ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ជនជាតិថៃជាង១០០នាក់ដែលត្រូវប្រគល់ទៅឱ្យខាងសមត្ថកិច្ចថៃនោះ គឺមាន៣៤នាក់មានផ្ទុកជំងឺកូវីដ-១៩ (ក្នុងនោះស្រី១២នាក់) នេះបើយោងតាមមន្ត្រីប្រចាំច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដែលសុំមិនបញ្ចេញឈ្មោះ ។
![Picture]()
មន្ត្រីប្រចាំច្រកទ្វារបានឱ្យដឹងទៀតថា ជនជាតិថៃសរុបមានចំនួន១០៣នាក់ ត្រូវមន្ត្រីសមត្ថកិច្ចកម្ពុជានឹងធ្វើការប្រគល់ទៅឱ្យសមត្ថកិច្ចថៃនារសៀលថ្ងៃទី២៤ វិច្ឆិកានេះ ស្ថិតលើស្ពានព្រំដែនមិត្តភាពកម្ពុជា-ថៃនៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ខ្លង
លឹក) ។ ជនជាតិថៃទាំង១០៣នាក់នេះ គឺបានដឹកតាមរថយន្តយោធាចំនួន៧គ្រឿង យកទៅដាក់នៅលើទឹកដីកាស៊ីណូ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ដើម្បីសម្រាកទទួលទានអាហារ។
![Picture]()
ប្រភពឱ្យដឹងទៀតថា ជនជាតិថៃទាំងនេះ គឺមួយចំនួនត្រូវបានគេបញ្ជូនមកពីខេត្តពោធិ៍សាត់ និងមួយចំនួនសង្ស័យអាចមានពាក់ព័ន្ធករណីត្រូវជនជាតិចិនចាប់បង្ខាំងជម្រិតទារប្រាក់ក្នុងភូមិគ្រឹះមួយ ខណៈពួកគេមកធ្វើការនៅកម្ពុជាដោយខុសច្បាប់ ប៉ុន្តែត្រូវបានសមត្ថកិច្ចកម្ពុជាធ្វើការសង្គ្រោះបានទាន់ ។
![Picture]()
ទោះបីជាយ៉ាងណា អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ប្រាប់កោះសន្តិភាពថា លោកមិនអាចជម្រាបពីទីតាំងដែលនាំពួកគេមកនិងមានជាប់ពាក់ព័ន្ធអ្វីខ្លះនោះទេ ព្រោះដើម្បីរក្សាការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយខាងភាគីថៃតទៅថ្ងៃមុខទៀត ។ លោកបញ្ជាក់ទៀតថា ការប្រគល់នេះគឺជាការស្នើសុំរបស់ខាងភាគីថៃតែប៉ុណ្ណោះ ។
កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ