ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • កំពង់ចាម

កំពង់ចាម​៖ ហេតុការណ៍​រំលោភ​សម្លា.ប់​យុវតី​ម្នាក់ អាយុ ១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ កាលពី​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំការពោត ក្នុងភូមិ​១១…

កំពង់ចាម​៖ ហេតុការណ៍​រំលោភ​សម្លា.ប់​យុវតី​ម្នាក់ អាយុ ១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ កាលពី​ព្រលប់​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំការពោត ក្នុងភូមិ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម បានធ្វើ​ឲ្យ​កក្រើក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ នេះ​ជា​ករណី​ថ្មី ដែល​មហាជន​ថ្កោលទោស និង​លើក​សំណូមពរ​ថា មិនគួរ​កើតមាន​ក្នុងសង្គម​យើង​តទៅទៀត​ឡើយ​។​ ករណីនេះ ក៏គួរតែរាជរដ្ឋាភិបាលបង្កើតច្បាប់ គ្រៀវ លើជនល្មើស ដែលរំលោ.ភសេពសន្ថវៈ ក្រៅពីកាត់​ទោសធ្ងន់ធ្ងរ ឲ្យជាប់ពន្ធនាគារ។

​ករណី​រំលោភ​សម្លាប់​នោះ បានកើត​ឡើង ខណៈ​ក្មេងស្រី​រងគ្រោះ ជិះ​ម៉ូតូ​ម្នាក់ឯង ចេញពី​រៀន​គួរ​ ដើម្បី​ត្រៀមប្រឡង​បាក់​ឌុប​។ ក្មេងស្រី​រងគ្រោះ រស់នៅ​ជាមួយ​ជីដូន ដោយ​ឪពុក​ស្លា.ប់ចោល ហើយ​ម្តាយ កំពុងធ្វើការ នៅ​ប្រទេស​ថៃ​។​

​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ យុវជន ជា​ឃាតក ត្រូវបាន​ប៉ូលិស​ចាប់បាន នាំយកទៅ​តុលាការ កាត់ទោស តាមផ្លូវ​ច្បាប់​។ ជនសង្ស័យ មានឈ្មោះ ម៉ាប់ កំសត់ ហៅ អា​លាន អាយុ ១៦​ឆ្នាំ ជា​អ្នករស់នៅ​ភូមិ​-​ឃុំ​ជាមួយ​យុវតី​រងគ្រោះ​។ ជនសង្ស័យជាឃាតក​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ ស្រាវជ្រាវ ឈានដល់​ការឃាត់ខ្លួន​បាន នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:១៥​នាទី​រសៀល នៅ​ចំណុច​ក្នុងព្រៃ​ចំការ ក្រោយ​វត្ត​មណ្ឌល​វិប្បសនា ស្ថិតក្នុង​ភូមិ​ប៉ាង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្តកំពង់ធំ​។​

​ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ និង​សម្លា.ប់​ជនរងគ្រោះ ហើយ​យក​ទូរស័ព្ទ​ជនរងគ្រោះ ទៅ​លក់​នៅ​ភ្នំពេញ បាន​តម្លៃ​ម្ភៃ​ម៉ឺន​រៀល យកទៅ​ទិញ​ខោអាវ ហើយ​ជិះឡាន​ត្រឡប់មក​​ស្រុក​វិញ​។ នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​យុវជន ជា​ជនសង្ស័យ​នោះ ទៅ​តុលាការ​ខេត្តកំពង់ចាម ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ករណី​រំលោភ ហើយ​សម្លា.ប់​​ស្ត្រីជន​រងគ្រោះ​នោះ កើតឡើង​ច្រើន​ករណី​មកហើយ នៅក្នុង​ប្រទេស​យើង មិន​ថា នៅ​ភ្នំពេញ ឬ​នៅតាម​បណ្តា​ខេត្ត​នានា ស្រុកស្រែ​ចំការ​នោះទេ​។ ករណីខ្លះ ជា​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ១៨​ឆ្នាំ ខណៈ​ទៀត ជា​ស្ត្រី​មេម៉ាយ និង​ក៏មាន​ករណី​ស្ត្រី​រកស៊ី​ផ្លូវភេទ ក៏ត្រូវ​ក្រុមយុវជន ៥-៦​នាក់ ចាប់រំ.លោ.ភ ហើយ​សម្លា.ប់​បំបិទមាត់​​ក៏មាន ក្នុង​ពេលកន្លងមក​។ ក្នុងនោះ ក៏មាន​ករណី​បុរស​រំ.លោភ​កុមារា ហើយ​សម្លា.ប់ចោល ផងដែរ​។​

​ករណី​រំលោ.ភ​សម្លា.ប់​ស្ត្រី​រងគ្រោះ រួមទាំង​កុមារា​ផង​នោះ ត្រូវបាន​គេ​លើកឡើងថា អាច​មកពី​ឥទ្ធិពល​នៃ​គ្រឿងញៀន​ផង ជនល្មើស​ខ្វះ​ការអប់រំ​ផង ហើយ​គួបផ្សំ​នឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​ផង ដែល​ធ្វើ​ឲ្យ​ជនល្មើស ងាយស្រួល​នឹង​មើល​រឿង​អា.ស.អា.ភា.ស ហើយក៏​កើត​ចំណង់ ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ​ដូច្នេះ​។ ដូច្នេះ​មានការ​ទទូច​ឲ្យ​ប​ញ្ឈប់​ការជួញដូរ និង​ការសេព​គ្រឿងញៀន ដើម្បី​ការពារ​សង្គម​កម្ពុជា​យើង ពិសេស​ការពារ​ជនរងគ្រោះ ដែលជា​មនុស្ស​មិនដឹង​អ្វី​សោះ និង​មិនគួរ​រងគ្រោះ ព្រោះតែ​សង្គម ដែលមានអ្នក​​.គ្រឿង.ញៀន និង​គ្រឿង.​ស្រវឹង ដោយគ្រឿងអបាយមុខអស់ទាំងនេះ អា​ចរក​ទិញ​បាន​ដោយ​ងាយ មិន​ថា នៅ​ភ្នំពេញ នៅ​ទីប្រជុំជន ឬក៏​នៅ​ជនបទ​ស្រុក​ស្រែចំការ​នោះឡើយ​។​

​អំពើ​រំ.លោ.ភ​សម្លា.ប់​លើ​ក្មេងស្រី អាយុ ១៦​ឆ្នាំ នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម គឺជា​អំពើ​ព្រៃផ្សៃ ដែល​ត្រូវតែ​រួមគ្នា គិតគូរ ទប់ស្កាត់ កុំ​ឲ្យ​កើតមាន​តទៅទៀត​។ ក្នុងនោះ ទាំង​អាជ្ញាធរ​សមត្ថកិច្ច រាជរដ្ឋាភិបាល រួមទាំង​សង្គម​ស៊ីវិល ត្រូវតែ​រួមគ្នា ផ្ដល់​ការអប់រំ​បន្ថែម​លើ​បុរស និង​ក្មេងប្រុស ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ សេព​គ្រឿងញៀន គ្រឿង​ស្រវឹង រហូតដល់​ចាប់.រំលោ.ភ និង​សម្លា.ប់.​ដូច្នេះ​។​

​ក្រៅពីនោះ ក៏ត្រូវ​ពង្រឹង​សុវត្ថិភាព​បន្ថែម​ដល់​ស្ដ្រី និង​ក្មេងស្រី តាមរយៈ​ការអប់រំ​ដល់​បុរស និង​ក្មេងប្រុស ឲ្យ​យល់ថា ស្ដ្រី គឺជា​មនុស្ស ដែល​ត្រូវ​ទទួលបាន​ការគោរព ហើយ​មាន​ភាពថ្លៃថ្នូរ​នៃ​​ជីវិត មិនមែនជា​ទំនិញ ឬមួយ​ក៏​មិនមែនជា​វត្ថុ ដែល​អ្នកណា​ចង់យក​ទៅ​លក់ដូរ ឬក៏​ចាប់រំ.លោ.ភ តាមតែ​អំពើ​ចិត្ត​នោះទេ​។​

​បុរសៗ ពិសេស​យុវជនឈាមរាវ ត្រូវ​យល់ថា អំពើ​រំ.លោ.ភ ហើយ​ថែមទាំង​សម្លា.ប់.​ជនរងគ្រោះ​ទៀត​នោះ គឺជា​អំពើ​ឧក្រិដ្ឋ ដែល​ត្រូវ​ជាប់គុក​មួយជីវិត ហើយ​កុំ​គិតថា សម្លា.ប់​ជនរងគ្រោះ ដើម្បី​កុំ​ឲ្យ​បែកការណ៍ ហើយ​គ្មាន​នរណា​ដឹងថា ខ្លួន​ជា​ឃាតក​នោះឲ្យសោះ​​។ ​​កុំ​ភ្លេច ឃាត.កម្ម​កន្លងមក រួមទាំង​ករណី​ថ្មីៗ​នេះ គឺ​ប៉ូលិស​ឥឡូវ មាន​ជំនាញ​ស្រាវជ្រាវ ស៊ើបអង្កេត ទោះជា​រត់​ទៅដល់​ណា មិន​ថា នៅក្នុង​ស្រុក ឬ​ចេញ​ក្រៅប្រទេស​ទេ ក៏​នៅតែ​អាច​ចាប់​ជនល្មើស យកមក​ផ្តន្ទាទោស​បានដែរ​​។​

​ករណី​យុវជន អាយុ ១៦​ឆ្នាំ ចាប់រំ.លោភ ហើយ​សម្លា.ប់​ក្មេងស្រី​រងគ្រោះ អាយុ ១៦​ឆ្នាំ ដោយសារតែ​នៅក្នុង​ស្រុកភូមិ​ជាមួយគ្នា​នោះ គឺ​យុវជន ជា​ជនសង្ស័យ គិតខ្លី ក៏សម្រេចចិត្ត​​ធ្វើ​ដូច្នេះ​​​។ ចូរ​កុំ​ភ្លេច ច្បាប់​កំណត់​រួចហើយ​ថា ឃាតកម្ម​ដែល​កើត​ក្នុងពេល ឬ​ក្រោយពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម អំពើ​ឃោ​ឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​។ ក្រៅពីដាក់ពន្ធនាគារធ្ងន់ធ្ងរហើយនោះ ស្រុកយើង គួរតែ​បង្កើតច្បាប់ គ្រៀវលើជនល្មើស ក្នុងករណីរំលោភសេព​សន្ធវៈនេះតែម្តង​។

​បើ​ស្រឡាញ់​គេ ចូល​សារភាព​ត្រង់ៗ ហើយ​ឲ្យ​ឪពុកម្តាយ ចូល​ស្តីដណ្តឹង​គេ ដោយ​ខ្លួនឯង ត្រូវខិតខំ​រៀនសូត្រ ឬក៏​រកស៊ី ធ្វើ​ការងារ បង្កើត​មុខរបរ ដែល​អាច​ចិញ្ចឹម​ខ្លួនឯង​ផង និង​ចិញ្ចឹម​ប្រពន្ធ​ផង​។ បើ​គេ​នៅ​រៀន ក៏​ចូល​ស្តីដណ្តឹង​ទុក​ឲ្យ​ហើយ ពេល​ខាង​ស្រី​រៀន​ចប់ រៀបការ​តាម​ប្រពៃណី​។​ ម្នាក់នឹងមិនត្រូវ រកអ្នកផ្សេងទៀត មិនត្រូវ​គិតខ្លី​ដូច្នេះឡើយ។​

​ផ្ទុយទៅវិញ នៅពេល​គិត​ស្លុយ លេង​ផ្លូវ​កាត់ ហើយ​ថែម​ជា​បទឧក្រិដ្ឋ ដែល​សង្គម​ស្អប់ខ្ពើម និង​ខុសច្បាប់​ដូច្នេះ គឺ​យុវជន ជា​ជនដៃដល់ ​ច្បាស់​ជា​អស់​អនាគត។ ​បាន​រំលោភ​គេ​មែន តែ​ក៏ត្រូវ​ជាប់គុក​ដែរ ហើយរហូតសម្លាប់គេទៀត គឺជាប់គុក​អស់​មួយជីវិត។ ក្រៅពីនោះ ក៏​បង្កើតជា​វិប្បដិសារី​អស់​មួយជីវិត មិន​ត្រឹមតែ​ខ្លួនឯង​ទេ គឺ​បង្កើត​ការឈឺចាប់​ដល់​ក្រុមគ្រួសារ​យុវតី​រងគ្រោះ ហើយ​ក្រុមគ្រួសារ​ខ្លួនឯង ក៏​មិនដឹង យកមុខ​ទៅ​ទុក​ឯណា បើ​មានកូន មាន​ចៅ មាន​បង មាន​ប្អូន ជា​ឃាតក រំលោ.ភ.​សម្លា.ប់​ដូច្នេះ​។​

​ចំពោះ​ឪពុកម្តាយ អាណាព្យាបាល ជីដូន​ជីតា​វិញ ក៏​ត្រូវតែ​បង្កើន​ការប្រុងប្រយ័ត្ន មើលថែ​កូនស្រី​​ឲ្យ​បាន​ដិតដល់​​ជាង​មុន​។ កុំ​ឲ្យ​ក្មេងស្រី នៅផ្ទះតែឯង​ ឬ​ធ្វើដំណើរ​ទៅណា​មក​ណា​តែម្នាក់ឯងឲ្យសោះ​​។ ទៅ​រៀន បើ​ថា ផ្លូវ​ឆ្ងាយ ត្រូវមាន​គ្នា​ធ្វើដំណើរ​ជាមួយ ជាចាស់ទុំ ហើយ​បើ​​មិនមាន​អ្នក​ជូនទៅ​បានជា​គ្នា​ទេ គួរតែ​នៅផ្ទះ ឬក៏​រៀន​តាម​អន​ឡាញ ប្រសើរ​ជាង​។ ក្មេងស្រី និង​យុវតី ​ក៏​ដូចគ្នា ​ត្រូវតែ​ចេះ​ថែរក្សា​ខ្លួន និង​កុំ​ហ៊ាន​នៅ ឬ​ទៅ​កន្លែង​ស្ងាត់ៗ​។

​ព័ត៌មាន​បាន​ផ្សាយ​រួចហើយ កន្លងមក ក្នុងសង្គម​យើង សូម្បីតែ​ឪពុក​បង្កើត ឬ​ឪពុកចុង ក៏មានដល់ថ្នាក់​​ចាប់​រំ.លោ.ភ​​.កូន​​។ នេះ​ក៏​ដោយសារតែ​ជនល្មើស មានការ​អប់រំ​តិចតួច ឬ​មិន​បានទទួល​ការរៀនសូត្រ ហើយ​គួបផ្សំ​នឹង​ឥទ្ធិពល​គ្រឿងញៀន គ្រឿង​ស្រវឹង ព្រមទាំង​ការរក​មើល​រឿង​អា.ស.អា.ភា.ស​.ងាយស្រួល តាម​អ៊ិន​ថឺ​ណេ​ត​ទៀត ក៏​ជា​កត្តា​រួមផ្សំ នាំឲ្យ​កើតមាន​ករណី​ចាប់.រំ.លោ.ភ រហូតដល់​សម្លា.ប់.​ដូច្នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ