ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ស្គី​ទឹកកក​កម្ពុជា​ត្រៀម​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា​នៅ​ជប៉ុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​នេះ លោក​ញៀន សុខ​វិសាល មន្ត្រី​សម្របសម្រួល​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បានឱ្យ​ដឹង​ថា កម្ពុជា​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​នេះ លោក​ញៀន សុខ​វិសាល មន្ត្រី​សម្របសម្រួល​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា​បានឱ្យ​ដឹង​ថា កម្ពុជា​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​ក្រោយ​នេះ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា ទើបតែ​បង្កើត​ឡើង​បាន​មួយ​ឆ្នាំ​ប៉ុណ្ណោះ គឺ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែកញ្ញា ឆ្នាំ​២០១៥ ដែល​មាន​លោក ម៉េ​ង ហៀ​ង ជា​ប្រធាន​សហព័ន្ធ ។ បច្ចុប្បន្ន មាន​កីឡាករ​-​កីឡាការិនី​ចំនួន​៣១​នាក់​កំពុង​ហ្វឹកហាត់ ដោយ​សហព័ន្ធ​បាន​ជ្រើសរើស​យក​ទីលាន Ice Park Cambodia នៅ​ក្នុង​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ធ្វើ​ជា​កន្លែង​ហ្វឹកហាត់ ។ លោក​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​អាស៊ី​រដូវរងា​ឆ្នាំ​ក្រោយ​នេះ គឺជា​លើក​ទី​៨​ហើយ​ដែល​នឹង​ចាប់ផ្ដើម​ធ្វើ​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៦ កុម្ភៈ នៅ​ទីក្រុង​សា​ប៉ូ​រ៉ូ ប្រទេស​ជប៉ុន ដោយ​មាន​ប្រទេស​ចំនួន​៣២​នៅ​ក្នុង​ទ្វីបអាស៊ី​ចូលរួម​ប្រកួត ។ ម្យ៉ាងវិញទៀត នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​គ្រោង​បញ្ជូន​ប្រតិភូ​កីឡា​របស់​ខ្លួន​មួយ​ចំនួន​ឱ្យទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា​មួយ​នេះ ។

គួរ​រំលឹក​ផង​ដែរ​ថា កីឡា​ស្គី​ទឹកកក​ជា​ប្រភេទ​កីឡា​ដែល​មាន​ចលនា​រហ័សរហួន ទន់ភ្លន់ ពិបាក​ហ្វឹកហាត់​បំផុត ។ សម្រាប់​បណ្ដា​ប្រទេស​ដទៃ គេ​មាន​កីឡា​នេះ​មុន​យើង​ជា​យូរ​មក​ហើយ ដូច្នេះ​ការ​ទៅ​ប្រកួត​លើក​នេះ កម្ពុជា​ប្រហែលជា​មិន​ងាយ​ដណ្ដើម​បាន​មេដាយ​ឡើយ តែ​យ៉ាង​ហោច​ណាស់ ក៏​យើង​មានឱកាស​ស្វែងរក​បទ​ពិសោធន៍​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ដែរ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា​គឺ​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ឡើង​រយៈពេល​២​ឆ្នាំ​ម្ដង ជា ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក ។ សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក៏​គ្រោង​ដាក់​បញ្ចូល​ប្រភេទ​កីឡា​មួយ​នេះ​ចូលរួម​ប្រកួត​ដែរ​។ ដូច្នេះ ចាប់ពី​ពេល​នេះ​ទៅ យើង​ទាមទារ​ឱ្យ​មានការ​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅប្រទេស​ឱ្យ​បាន​ច្រើន ៕