ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ក្នុងពេល​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍…

ភ្នំពេញ​៖ ក្នុងពេល​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ៣​ថ្ងៃ ត្រូវ​នឹង​ថ្ងៃទី​១៨-២០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងទេសចរណ៍ ប្រកាសថា នៅ​ទូទាំងប្រទេស មាន​អ្នកទេសចរ សរុប​ចំនួន ៩១០ ១៥០​នាក់ ក្នុងនោះ ភ្ញៀវ​ជាតិ មាន​ចំនួន ៨៩៩ ៨៦៩​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង ១០ ២៨១​នាក់​។ នៅ​រាជធានី​ភ្នំពេញ ទោះបីជា​ឆ្នាំនេះ មិនមាន​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប នៅមុខ​ព្រះបរមរាជវាំង តែ​​មាន​អ្នកទេសចរ ដើរលេង​ច្រើនជាងគេ រហូតដល់ ១៩៩ ៨៣៥​នាក់​។​

​កំណើន​​អ្នក​ទេស​ចរ​​នេះ ក៏​​បង្កើតជា​សំរាម​ច្រើន​ដែរ​។ តែ​នៅ​រយៈពេល ៣​ថ្ងៃនេះ គ្រាន់តែ​ភ្លឺ​ភ្លាម នៅមុខ​ព្រះបរមរាជវាំង និង​តាមផ្លូវ​ជួរ​មាត់ទន្លេ ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ខាង​ជ្រោយចង្វារ គឺមាន​ក្រុម​អ្នក​បោសសម្អាត និងឡាន​ដឹកជញ្ជូន​សំរាម ហើយ​មាន​ទាំង​ឡាន​បាញ់​ទឹក និង​បោសសម្អាត​ផ្លូវ​ឡើង​ស្អាត​ឡើងវិញ​។​

​នៅ​ជ្រោយចង្វារ តាមផ្លូវ​មាត់ទន្លេ បានដាក់​ពង្រាយ​ធុងសំរាម ១០​ម៉ែត្រ មាន​ធុងសំរាម ១ ទៅ ២ ហើយ​នៅពេល​ព្រឹកៗ មាន​ក្រុម​អ្នកប្រមូល និង​បោសសម្អាត ដោយមាន​ឡាន​ដឹកជញ្ជូន​សំរាម​ទាំងនោះ ឡើង​ស្អាត​ផ្លឹ​ង​។ ប៉ុន្តែ​នៅ​ខាង​រង្វង់​មូល​នាង​មច្ឆា ខាង​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ សំរាម​ហាក់ដូចជា​រាយប៉ាយ​បន្តិច បើទោះបី​ជាមាន​ធុងសំរាម​ច្រើន​ហើយក៏​ដោយ តែ​ធុងសំរាម​ទាំងនោះ ពោរពេញ​ដោយ​សំរាម ជាហេតុ​នាំ​ឲ្យ​មាន​អ្នក​បោះ​ចោលសំរាម​តាមផ្លូវ និង​នៅ​កន្លែង ដែល​អ្នក​ទៅ​ដើរលេង វាត​វង់​អង្គុយ​ផឹកស៊ី តាម​ចិញ្ចើមផ្លូវ និង​នៅលើ​ទីវាល​ម្តុំ​រង្វង់​មូល​នាង​មច្ឆា​។ ប៉ុន្តែ​នៅ​ព្រឹក​ម៉ោង ៨-៩ ក៏មាន​ក្រុម​អ្នក​បោសសម្អាត និង​ដឹកជញ្ជូន​សំរាម​កាកសំណល់​ទាំងនោះ យក​ចេញ​ទាំង​ឡានៗ​។​

​ចំណែក​នៅ​វាល​កោះ​ពេជ្រ មុខ​រោង​មហោស្រព នៅពេល​ព្រឹកៗ ក្នុង​រយៈពេល ៣​ថ្ងៃ នៃ​ការឈប់​សម្រាក​បុណ្យអុំទូក​នេះ មាន​អ្នក​ទៅលេង​ច្រើន ហើយក៏​វេច​ខ្ចប់​នំចំណី ម្ហូបអាហារ ភេសជ្ជៈ និង​ស្រា​បៀ ផឹកស៊ី​ទាំង​ក្រុមៗ នៅពេល​ព្រលប់ ​រហូត​ដល់​​​យប់​​។ ​ប៉ុន្តែ​​អ្នកផឹកស៊ី​មួយចំនួន​ណា​នោះ អន់​ចរិត​ ​គឺ​​ស៊ី​ផឹក​រួច ​មិន​ប្រមូល​​កាក​សំណល់ ថង់​ផ្លា​ស្ទិ​ក ប្រអប់​ជ័រ កែវ​ជ័រ និង​ដប​ទឹក​សុទ្ធ ជាដើម យកទៅ​បោះចោល​នៅ​ធុងសំរាម​នោះទេ​។ គឺ​កាកសំណល់​ជាច្រើន នៅ​រាយប៉ាយ​ពេញទី​វាល នៅ​កោះ​ពេជ្រ​នោះ​។

​យ៉ាងណាក៏ដោយ នៅ​កោះ​ពេជ្រ មិន​សូវមាន​ធុងសំរាម​ច្រើន​ទេ ហើយ​ធុងសំរាម ដែល​ដាក់ពង្រាយ​តាមផ្លូវ ​ក៏​​ពេញ​ហៀរ​​ដោយ​​សំរាម ដោយមាន​ទាំង​ថង់​ខ្មៅ​ធំៗ ​ក៏​មាន​​សំរាម​ កាកសំណល់​​ពេញៗ ដែរ​។​

​ក៏​ប៉ុន្តែ​​​​ទន្ទឹមនឹង​​បញ្ហា​​សំរាម​​ ​រាង​ធូ​រស្រាល​ជាង​​ឆ្នាំ​​​កន្លងៗ​មក ដែលមាន​ប្រារព្ធ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅមុខ​ព្រះបរមរាជវាំង គឺ​សណ្តាប់ធ្នាប់ ហាក់ដូចជា​អាជ្ញាធរ​សមត្ថកិច្ច បើកដៃ​ឲ្យ​អ្នកលក់ដូរ​ចំណីអាហារ ក្រាលកន្ទេល លើសួន​​​ស្មៅ មុខ​ព្រះបរមរាជវាំង បណ្តាល​​ឲ្យ​​បាត់​​សោ​ភណ្ឌ​​ភាព​ និង​​ខូច​ងាប់​ស្មៅ​ទាំងនោះ​ ​ថែមទៀត​។​

​មែន​​​ទែន​​ទៅ​ បើ​សិនជា​អាជ្ញាធរ​សមត្ថកិច្ច មិន​យកលុយ​ពី​អ្នកលក់ដូរ​ទាំងនោះ ក៏​អ្នកលក់ដូរ​ទាំងអស់នោះ មិនអាច​បោះទីតាំង​លក់ដូរ និង​រហូត​ហ៊ាន​ក្រាលកន្ទេល អង្គុយ​លើ​ស្មៅ និង​ដើរ​ជាន់​ស្មៅ លើ​សួនច្បារ​ឡើយ​។ នេះ​គឺជា​ការធ្វេសប្រហែស នាំ​ដល់​ការបំផ្លាញ​ទ្រព្យសម្បត្តិ​​ជាតិ​។ នៅក្រោយ​ការ​ឈប់​សម្រាក​ពិធីបុណ្យ​នេះ អាជ្ញាធរ​ខណ្ឌដូនពេញ ឬក៏​អាជ្ញាធរ​រាជធានី​ភ្នំពេញ ច្បាស់​ជា​ត្រូវ​ឡើង​គម្រោង ស្នើសុំ​លុយ​រដ្ឋ យកមក​ជួសជុល ថែទាំ ឬក៏​ត្រូវ​ដាំ​ស្មៅ​ថ្មី លើ​សួនច្បារ​មុខ​ព្រះរាជវាំង ដែល​គេ​ក្រាលកន្ទេល​អង្គុយ​លើ និង​ដើរ​​ជាន់​​ទាំង​នោះ ជាមិនខាន​។​

​អ្នក​ដើរលេង​ទៀតសោត ក៏​ហាក់ដូចជា មិន​យល់​អ្វី​សោះតែ​ម្តង​។ សុខចិត្ត​ដើរ​ជាន់​ស្មៅ លើ​សួនច្បារ ខណៈដែល​អ្នកមាន​ផ្លូវ​ក្រាល​ថ្ម​ក្រា​នី​ត នៅ​ព័ទ្ធជុំវិញ​សួនច្បារ ដែល​ដាំ​ស្មៅ​ទាំងនោះ តែ​មិន​ព្រម​ដើរ​។ ចំណែក​អ្នក​អង្គុយ​ស៊ី​នំចំណី​អាហារ និង​ផឹកស៊ី​នោះ​ទៀតសោត ក៏​មិន​កោធ​ក្រែង​អ្វី​សោះ ក៏​ចំណាយលុយ ដើម្បី​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​សួនច្បារ ដែល​ជាទី​ទាក់ទាញ នៅមុខ​ព្រះបរមរាជវាំង ដោយ​គ្មាន​គិត​អ្វី​សោះឡើយ​។​

​​តែ​ទាំងអស់នេះ ក៏​ដោយសារតែ​​អាជ្ញាធរ​​សមត្ថកិច្ច ​ជា​​អ្នក​បើក​​ដៃ ​ដោយ​​យក​លុយ​​ពី​ក្រុ​ម​អ្នកលក់ដូរ​ទាំងអស់នោះ​ដែរ​។ នៅ​ថ្ងៃ​ធម្មតា សូម្បីតែ​អ្នក​ទៅលេង​មុខ​វាំង បាច​ចំណី​ឲ្យ​ព្រាប នៅលើ​សួនច្បារ​មុខ​ព្រះបរមរាជវាំង​នោះ ក៏ត្រូវ​អាជ្ញាធរ​ខណ្ឌដូនពេញ ហាមឃាត់ ​ហើយ​​បើ​មាន​​អ្នក​​ល្មើស ​នឹង​ត្រូវ​ចាប់​ផាកពិ​ន័យ​​ថែមទៀត​ផង​។​

​ជា​សរុបទៅ ទាំង​សន្តិសុខ សុវត្ថិភាព​អ្នកដើរ​លេង​ នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យអុំទូក​ឆ្នាំនេះ ចាត់ទុកថា ល្អប្រសើរ ទោះពីជា​អំឡុងពេល ៣​ថ្ងៃនេះ មាន​អ្នក​ឆ្លង​កូ​វីដ ១២៦​នាក់ ជាសះស្បើយ ១២៤​នាក់ និង​ស្លាប់ ១៣​នាក់ ហើយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស រយៈពេល​ឈប់សម្រាក​បុណ្យអុំទូក ៣​ថ្ងៃនេះ សម្លា.ប់​​មនុស្ស ២២​នាក់ និង​របួស ៤៤​នាក់ ក៏ដោយ​។

ចំណែក​បញ្ហា​សំរាម ក៏​​ហាក់​ដូច​ជា ប្រ​ជាពលរដ្ឋ​​យើង ​​យល់​ដឹង​ច្រើន ហើយ​អាជ្ញាធរ​​សមត្ថកិច្ច​ ក៏​​ដាក់​ពង្រាយ​​ធុង​សំរាម​​ច្រើន និង​ចាត់​កម្លាំង​ការងារ បោសសម្អាត​បាន​ទាន់ពេលវេលា មិន​ឲ្យ​សំរាម​នៅ​បង្ហាញ​អ្នកទេសចរ​ដូច​ឆ្នាំមុនៗ​ឡើយ​។ តែ​ការរក្សា​សោ​ភ័​ណ្ឌ​ភាព​តាម​សួនច្បារ នៅ​មិនទាន់​ល្អ ដោយ​អាជ្ញាធរ​សមត្ថកិច្ច នៅ​​អនុញ្ញាត​​​ឲ្យ​​មាន​​អ្នក​លក់ដូរ​ក្រាល​កន្ទេល​ ​សម្រាប់​​អ្នក​ដើរ​​លេង អង្គុយ​​ទទួលទាន​​នំចំណី​អាហារ ដោយ​​មិន​​ខ្វល់​​អ្វី​​ទាល់​តែ​សោះ​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ