ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ដុត​ច​ង្ក្រា​ន្ត រាលដាល​បង្ក​ជា​អគ្គិភ័យ ឆេះ​ផ្ទះ​អស់ ២​ខ្នង ដែល​នៅជាប់​គ្នា​។ នេះ​គឺជា​រឿងហេតុ ដែល​មិនគួរ​កើតឡើង ក្នុងសង្គម​ខ្មែរ​យើង​ទៀត​ទេ…

ភ្នំពេញ​៖ ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ដុត​ច​ង្ក្រា​ន្ត រាលដាល​បង្ក​ជា​អគ្គិភ័យ ឆេះ​ផ្ទះ​អស់ ២​ខ្នង ដែល​នៅជាប់​គ្នា​។ នេះ​គឺជា​រឿងហេតុ ដែល​មិនគួរ​កើតឡើង ក្នុងសង្គម​ខ្មែរ​យើង​ទៀត​ទេ ព្រោះ​គឺជា​រឿង «​ខឹង​ខុស ខឹង​ខាត​» ហើយ​ចុងក្រោយ ឆេះ​អស់ទាំង​ផ្ទះ​ខ្លួនឯង និង​​បង្ក​មហន្តរាយ​ដល់ផ្ទះ​អ្នកជិតខាង ដែល​ត្រូវតែ​ទទួលខុសត្រូវ សង​ថ្លៃ​ខូចខាត​ឲ្យ​គេ​ថែមទៀត​។​

​ករណី​គ្រោះ​អគ្គិភ័យ​នោះ បានកើត​ឡើង នៅវេលា​ម៉ោង ១១ និង ១០​នាទី យប់​ថ្ងៃទី​២៣ ខែ​វិឆ្ឆិកា ឆ្នាំ​២០២១ នៅតាម​ផ្លូវ​បេតុង ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នោះ ឆេះ​បំផ្លាញ​អស់​ផ្ទះ ២​ខ្នង  រួម​នឹង​សម្ភារៈប្រើប្រាស់​ផ្សេងទៀត​។​

​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ ដែល​បង្កហេតុ ឈ្មោះ សូ​ទ្វ ពិ​សិទ្ធ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​យោធា​។ ចំពោះ​មូលហេតុ នៃ​ការឆេះ​ផ្ទះ​នេះ បណ្តាលមកពី​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ក៏​ដុត​ច​ង្ក្រា​ន្ត ហើយ​រាលដាល បង្ក​ជា​អគ្គិភ័យ ឆេះ​ផ្ទះ​តែម្តង​។    

​ក្នុង​ហេតុការណ៍​នោះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ថ្ម​ក្រោម ឈើ​លើ ទំហំ ៥​ម៉ែត្រ គុណ ១៥​ម៉ែត្រ ឆេះ​អស់ទាំង​ស្រុង រួមទាំង​សម្ភារៈប្រើប្រាស់ ក៏ត្រូវ​ឆេះ​អស់​ដែរ​។ ភ្លើង​ឆេះ​ផ្ទះ​នោះ ក៏បាន​រាលដាល​ឆេះ​ដល់ផ្ទះ​អ្នកជិតខាង ទំហំ ៧​ម៉ែត្រ គុណ ១៧​ម៉ែត្រ ត្រូវ​ឆេះ​អស់ទាំង​ស្រុង​។​

​ប៉ូលិស​បាន​ប្រើប្រាស់​រថយន្ដ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ ចំនួន ៦​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៦​ឡាន ស្មើនឹង ២៤​ម៉ែត្រគូប និង​រថយន្ត​ពន្លត់​អគ្គិភ័យ ជំនួយ​មកពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើនឹង ៦​ម៉ែត្រគូប ទើប​ភ្លើង​រលត់​ទាំងស្រុង នៅវេលា​ម៉ោង ១១ និង ៥៥​នាទី​យប់​។​

​ករណីនេះ កើតឡើង​ដោយសារតែ​ការខឹង​ខុស ខឹង​ខាត ផ្តើមចេញពី​ជម្លោះ​ប្តី​ប្រពន្ធ ក៏​ក្លាយជា​រឿង​បង្ក​ជា​បទល្មើស ដុត​ផ្ទះ ហើយ​មិន​ត្រឹមតែ​ឆេះ​ផ្ទះ​ខ្លួនឯង ខាន​បានរស់នៅ​ទេ តែ​ក៏បាន​បំផ្លាញ​ដល់ផ្ទះ​អ្នកជិតខាង​ថែមទៀត​។ ចូរ​កុំភ្លេចថា «​បើ​ខឹង នោះ​រឿង​តូច នឹង​ក្លាយជា​រឿង​ធំ​»​។ ដូច្នេះ​រឿង​អ្វី​ក៏ដោយ ត្រូវតែ​ដោះស្រាយ ដោយ​សន្តិវិធី តាមរយៈ​ការ​អង្គុយ​ពិភាក្សាគ្នា ហើយ​បើ​ដោះស្រាយ​មិន​ចេញ​រវាង​ប្តី​ប្រពន្ធ​តែ ២​នាក់​ទេ គឺ​ត្រូវ​រក​ចាស់ទុំ ជា​ឪពុកម្តាយ មី​មា បងប្អូន មកជួយ​សម្របសម្រួល ដោយ​ត្រូវធ្វើ​រឿង​ធំ ឲ្យ​ក្លាយជា​រឿង​តូច ហើយពី​រឿង​តូច ឲ្យ​ក្លាយជា​គ្មាន​រឿង​។​

​ករណី​ឈ្លោះ​ប្តី​ប្រពន្ធ ហើយ​ទៅ​ដុត​ផ្ទះ​នេះ មាន​អ្វី​ចំណេញ​? ចុងក្រោយ​ឆេះ​អស់ទាំង​ផ្ទះ​ខ្លួនឯង ខាន​បានរស់នៅ ហើយ​ថែមទាំង​បង្ក​ឲ្យ​ឆេះ​ផ្ទះ​អ្នកជិតខាង ដែល​គ្នា​មិនដឹង​រឿង​អ្វី​សោះ​ថែម​ទៀត​។ តាម​ច្បាប់ ជនបង្ក​​ឲ្យ​មាន​អគ្គិភ័យ ភ្លើង​ឆេះ​ផ្ទះ​នេះ ត្រូវ​ទទួលខុសត្រូវ ដោយ​ចេញសង​ថ្លៃ​ខូចខាត​។ នេះ​សំណាង​ហើយ ដែល​មិនមាន​គ្រោះថ្នាក់ ដល់​អាយុជីវិត​មនុស្ស​។ ចុះបើ​គ្រោះថ្នាក់​ដល់​អ្នក​ផ្សេងទៀត តើ​ការខឹង​ក្រោធ ដោយសារតែ​ឈ្លោះ​ប្តី​ប្រពន្ធ​នោះ នឹងត្រូវ​ទទួលខុសត្រូវ​កម្រិតណា​?

​ជាធម្មតា ប្តី​ប្រពន្ធ តែងតែ​មានរឿង​ឈ្លោះប្រកែក​គ្នា អន់ចិត្ត​នឹង​គ្នា​ហើយ​។ តែបើ​ឲ្យ​តែ​ឈ្លោះ ខឹង​គ្នា បែរជា​រករឿង​ឈ្លោះ​បន្ថែម នោះ​នឹង​កើតរឿង​កាន់តែ​ធំ ហើយ​រហូតដល់​សម្រេច​ចិត្ត​ដុត​ផ្ទះ​ចោល​ថែមទៀត​ដូច្នេះ តើ​ឲ្យ​កូន បាន​អ្វី​រស់នៅ​? ជីវិត​ប្តី​ប្រពន្ធ គឺ​ឈ្លោះ​ព្រឹក ត្រូវ​គ្នា​ល្ងាច ឬ​យប់ត្រូវគ្នា​វិញ ជា​រឿង​ធម្មតា​។

​ករណីនេះ ជា​មេរៀន ហើយ​យើង​ត្រូវ​នាំគ្នា ជៀស​ឲ្យ​ឆ្ងាយ​។ ពោលគឺ​ឈ្លោះ​គ្នា បែបណាក៏ដោយ មិន​ថា ប្តី​ប្រពន្ធ ឬ​ឈ្លោះ​គ្នា រវាង​បងប្អូន ឬក៏​ឈ្លោះ​ជាមួយ​អ្នកជិតខាង​ទេ គឺ​ធ្វើយ៉ាងណា ជៀសវាង​នូវ​អំពើហិង្សា ទាំង​ពាក្យសម្តី និង​ទាំង​កាយវិការ វាយតប់ បង្ក​របួសស្នាម រួមទាំង​ការដុត​ផ្ទះ​នេះ​ផង​។ ម្យ៉ាង ក៏​សូមកុំ​សម្រេចចិត្ត នៅពេល​ខឹង ព្រោះ​ការសម្រេចចិត្ត​នៅពេល​ខឹង​នោះ ច្រើនតែ​ខុស​។​

​ជា​សរុបមក អ្វីៗ​ក៏ដោយ ត្រូវតែ​ដោះស្រាយ​តាម​សន្តិវិធី ជា​វិធី​ដ៏​ល្អ​បំផុត​។ ប្តី​ប្រពន្ធ បើ​ដល់​ដំណាក់កាល ឈ្លោះ​គ្នា​ខ្លាំង ហើយ​មិនអាច​បន្ត​រស់នៅ​ជាមួយគ្នា​បាន​ហើយ ត្រូវ​ចែកផ្លូវ លែងលះគ្នា ដោយ​មិនត្រូវ​ប្តី ឬ​ប្រពន្ធ បង្ក​ហិង្សា ឬក៏​ខឹង​គោ វ៉ៃ​រទេះ ដោយ​ដុតបំផ្លាញ​ផ្ទះ ឬ​បំផ្លាញ​ទ្រព្យសម្បត្តិ​ណា​នោះទេ​។ ជម្លោះ​ផ្សេងទៀត ក៏​ដូចគ្នា​។ បើ​ស្វែងរក​ការចរចា ដោះស្រាយ​ដោយ​សន្តិវិធី ដោយមាន​ទាំង​អ្នកសម្របសម្រួល​ផង នៅតែ​មិនត្រូវ​គ្នា គឺ​នៅមាន​យន្តការ​ផ្លូវច្បាប់ ដែល​ត្រូវ​ប្តឹង ទៅកាន់​អាជ្ញាធរ​សមត្ថកិច្ច ហើយ​ចុងក្រោយ បើ​នៅតែ​មិនអាច​សះជា​នឹង​គ្នា គឺ​ត្រូវ​ប្តឹង​ឡើងទៅ​តុលាការ​។ ស្រុក​យើង មានច្បាប់ ដែល​មិនអាច​ឲ្យ​ជន​ណាមួយ រំលោភបំពាន ហើយ​បង្ក​ហិង្សា ទោះជា​តាម​ពាក្យសម្តី ហិង្សា​ដោយ​បង្ក​របួសស្នាម វាយតប់ ឬក៏​ដុត​ផ្ទះ​ដូច្នេះ​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ