ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ដេចតេជោស្នើកីឡាករបាល់ទាត់កំពូល រ៉ូណាល់ដូ និង Messi មក​កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈ​នាយក​រដ្ឋមន្ត្រី ព័រ​ទុ​យ​ហ្គា​ល់ បានបង្ហាញចំណាប់

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈ​នាយក​រដ្ឋមន្ត្រី ព័រ​ទុ​យ​ហ្គា​ល់ បានបង្ហាញចំណាប់អារម្មណ៍ថា សម្តេចផ្ទាល់និងយុវជនកម្ពុជាចង់ឃើញ​ខ្សែប្រយុទ្ធម្ចាស់ពានស្បែកមាស Cristiano Ronaldo (រ៉ូណាល់ដូ) មកកម្សាន្តនៅកម្ពុជា។ ក្រៅពី រ៉ូណាល់ដូ សម្តេចកន្លងមកក៏ចង់ឃ់ើញវត្តមានកំពូលកីឡាករ Lionel Messi និង​ខ្សែប្រយុទ្ធប្រេ​ស៊ី​ល Neymar Jr. មកទស្សនកិច្ចនៅទឹកដីសុវណ្ណភូមិខ្មែរផងដែរ ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ី-​អឺរ៉ុប ទី​១៣ នាថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានផ្ដាំសារមួយទៅនាយករដ្ឋមន្ត្រីព័រ​ទុ​យ​ហ្គា​ល់ថា សង្ឃឹមថា ថ្ងៃ​ណាមួយខ្សែប្រយុទ្ធ Cristiano Ronaldo មកទឹកដីប្រទេស​កម្ពុជា​។ នេះបើយោងតាម​លោក​ខៀវ ក​ញ្ញ​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែលបានបង្ហោះសារលើគណនីហ្វេសប៊ុក ​។

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបង្ហោះសារមានខ្លឹមសារទាំងស្រុងថា «តាម​រយៈ​លោកនាយក​រដ្ឋមន្ត្រី Portugal សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សូម​ផ្តាំផ្ញើ​នូវ​សមានចិត្ត​របស់​យុវជន​កម្ពុជាទៅ​តារាបាល់ទាត់ Ronaldo និង សង្ឃឹមថា ថ្ងៃ​ណាមួយ Ronaldo នឹង​មក​ដល់​កម្ពុជា ជា​មិន​ខាន» ​។

ជាមួយនឹងការបញ្ចេញនូវសារអំពីគោលបំណង​របស់​សម្ដេច​ចង់ឃើញ Cristiano Ronaldo មកកាន់ទឹកដីកម្ពុជានោះ ​គេ​សង្កេតឃើញថា​ អ្នកលេងបណ្តាញសង្គមបានចាប់អារម្មណ៍យ៉ាងខ្លាំងក្លា និងបានចែកចាយបន្ត ដោយការពេញចិត្តចង់ឃើញវត្តមានកំពូលកីឡាករបាល់ទាត់អន្តរជាតិរូបនេះ ។

​តាម​រយៈ​សារ​ផ្ដាំផ្ញើ​ដ៏​គួរ​អោយ​ចាប់អារម្មណ៍របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ​គេ​ជឿជាក់​ថា ក្នុង​ថ្ងៃ​ណាមួយ គឺ​ពិតជា​មាន​វត្តមាន​កីឡាករ រ៉ូ​ណា​ល់​ដូរ នៅ​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា និង​ពិភពលោក ក៏​មានការ​ធូរស្បើយ​ពី​កូ​វីត​១៩ ដែល​អាច​អោយ​ជនជាតិ​បរទេស អាចធ្វើដំណើរជុំវិញពិភពលោកជាថ្មី ខណៈកម្ពុជាក៏បានបើកប្រទេសឡើងវិញលើគ្រប់វិស័យ និងមិនតម្រូវឱ្យអ្នកទេសចរ ធុរជន និងអ្នកដំណើរបរទេស​ធ្វើចត្តាឡីស័ក ឬតេស្តកូវីដ-១៩ ជាមួយម៉ាស៊ីន PCR ឡើយ បើសិនជាបានចាក់វ៉ាកសាំងគ្រប់ដូសនោះ ។

ចំណែកអ្នកលេង​បណ្ដាញ​សង្គម​ច្រើន​ណាស់​បង្ហោះ​ថា រ៉ូ​ណា​ល់​ដូ គឺជា​អាយ​ដល​របស់​ពួក​គេ ដូច្នេះ​ប្រសិនបើ​អាច​មក​កម្ពុជា តាម​សំណើរ​របស់​សម្ដេចតេជោ​ពិតមែន គឺ​ពិតជា​ធ្វើ​អោយ​កម្ពុជា​កាន់តែ​ល្បី​លើ​ឆាក​អន្តរជាតិ​។ លោក​មិនមែន​ជា​កីឡាករ​តែ​ម្នាក់ ដែល​សម្ដេច​ចង់​ឃើញ​បង្ហាញខ្លួន​នៅ​កម្ពុជា​នោះ​ទេ កីឡាករ​ពិភពលោក​២​រូប​ទៀត គឺ Messi និង នី​ម៉ា ក៏​ធ្លាប់​ត្រូវ​បាន​សម្ដេច ស្នើ​អោយមក​លេង​នៅ​កម្ពុជា​ផង​ដែរ ដោយ​សម្ដេច​ប្រកាស​ថា នឹង​ស្វាគមន៍​យ៉ាង​ពេញទំហឹង​។ សម្ដេច​បាន​មាន​ប្រសាសន៍ កាល ពី ដើមខែ​ឩ​សភា ឆ្នាំ​២០២១​កន្លង​ទៅ ។

សូមរម្លឹកថា សម្ដេចតេជោ ធ្លាប់មានប្រសាសន៍ថា សម្តេចនឹង​ពិចារណា​ក្នុងការអញ្ជើញខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi និង ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar Jr. មកទស្សនកិច្ចនៅប្រទេសកម្ពុជា ក្រោយជំងឺរាតត្បាតសកល កូ​វី​ដ​-១៩ ផុតរលត់​។ យ៉ាងណាមិញ នៅ​មិន​ទាន់​មានការ​បញ្ជាក់​ថា ការ​ប្រកាស​របស់​សម្ដេច តើ​ឈាន​ដល់​ការ​ដាក់​សំណើរ​ដើម្បី​អោយ​កីឡាករ​ទាំង​២​នោះ​បានដឹង​ឬ យ៉ាងណា​នៅឡើយ​ទេ​។

យ៉ាងណា​ក៏​ដោយ​ក៏​ចាត់​ទុក​ថា សម្ដេច​មានការ​គាំទ្រ​វិស័យ​កីឡាករ​កាន់តែ​ខ្លាំង ដោយ​ក្រៅពី​លើកកម្ពស់​វិស័យ​កីឡា​គ្រប់​ផ្នែក​ក្នុងស្រុក អោយ​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ ក៏​បាន​ចាប់អារម្មណ៍​អោយ​កីឡាករ​បរទេស​ទាំង​៣ មក​កម្ពុជា ដើម្បី​អោយ​កាន់តែ​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​កីឡា ស្របគ្នា​ដែល​វត្តមាន​របស់​កីឡាករ​បរទេស​ទាំង​៣ ប្រសិនបើ​បង្ហាញខ្លួន​នៅ​កម្ពុជា ដូច​ការ​ប្រកាស​របស់​សម្ដេច​មែន គឺ​ពិតជា​ធ្វើ​អោយ​ហ្វេ​ន​ៗ ពិតជា​កាន់តែ​ចាប់អារម្មណ៍​លើ​វិស័យ​កីឡា​នៅ​កម្ពុជា ហើយ​ច្បាស់​ណាស់​ថា វត្តមាន​របស់​កីឡាករ​បរទេស​ទាំង​៣ គឺ​ទោះជា​អ្នក​ណា​បង្ហាញខ្លួន​មុន ក៏​ពិតជា​ជះ​ឥទ្ធិពល​ល្អ​ដល់​ដល់​វិស័យ​កីឡា​ដែល​កម្ពុជា​តែ​រីក​ចំរើន​ស្រាប់ អោយ​កាន់តែ​មានការ​ផ្ដោត​ការ​ចាប់អារម្មណ៍​ទ្វេរ​ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ