិច្ច​។ មិនមាន​ចំណេញ​អ្វី​ទេ​។ ក្នុង​រឿងនេះ សូម​យុវជន​យើង នឹក​គិតថា «​ខឹង​ខុស ខឹង​ខាត​» ហើយ «​បើ​ខឹង នោះ​រឿង​តូច ក្លាយជា​រឿង​ធំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ