ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ផ្ដល់​ឥណទាន​ ១៨០​ លាន​ដុល្លារ​កសាង​ស្តារ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង លូ បរិស្ថាន នៅ​ក្រុង​បា​វិត កំពត ​និងប៉ោយ​ប៉ែ​ត

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុង​បា​វិត នៅ​ខេត្ត​ស្វាយ ក្រុង​កំពត នៅ​ខេត្តកំពត និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេ​ត្តរបស់​ខេត្តបន្ទាយ​មាន​ជ័យ ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB…

រាជធានី​ភ្នំពេញ ៖ ក្រុង​បា​វិត នៅ​ខេត្ត​ស្វាយ ក្រុង​កំពត នៅ​ខេត្តកំពត និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេ​ត្តរបស់​ខេត្តបន្ទាយ​មាន​ជ័យ ត្រូវ​បាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB អនុម័ត​រួច​ហើយ​នូវ​គម្រោង​ប្រាក់​កម្ចី​ចំនួន​ ១៨០​ លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុង​ទាំង​បី​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មានឱ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ក្រុង​ទាំង​បី​នោះ ជួយ​សម្រួលការ​រស់នៅ​ប្រជាពលរដ្ឋ​ជាង ១៤ ម៉ឺន​នាក់ នៅ​ក្នុង​ក្រុង​ទាំង​បី​ឱ្យទទួល​បាន​សេវា​គ្រប់គ្រងទឹក លូ និងសំណល់​រឹង​ បាន​ល្អ​ប្រសើរ​ឡើង ហើយនឹង​ជួយ​ទីក្រុង​ទាំងនេះ​កាត់​បន្ថយ​ទឹកជំនន់តាម​រយៈ​ការ​ធ្វើ​ឱ្យ ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និងប្រព័ន្ធ​លូ​បង្ហូរទឹក​ក្នុង​ទីក្រុង ​។

លោកស្រី Wei Kim Swain អ្នកឯកទេស​អភិវឌ្ឍន៍​ទីក្រុង​របស់ ADB បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​កំពុង​ផ្លាស់​ទីលំនៅ​ទៅ​កាន់​ក្រុង​លំដាប់​ទី​ពីរ ប៉ុន្តែ​លទ្ធភាព​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សេវាកម្ម​ទីក្រុង រួម​ទាំង​បរិស្ថាន​មិនសូវ​ល្អ បាន​ធ្វើ​ឱ្យ​ជីវភាព​រស់ នៅ​កាន់តែ​ពិបាក និងប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ទីក្រុង ​។ លោកស្រី​ថា គម្រោង​នេះ​នឹង​ជួយ​រាជរដ្ឋា ភិបាល ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ទឹក​ស្អាត អនាម័យ និង​កាក​សំណល់ និងលើកកម្ពស់​កម្រិតជីវភាព​ជា​ពិសេស ក្នុង​ចំណោម​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប ដែល​ងាយ​រង​គ្រោះ​ផ្នែក​សុខភាព សេដ្ឋកិច្ច និងផល​ប៉ះ ពាល់​បរិស្ថាន ដោយសារ​អនាម័យ​មិនល្អ​ ។ វា​ក៏​នឹង​ជួយ​អ​ជ្ញា​ធរ​ក្រុង​ទាក់ទាញ​ការ​វិនិយោគ​វិស័យ​ឯកជន និង​បង្កើត​ការងារ​ផង​ដែរ ​។

បើ​តាម ​ADB ឱ្យ​ដឹង​ថា ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​នៅ​កម្ពុជា​បាន​កើនឡើង​ដល់ ៦ លាន​នាក់​ក្នុង​ឆ្នាំ ២០១៩ ពី ២,៦ លាន​នាក់​ក្នុង​ឆ្នាំ ២០០៨ ដែល​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​រដ្ឋបាល​ក្រុង ក្នុង​ការ​ផ្តល់​សេវាកម្ម​ ។ នៅ​ឆ្នាំ ២០១៩ ប្រមាណ ៤៧% នៃ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ទីក្រុង​នៅ​ប្រទេស​កម្ពុជា ទទួល​បានការ​ផ្គត់ផ្គង់ ទឹក​ស្អាត​តាម​លំនៅ​ដ្ឋា​ន ​។ ទឹកលូ​ដែល​មិន​បាន​សម្អាត ជា​ទូទៅ ត្រូវ​បង្ហូរ​ទៅ​ក្នុង​ទី​ចំហ តាម​រយៈ​លូ​រួម និងលូ​ទឹក​បង្កប់​តាម​ផ្លូវ ឬ ដោយ​ប្រយោល​តាម​ប្រឡាយ​ចំហ​ ។ សេវាកម្ម​សម្អាត​សំណល់​រឹង​ក៏​នៅ​មាន​កម្រិត ​។ មួយ​ភាគ​ធំ​នៃ​សំណល់​រឹង​ត្រូវ​បាន​ទុក​ចោល ចាក់​ចូល​ក្នុង​ប្រឡាយ​ចំហ ទីវាល ឬ ដុត​ចោល​ ។

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ មាន​គោលបំណង​ដោះស្រាយ បញ្ហា​ប្រឈម​ទាំងនោះ​ ។ ផែនការ​នេះ​ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ រួម​ទាំង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ ហើយ​កំណត់​ទិស​ដៅ​ជាតិ​សម្រាប់​ក្រុង​ទាំងអស់ ដើម្បី​ទទួល​បាន ទឹក​ស្អាត​ត្រឹម​ឆ្នាំ ២០២៥ និង ពង្រឹង​ការ​គ្រប់គ្រង​កាក​សំណល់​រឹង​ ។ យុទ្ធសាស្ត្រ​ភាព​ជា​ដៃគូ​ប្រចាំ​ប្រទេស​របស់ ADB សម្រាប់​កម្ពុជា​ឆ្នាំ ២០១៩-២០២៣ គាំទ្រ​ដល់ កំណើនសេដ្ឋកិច្ច​នៅ​តាម​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាងត្បូង​នៃ​មហា​អនុ​តំបន់​មេគង្គ (Greater Mekong Subregion) ដែល​រួម​មាន​ក្រុង​បា​វិត កំពត និងប៉ោយ​ប៉ែ​ត ​។ ក្រុង​បា​វិត និងប៉ោយ​ប៉ែ​ត គឺជា​ច្រកចូល​ទៅ​កាន់​ប្រទេស​វៀតណាម និងប្រទេស​ថៃ ហើយ​ទីក្រុង​កំពង់​ផែ​កំពត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​ ។

នៅ​ក្រុង​បា​វិត និងប៉ោយ​ប៉ែ​ត គម្រោង​នេះ​នឹង​គាំទ្រ​ដល់​ការ​ស្តារ​ប្រឡាយ​ដែល​មាន​ស្រាប់ និងការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​សំណល់ បណ្តាញ​លូ​បង្ហូរ​ទឹកភ្លៀង​ថ្មី និងកន្លែង​ចាក់សំរាម ​។ នៅ​ក្រុងកំពត​គម្រោង​នេះ​នឹង​ពង្រីក​បណ្តាញ​លូ​ទឹក​ស្អុយ និង គាំទ្រ​ផែនការ​សម្រាប់​រដ្ឋបាល​ខេត្ត ដើម្បី​ពង្រឹង​ការផ្តល់​សេវាកម្ម​គ្រប់គ្រាន់ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ