ប្រសិនបើគ្រហស្ថ ឬបព្វជិតសិក្សារៀនសូត្រត្រឹមតែវិស័យអប់រំផ្នែកពុទ្ធចក្រ ឬវិស័យអប់រំផ្នែកអាណាចក្រតែម្យ៉ាងមិនអាចជួយជ្រោមជ្រែងដល់សង្គមជាតិ សង្គមសាសនាបានឡើយ ។ ដូច្នេះគ្រហស្ថ ឬបព្វជិតត្រូវតែខិតខំ ប្រឹងប្រែងសិក្សារៀនសូត្រទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រទើបអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីជួយជ្រោមជ្រែង ឬអភិវឌ្ឍសង្គមជាតិ និងសង្គមសាសនាបានល្អប្រសើរ ។
មានទស្សនៈខ្លះបានលើកឡើងថា តើអ្នកបួសគួរសិក្សារៀនសូត្រខាងមុខវិជ្ជាគ្រហស្ថ ឬហៅថាវិស័យអាណាចក្រដែរឬយ៉ាងណា បើយោងតាមបរិបទសង្គមសម័យទំនើបនេះ ?
មិនឆ្គង ហើយក៏មិនទាស់ខុសអ្វីទេ ! ព្រះមហាស៊ឹម សានិត អ្នកទស្សនវិជ្ជាពុទ្ធសាសនាបានលើកឡើងថា បើបានបួសក្នុងព្រះសាសនា ទោះបីជាត្រូវលាចាកសិក្ខាបទ ឬស្ថិតនៅជាបព្វជិតរហូតក៏ត្រូវតែខិតខំ ប្រឹងប្រែង ស្វះស្វែងសិក្សារៀនសូត្រ ជាដាច់ខាត និងចាំបាច់បំផុត ទោះបីជាវិស័យអប់រំផ្នែកពុទ្ធចក្រ (ព្រះបរិយត្តិធម៌) ឬវិស័យអប់រំផ្នែកអាណាចក្រ (ចំណេះដឹងផ្លូវលោក) ក៏ដោយ មិនត្រូវនៅស្ងៀម សំងំមិនរៀនសូត្រឡើយ ។
កុលបុត្រដែលបានចូលមកសាងផ្នួសក្នុងព្រះពុទ្ធសាសនាត្រូវតែប្រព្រឹត្តខ្លួនឱ្យជាប្រយោជន៍ចំពោះ៣ចំណុចគឺ ១-ប្រយោជន៍ផ្ទាល់ខ្លួន ២- ប្រយោជន៍ពុទ្ធសាសនា និង៣- ប្រយោជន៍សង្គម ទាំងផ្នែករូបី និងអរូបី ដោយបដិបត្តិតាមផ្លូវបដិបត្តិជាកណ្តាល មិនតឹងរ៉ឹងពេក និងមិនធូររលុងពេក ។
ព្រះពុទ្ធសាសនាថេរវាទ ជាគតិធម្មនិយាមបែបបដិបត្តិកណ្តាល មិនមែនជាផ្លូវបដិបត្តិបែបឥតខ្ចោះនិយមជ្រុលឡើយ ។ ដឹងប្រសើរជាងមិនដឹង មានវិជ្ជាប្រសើរជាងអត់វិជ្ជា ចេះប្រសើរជាងមិនចេះ ដោយហេតុថា ភាពល្ងង់ខ្លៅមិនដែលជួយធ្វើឱ្យសង្គមរីកចម្រើន ជឿនលឿន មានការអភិវឌ្ឍ ឬមានអរិយធម៌រុងរឿងបានឡើយ ។ គ្រោះអវិជ្ជារមែងធ្វើឱ្យសង្គមជាតិលិចលុង និងដើរឆ្ពោះទៅរកសេចក្តីវិនាសហិនហោច ៕ សាន សារិន
ចែករំលែកព័តមាននេះ