ខេត្តកំពង់ចាម ៖ ទីតាំងបម្រើផ្លូវភេទមួយនៅភូមិជើងឡង សង្កាត់សួង ក្រុងសួងត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយនគរបាលក្រុងសួងបង្ក្រាបនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ មីនា ២០១១។ សមត្ថកិច្ចចាប់ខ្លួនស្ត្រីមេបនជនជាតិវៀតណាមម្នាក់ និងរំដោះស្ត្រីរកស៊ីផ្លូវភេទជនជាតិវៀតណាមចំនួន៤នាក់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រីថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តបានប្រាប់កោះសន្តិភាពថា អនុវត្តតាមបទបញ្ជារបស់លោកស្នងការនគរបាលខេត្តឱ្យបង្ក្រាបផ្ទះប្រកបរបរផ្លូវភេទនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង មិនឱ្យដំណើរការទៀតទេ ប៉ុន្តែក្រោយមកគេបែរជាផ្គើនបើកដដែល។ ពេលទទួលព័ត៌មាននេះរូបលោកដឹកនាំកម្លាំងក្រោមឱវាទនាព្រឹកថ្ងៃទី៣០ មីនា ទៅឡោមព័ទ្ធចាប់ខ្លួនមេបនជាស្ត្រីជនជាតិវៀតណាមឈ្មោះសុខ ទៀត អាយុ៣១ឆ្នាំ ។ ជាមួយគ្នានោះសមត្ថកិច្ចរំដោះស្ត្រីរកស៊ីផ្លូវភេទចំនួន៤នាក់ ១-ឈ្មោះង្វៀង ធីឡង អាយុ២០ឆ្នាំ, ២-ឈ្មោះង្វៀង ធីង៉ុកលី អាយុ១៨ឆ្នាំ,៣-ឈ្មោះង្វៀង យៀកសឹង អាយុ២៤ឆ្នាំ និង៤-ឈ្មោះវេង ហ៊ាម៉ី អាយុ២២ឆ្នាំ។
ស្ត្រីមេបនឈ្មោះសុខ ទៀក ឆ្លើយសារភាពថា នាងជួលផ្ទះគេនៅសង្កាត់សួងក្នុង១ខែតម្លៃ៣០០ដុល្លារប្រកបរបរផ្លូវភេទរយៈពេល២ខែមកហើយ ដោយមានស្ត្រីរកស៊ីផ្លូវភេទចំនួន៤នាក់។ ភ្ញៀវចូលម្តងៗតម្លៃ២ម៉ឺនរៀលហើយចែកពាក់កណ្តាលម្នាក់ជាមួយស្ត្រីរកស៊ីផ្លូវភេទ ។ នាងង្វៀង ធីង៉ុកលី ឱ្យដឹងថា នាងប្រកបរបរផ្លូវភេទនៅផ្ទះរបស់ឈ្មោះទៀត រយៈពេល១ខែមកហើយ ដោយក្នុង១យប់អាចរកបានលុយពី២ទៅ៣ម៉ឺនរៀល។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្តមានប្រសាសន៍ប្រាប់កោះសន្តិភាពថា រយៈពេលកន្លងមកផ្ទះបន និងល្បែងស៊ីសងគ្រប់ប្រភេទត្រូវបានបង្ក្រាបជាបន្តបន្ទាប់ និងបញ្ជូនទាំងអ្នកលេងល្បែង និងមេបនទៅឱ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។ ដោយឡែកការបង្ក្រាបផ្ទះបននោះ មេបនត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកស្ត្រីរកស៊ីផ្លូវភេទទាំង៤នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីបណ្តុះបណ្តាលមុខជំនាញផ្សេងៗដែលអាចប្រកបរបរចិញ្ចឹមជីវិតបានដោយសេចក្តីថ្លៃថ្នូរ ៕
ចែករំលែកព័តមាននេះ