ខេត្តកណ្ដាល ៖ បុរសម្នាក់ ត្រូវបានសង្សាររបស់ខ្លួនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយពីបានបង្ខិតបង្ខំឲ្យនាងរំលូតកូន ហើយយកកងដៃនាងទៅលក់ទៀត ពេលនាងមានប្រតិកម្មបានគំរាមសម្លាប់ និងគំរាមផុសរូបអាសអាភាសពេលដេកជាមួយគ្នាលើបណ្តាញសង្គម ។
ករណីនេះ បានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង២៥នាទីព្រឹក ស្ថិតនៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងត្រូវចាប់ខ្លួនបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ។
សមត្ថកិច្ចស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចេវ សូនី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ ទីលំនៅបច្ចុប្បន្នភូមិអាយាន ឃុំត្រពាំងល្វា ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ និងដកហូតបានទូរស័ព្ទ១គ្រឿងម៉ាក Oppo ពណ៌ទឹកសមុទ្រ ។
ចំណែកជនរងគ្រោះឈ្មោះ ប ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ជាកម្មការិនីរោងចក្រ មានទីលំនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅក្នុងអំឡុងឆ្នាំ២០២៣ ពួកគេទាំង២នាក់ ចាប់ផ្ដើមមានទំនាក់ទំនងស្នេហានឹងគ្នា បេះមិនចេញស្អិតដូចស្ករតាំងម៉ែ រហូតដល់ឆ្នាំ២០២៤ ពួកគេទាំងពីរនាក់រស់នៅជាមួយគ្នាក្នុងបន្ទប់ដូចប្ដី-ប្រពន្ធ ។ ក្រោយពេលនៅជាមួយគ្នាបានមួយរយ: នាងក៏ចាប់ផ្ដើមមានផ្ទៃពោះ តែបុរសជាសង្សាររូបនេះមានបំណងចង់គេចវេសមិនទទួលខុសត្រូវ សូម្បីតែកូនក្នុងផ្ទៃរបស់នាងជាឈាមជ័រ បានប្រាប់ឲ្យនាងយកកូនចេញ(រំលូត)នៅមន្ទីរពេទ្យ ។
លុះដល់វេលាត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីយកកូនចេញ សង្សាររូបនេះពុំមានប្រាក់សម្រាប់បង់សេវាពេទ្យ និងចាយវាយផ្សេងៗឡើយ ក៏បានយកកងដៃផ្លាកទីនពីនាងទៅបញ្ចាំ ។ ក្រោយពេលចេញពីមន្ទីរពេទ្យវិញ នាងក៏បានទូរស័ព្ទទៅបុរសចោលម្សៀតនេះ ដោយសួរនាំពីការលស់កងដៃយកមកវិញ តែបុរសជាសង្សារនេះចេះតែដោះសា ។ ដោយសារអស់ជំនឿ នាងបានប្រាប់ថា បើមិនយកកងដៃមកវិញទេ នាងទៅដាក់ពាក្យបណ្ដឹងហើយ ។ ការប្រឈមពីការដាក់ពាក្យបណ្ដឹង បានធ្វើឱ្យបុរសហេងស៊យរូបនេះ និយាយគំរាមទៅនាងវិញថា បើសិនជាហ៊ានដាក់ពាក្យបណ្ដឹង គេនឹងសម្លាប់ចោល និងផុសរូបដែលពួកគេទាំងពីដេកជាមួយគ្នាលើបណ្ដាញសង្គម ។
ដោយសារតែការឈឺចាប់អត់ទ្រាំមិនបាន នាងប្រាប់រឿងរ៉ាវទាំងឡាយទៅក្រុមគ្រួសារ រួចក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញបានចេញលិខិតកោះហៅជនរងគ្រោះទៅបំភ្លឺតាមនីតិវិធី ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងនាងជាសង្សារនឹងគ្នា ហើយបានរួមភេទជាមួយគ្នាជាច្រើនលើកច្រើនសា រហូតនាងមានផ្ទៃពោះ រួចយកកូនចេញពិតមែន ព្រោះជាកូនទាំងអស់គ្នា និងបានសារភាពដូចក្នុងបណ្ដឹង ពីបទគំរាមផ្សេងៗ ។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ