ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០២១ នេះ មិនបាន​​ប្រារព្ធ ​នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​​ឡើយ​។…

ភ្នំពេញ​៖ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំ​២០២១ នេះ មិនបាន​​ប្រារព្ធ ​នៅមុខ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​​ឡើយ​។ មូលហេតុ ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល ៣​ថ្ងៃនេះ គឺ​នៅ​ថ្ងៃទី​១៨-២០​វិច្ឆិកា រាជរដ្ឋាភិបាល ​អនុញ្ញាត​ឲ្យ​ឈប់សម្រាក​​ជាធម្មតា​។ តើ​ការមិន​រៀបចំ​ព្រះ​ពិធីបុណ្យ​អុំទូក ចំណេញ និង​ខាត​អ្វីខ្លះ​?

​ដោយសារតែ​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ កាលពី​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល ក៏​មិនបាន​រៀបចំ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង​ដែរ​។ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប អកអំបុក និង​សំពះ ព្រះ​ខែ ក៏ត្រូវ​បាន​ផ្អាក ៣​ឆ្នាំ​ជាប់ៗ​គ្នា គឺ​នៅ​ឆ្នាំ​២០១១ ឆ្នាំ​២០១២ និង​នៅ​ឆ្នាំ​២០១៣ ក្រោយកើតមាន​​ព្រឹត្តិការណ៍​រត់​ជាន់គ្នា លើ​ស្ពាន​កោះ​ពេជ្រ ក្នុងពិធីបុណ្យអុំទូក នៅឆ្នាំ២០១០ ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​របួស​រាប់​រយ​នាក់​។​

​ការផ្អាក​មិន​រៀបចំ​ពិធីបុណ្យ​អុំទូក​ជា​បន្តបន្ទាប់​នោះ ដោយសារ​គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ហើយ​នៅ​ឆ្នាំ​២០១២ គឺ​ការ​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ​។ ចំណែក​នៅ​ឆ្នាំ​២០១៥ ពិធីបុណ្យ​អុំទូក ក៏ត្រូវ​បាន​ផ្អាក​ម្តងទៀត ​ដោយសារ​ទឹកទន្លេ នៅ​មុខ​ព្រះបរមរាជវាំង រាក់​ពេក ដែល​ទូក មិនអាច​អុំ​​បាន​។​

​ក្នុងពេល​ឈ​ប់សម្រាក​បុណ្យអុំទូក​នេះ ប្រជាពលរដ្ឋ ពិសេស​អ្នករស់នៅ រៀនសូត្រ និង​ធ្វើការ​នៅក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​កំសាន្ត និង​ទៅកាន់​ស្រុកកំណើត​។ ការធ្វើដំណើរ​នេះ នឹងមាន​ការចំណាយ ដែល​ជួយ​ដល់​វិស័យ​ទេសចរណ៍ ដែលជាប់​​គាំង​​ដោយសារតែ​វិបត្តិ​កូ​វីដ​១៩ ចាប់តាំងពី​ឆ្នាំ​២០២០ មក​នោះ​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត ក៏​មិន​​​ចេញដំណើរ​ ទៅណា​មក​ណា​ទេ ត្បិត​ពេលនេះ កូ​វីដ​ទើបតែ​ធូរស្រាល តែ​មិនទាន់​បាត់​ទាំងស្រុង​នៅឡើយ ខណៈដែល​កូ​វីដ​ជិត ២​ឆ្នាំ​មកនេះ ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល មុខរបរ និង​ការងារ​របស់​ពួកគាត់​​។​

​​​នៅ​តំបន់​ទេសចរណ៍​សំខាន់ៗ ដូចជា នៅ​ខេត្តកំពត តំបន់​មាត់សមុទ្រ តំបន់​ធម្មជាតិ​ព្រៃភ្នំ តំបន់ភូមិភាគ​ឦសាន​ រួមទាំង​នៅ​​ខេត្តសៀមរាប ជាដើម ក៏​ជា​គោលដៅ​ទេសចរណ៍ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​យើង ធ្វើដំណើរ​កម្សាន្ត ក្នុងឱកាស​ឈប់សម្រាក​នេះ ក្រោយ​បើក​ប្រទេស​ឡើងវិញ ចាប់តាំងពី​ថ្ងៃទី​១ ខែវិច្ឆិកា​។​

​មួយវិញទៀត រាជរដ្ឋាភិបាល សម្រេច​ផ្អាក មិន​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ឆ្នាំនេះ និង​ឆ្នាំកន្លងមក ក្រៅតែពី​បារម្ភ​ពី​ការជួបជុំ​មនុស្ស​ច្រើន ដែលជា​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏​ការមិន​រៀបចំ​ពិធី​​នេះ អាច​ឲ្យ​រាជរដ្ឋាភិបាល ​សន្សំ​ថវិកាជាតិ​បាន​ច្រើន ខណៈដែល​ការចំណាយ​លើ​កូ​វីដ ២​ឆ្នាំ​មកនេះ អស់​ប្រមាណ ២០០០​លាន​ដុល្លារ​ទៅហើយនោះ​។ ដូច្នេះ ការផ្អាក​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នោះទេ តែ​ក៏បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន ចំពោះ​សង្គម និង​សេដ្ឋកិច្ចជាតិ ផងដែរ​។​

​កន្លងមក ទោះបីជា​មិនមាន​ខ្ទង់ចំណាយ​ជាក់លាក់ តែ​រាជរដ្ឋាភិបាល បាន​ចំណាយ​លើ​ការរៀបចំ​ពិធីបុណ្យ​អុំទូក អស់​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ លើ​គ្រប់ផ្នែក​​។ ក្នុង​ពិធីបុណ្យ​អុំទូក កន្លងមក ក្រៅតែពី​ចំណាយ​ថវិកាជាតិ​ហើយ​នោះ ក៏​នៅមាន​គ្រោះថ្នាក់ ជាយថាហេតុ ដូចជា លិច​ទូក បណ្តាល​ឲ្យ​មាន​អ្នកស្លាប់ កើតឡើង​សឹងតែ​រាល់​ឆ្នាំ​​។ ក្រៅពីនោះ ក៏​នៅមាន​គ្រោះថ្នាក់​ចរាចរណ៍ រួមទាំង​អំពើចោរកម្ម​ជាច្រើន​ផ្សេងទៀត​​។​

​យ៉ាងណាក៏ដោយ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ គឺជា​ប្រពៃណីជាតិ ដែល​តែងតែ​ប្រារព្ធ​ឡើង​យូរយារ​​ណាស់​មកហើយ​។ ម្យ៉ាង​បើសិនជា​រៀងរាល់ឆ្នាំ មានការ​ចាត់ចែង​រៀបចំ​ល្អ ក៏​អាច​ទាញយក​ចំណូល​ពី​ព្រះរាជ​បុណ្យ​ប្រចាំឆ្នាំ​នេះដែរ ដូចជា ទេសចរណ៍ និង​ចំណូល​ពី​ការផ្សាយពាណិជ្ជកម្ម ការតាំង​ពិ​ពណ៌ រួមទាំង​ការប្រគំ​តន្ត្រី លក់​ផលិតផល​នានា ជាដើម​។​

​ប៉ុន្តែ​ទំហំ​នៃ​ការចំណាយ គឺ​ធំ​ជាង​ចំណូល​។ ក្នុងនោះ គ្រាន់តែ​គិតពី​ការចំណាយ​លើ​ទូកង​តាម​វត្ត​និ​មួយៗ អស់​ច្រើន ពិសេស​ចំណាយ​លើ​ថ្លៃ​បាយទឹក​របស់​ចំណុះ​ទូក ក៏​ចូល​រាប់លាន​រៀល ក្នុង ១​ថ្ងៃៗ សម្រាប់​ទូកង​និ​មួយៗ ដែល​មកពី​ស្រុក តាម​បណ្តា​ខេត្ត ដើម្បី​មក​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជវាំង​។​

​​​សរុបមក ប្រពៃណី ទំនៀមទម្លាប់​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​នេះ យើង​ត្រូវតែ​រក្សា ហើយ​រៀបចំ​ធ្វើ​រៀងរាល់ឆ្នាំ ដោយ​ការប្រុងប្រយ័ត្ន ដើម្បី​ការពារ​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​យើង​ហើយ​។ តែបើ​ស្រុក​យើង មិន​ជួបប្រទះ​គ្រោះរាំងស្ងួត ឬក៏​គ្រោះទឹកជំនន់ និង​មិនមាន​មហន្តរាយ​ជំងឺឆ្លង​កូ​វីដ​១៩ ទេនោះ​ គឺ​មិនគួរ​យើង​ជួបជុំ រៀបចំពិធី សើច​សប្បាយ ដែលមានការចំណាយថវិកាជាតិដ៏ច្រើននោះឡើយ។​

​​​ក្នុង​កាលៈទេសៈ ស្រុកទេស ជួប​បញ្ហា ជាពិសេស ២​ឆ្នាំ​មកនេះ គឺ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​ក្នុងប្រទេស​យើង មាន​អ្នក​ឆ្លង​ឈឺ​ជិត ១២​ម៉ឺន​នាក់ និង​ស្លាប់​ជាង ២៨០០​នាក់​ទៅហើយ​នេះ ហើយ​រាល់ថ្ងៃ ក៏​នៅតែមាន​អ្នក​ឆ្លង​ចូល​ខ្ទង់ ៥០​នាក់ ក្នុង ១​ថ្ងៃៗ និង​ស្លាប់​ពី ៤​នាក់ ទៅ ៥​នាក់ រៀងរាល់ថ្ងៃ​ដូច្នេះ កាន់​តែ​មិនគួរ​យើង​ប្រថុយ​នឹង​គ្រោះថ្នាក់ ដើម្បី​រៀបចំ​ការជួបជុំ ដែលមាន​ហានិភ័យ ក្នុង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រួមទាំង​ការចំណាយ​ថវិកាជាតិ​ដ៏​ច្រើន​នោះទេ​។ ពេលនេះ ធ្វើយ៉ាងណា​ម្នាក់ៗ ត្រូវ​រក្សា​សុខភាពឲ្យល្អ និង​រក្សា​ជីវិត​ឲ្យ​បាន គឺ​មិន​ខ្វះ​ពេល​ជួបជុំ​សប្បាយ ក្នុង​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំក្រោយៗទៀត​​នោះទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ