លោកធម្មាចារ្យ កែវ វិមុត្តិ ពន្យល់ថា នរណាប្រាប់យើងឱ្យដើរផ្លូវត្រូវ ឬផ្លូវខុស អ្នកជួយប្រាប់យើងឱ្យដើរផ្លូវត្រូវ អ្នកនោះគឺជាមិត្តសម្លាញ់ល្អរបស់យើង ឯបុគ្គលណាប្រាប់យើងឱ្យដើរក្នុងផ្លូវអាក្រក់ បុគ្គលនោះគឺជាបាបមិត្ត ។ តើមិត្តអាក្រក់និងមិត្តល្អប្រាប់ពីអ្វីខ្លះដល់យើង ?

១. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់កុំគិតច្រើនពេក តោះទៅច្រៀងរាំលេង ។ ឯមិត្តល្អប្រាប់យើងថា សម្លាញ់កុំគិតច្រើនពេក តោះទៅស្តាប់ធម៌អប់រំចិត្ត ព្រោះយើងមានវ័យទៅមុខហើយ ។
២. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់កុំធ្វើបុណ្យច្រើនធ្វើអ្វី គ្មានប្រយោជន៍អ្វីទេ ។ មិត្តល្អប្រាប់យើងថា សម្លាញ់កុំខ្លាចបុណ្យណា ព្រោះបុណ្យនាំមកនូវសេចក្តីសុខមកឱ្យ ។
៣. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់គ្នាមិនចូលចិត្តព្រះសង្ឃអីទេ ឃើញលោកអាក្រក់ច្រើនឥឡូវ ។ មិត្តល្អប្រាប់យើងថា សម្លាញ់ព្រះសង្ឃល្អនៅមានច្រើនណាស់កុំប្រមាថណា ។

៤. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់កុំខំប្រឹងប្រែងរៀនសូត្របានប្រយោជន៍អ្វី នាំតែនឿយហត់ខួរក្បាលទេ តាមដំណើរទៅ ។ មិត្តល្អប្រាប់យើងថា សម្លាញ់ព្យាយាមរៀនសូត្រ ទៅអនាគតល្អមិនខានឡើយ មិនរៀនមិនចេះទេ ។
៥. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ខ្ញុំមិនចូលចិត្តរក្សាសីលធ្វើអ្វីទេ គ្មានប្រយោជន៍សោះ ។ មិត្តល្អប្រាប់យើងថា សម្លាញ់រក្សាសីលទៅ ព្រោះថា សីលជាគុណសម្បត្តិនាំឱ្យយើងបានកើតជាឧត្តមមនុស្សជាដើម ។
៦. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ខ្ញុំមិនចូលចិត្តស្ដាប់ធម៌សោះគ្មានន័យអ្វីសោះ ។ មិត្តល្អប្រាប់យើងថា សម្លាញ់ស្តាប់ធម៌ទើបជាហេតុនៃការកើតបញ្ញា ។
៧. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ខ្ញុំស្អប់អ្នកនេះ ស្អប់អ្នកនោះណាស់ ។ មិត្តល្អប្រាប់យើងថា សម្លាញ់កុំចម្រើនការស្អប់គេច្រើនពេក មិនល្អទេព្រោះនោះជាទោសចិត្ត ដែលអាចនាំយើងទៅនរកណា ។

៨. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ស្រាឆ្ងាញ់ប៉ូវកម្លាំងល្អណាស់ ។ មិត្តល្អប្រាប់យើងថា សម្លាញ់ស្រាជាគ្រឿងស្រវឹងនាំឱ្យដល់នូវសេចក្តីវិនាស ស្រាជាឃាតករលាក់មុខ ។
៩. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ប្រកបមុខរបរកេងប្រវ័ញ្ចខ្លះទៅ ទើបរកស៊ីឆាប់មានបាន ។ មិត្តល្អប្រាប់យើងថា សម្លាញ់មុខរបរកេងប្រវ័ញ្ចគេនាំមកនូវពៀរវេរា ហើយគេស្អប់ខ្ពើមយើងរហូត ។
១០. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់តោះសាកទៅជួញដូរគ្រឿងញៀនសាកមើល៍ បានប្រាក់ច្រើនណាស់ ។ មិត្តល្អប្រាប់យើងថា សម្លាញ់កុំឱ្យសោះ កុំប្រឡូកក្នុងបញ្ហាគ្រឿងញៀននេះឱ្យសោះ ពីព្រោះវានាំឱ្យយើងវិនាស ព្រមទាំងបំផ្លិចបំផ្លាញសង្គមជាតិ ។
១១. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់តោះទៅលេងល្បែងស៊ីសង ។ មិត្តល្អប្រាប់យើងថា សម្លាញ់ល្បែងនាំឱ្យយើងគ្រប់គ្នាវិនាសយ៉ាងឆាប់រហ័សណាស់ ។
១២. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់អាម្នាក់នឹងគួរឱ្យទើសទាល់ណាស់ សំឡេះវាចោលទៅ ។ មិត្តល្អប្រាប់យើងថា សម្លាញ់នរណាក៏ចង់រស់ដែរ ការកាប់សម្លាប់មានទោសធ្ងន់ និងពៀរវេរាយូរអង្វែងណាស់ ។

១៣. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ខ្ញុំមិនចូលចិត្តឪពុកម្ដាយខ្ញុំសោះព្រោះគាត់មិនយល់ចិត្តខ្ញុំរអ៊ូច្រើន ខ្ញុំស្អប់គាត់ណាស់ ។ មិត្តល្អប្រាប់យើងថា សម្លាញ់ឪពុកម្ដាយជាអ្នកមានគុណច្រើនណាស់និយាយមិនអស់ មិនគួរព្រោះតែរឿងបន្តិចបន្តួចភ្លេចគុណ ហើយរករឿងឈ្លោះប្រកែកជាមួយនឹងគាត់សោះ បាបអកុសលធ្ងន់ណាស់ ។
១៤. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់កុំទុកមុខឱ្យគេត្រូវតែជេរស្តីឬសងសឹកទើបបានល្អ ។ មិត្តល្អប្រាប់យើងថា សម្លាញ់កុំបៀតបៀនគ្នាធ្វើ ពីព្រោះពៀររមែងរម្ងាប់ដោយការមិនចងពៀរ ។ ចូរឯងផ្សាយមេត្តាចិត្តទៅ ។
១៥. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់កុំជឿតាមកម្មផលធ្វើអ្វី គ្មានប្រយោជន៍អ្វីទេ ។ មិត្តល្អប្រាប់យើងថា សម្លាញ់សត្វលោកប្រព្រឹត្តទៅតាមកម្ម គ្មាននរណាឈ្នះកម្លាំងកម្មទេ ឧទាហរណ៍បើសម្លាញ់ធ្លាប់សម្លាប់សត្វជាដើម សម្លាញ់នឹងមានអាយុខ្លីគេចមិនផុតឡើយ ។

១៦. មិត្តអាក្រក់ប្រាប់យើងថា សម្លាញ់ធ្វើទានបានប្រយោជន៍អ្វីទៅខាតទ្រព្យសម្បត្តិអស់ហើយ កុំធ្វើអី ។ មិត្តល្អប្រាប់យើងថា សម្លាញ់យើងរៀនធ្វើទានរឿយៗទៅ ព្រោះទានជាស្បៀងទៅបរលោក ហើយមិនយូរប៉ុន្មានទេយើងនឹងត្រូវលះបង់របស់គ្រប់យ៉ាង ហើយចូលទៅកាន់លោកខាងមុខ ទោះតិចក្ដីច្រើនក្ដីរៀនធ្វើខ្លះទៅ កំណាញ់ស្វិតស្វាញពេកមិនល្អទេ ៕ សាន សារិន
ចែករំលែកព័តមាននេះ